តាខេ

តាខេ

លោក មីស្ហែល ឫទ្ធី មានប្រសាសន៍ថា អ្នកដេញតាខេនេះ ឈ្មោះ យាយប៉ិន នៅស្រុក(ភូមិ) កំចាយចាន (ឬ កំសៃចារ? ) ខែត្រសុរិន្ទ ឈ្មោះជាផ្លូវការ ថា กำไสจาน។ លោកគ្រូ ជ័យមង្គលទំនងជាស្គាល់ ហើយអាចប្រាប់ពត៌មានបន្ថែមទៀតបាន។ នៅជំនាន់នោះ យាយប៉ិន មានឈ្មោះល្បីល្បាញណាស់ នៅខេត្តសុរិន្ទ។ គាត់ធ្លាប់បានទៅលេងតន្ត្រីនេះ នៅចំពោះមុខ ព្រះមហាក្សត្រ ហើយក៏ធ្លាប់បានសម្តែង តាមប៉ុស្តិ៍ទូរទស្សន៍ លេខ៣ និង លេខ៩ នៃប្រទេសថៃ ។ គាត់ថាមានខ្មែរក្រោម មកពីស្រុកបារាំង មកបបួលគាត់ទៅសម្តែង នៅស្រុកខ្មែរដែរ តែគាត់ថាមិនហ៊ានទៅទេ ខ្លាចមានគ្រោះថ្នាក់។


លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ ថែមទៀត ថាកាលពីសម័យដើម តៈខេឬតាខេ មានរូបរាងដូចសត្វក្រពើសុទ្ធសាធ ។ ខ្មែរយើងចូលចិត្ត ឆ្លាក់ក្បាលតាខេ ជារូបរាង ក្រពើហារមាត់មានធ្មេញ និងភ្នែក។ ប៉ុន្តែ ដល់រយៈកាល ក្រោយៗតមក កាលៈទេសៈ បានបង្ខំអោយកូនខ្មែរ បោះបង់ចោល ការច្នៃប្រឌិត ក្បាច់ចំលាក់រូបភាពផ្សេង ៗ នៅលើឧបករណ៍ប្រើប្រាស់ហើយក៏បានធ្វើឧបករណ៍ ជាតាខេធម្មតាៗ ដូចយើងបានឃើញ សព្វថ្ងៃនេះ។ ពេលនោះលោក មីស្ហែល ឫទ្ធី ពុំបានចាប់អារម្មណ៍ នឹងគ្រឿងភ្លេងបុរាណ ប៉ុន្មានទេ ព្រោះលោកទៅស្រុកថៃ ដើម្បីរៀនអាន សាស្ត្រាស្លឹករឹតខ្មែរ នៅឈៀងហ្មៃ ហើយចង់ធ្វើ ការស្រាវជ្រាវ អំពី ចម្រៀងបរ៉ឺន (ប្រឺន) របស់ខ្មែរសុរិន្ទទើបមិនសូវបានសាកសួរយាយប៉ិន ប៉ុន្មានអំពីប្រវត្តិតាខេ។ លោកមានប្រសាសន៍ថាមានខ្មែរសុរិន្ទម្នាក់ បាននាំលោកទៅជួបយាយប៉ិន បាននិយាយគ្នាក្រោមផ្ទះ ៤-១០ នាទី សួរពីចម្រៀងប្រឺន តែយាយប៉ិនប្រាប់ថា នៅក្នុងភូមិរបស់គាត់នោះមិនមាននរណា ច្រៀងប្រឺនទេ មានតែកន្ទ្រឹម។ បន្ទាប់មក គេក៏នាំគ្នាឡើងទៅលើផ្ទះ ដើម្បីស្តាប់យាយប៉ិន លេងតេខេ ១ ភ្លែត។ នៅមុនពេលចាប់ផ្តើម ដេញតាខេឲ្យញាតិស្តាប់លេង យាយប៉ិនបានអុជធូប ដោតនៅលើក្បានតាខេនោះ ជាមុនសិន ។
បែរមកអត្ថន័យ ពាក្យថា តាខេ នេះវិញម្តង។ តាខេ មានន័យថា ក្រពើ ព្រោះតាមពាក្យសៀមថា จระเข้ (ចរះខេ้) អានថា /ច-រ៉ៈ-ខេ/ ភាសានិយាយថា ตะเข้ (តះខេ้) /តៈ-ខេ/ ។ ឯគ្រឿងភ្លេង ហៅ จะเข้ (ចះខេ้) អានថា /ចៈ-ខេ/ តាមវចនានុក្រមសៀម ចៈខេ ក៏សំដៅទៅលើសត្វក្រពើដែរ តែជាពាក្យបុរាណ ។ គ្រូភាសាសៀមមួយរូប មានប្រសាសន៍ថា តាខេ ទំនងជាពាក្យមន–ខ្មែរ ឬ ពាក្យខ្ចីពី ភាសាមន ព្រោះជាពាក្យដែលមាន ២ ឬ ៣ ព្យាង្គ តែពាក្យសៀមសុទ្ធសាធ មានតែមួយព្យាង្គ ។ ប៉ុន្តែ គួរអោយឆ្ងល់ដែរ ព្រោះមនហៅ ក្រពើ ថា ကျာံ (ក្យាំ) ម៉្លោះហើយ លោកមីសែល ក៏ផ្ញើអ៊ីមែល ទៅសួរ លោក ម៉ាធីយ៉ាស យ៉េន្នី (ជាជនជាតិស្វ៊ិស) ដែលបង្រៀនភាសាមន (ភាសាសៀម និងភូមា ក៏ចេះស្ទាត់ដូចគ្នា) ។ 
 
លោកបានឆ្លើយតបវិញថា ជនជាតិមន ប្រើពាក្យថា ក្យាំ សម្រាប់ហៅទាំងសត្វក្រពើ ហើយគ្រឿងខ្សែតាខេនោះ ក៏មានរូបសណ្ឋាន ដូចជាសត្វក្រពើដែរ ដូច្នេះ លោកប្រាប់ថា យើងត្រូវពិនិត្យរកមើលពាក្យ ដែលមានន័យថា ក្រពើ ក្នុងអម្បូរភាសាថៃវិញ ។ ភាសាលាវ និងភាសាថៃធំ (ថៃយ៉ៃ) ហៅសត្វក្រពើ ថា ແຂ້ (េេខ้) អានថា /ខែ/ គឺជាពាក្យមួយព្យាង្គ។ ម្យ៉ាងទៀត ស្រៈក៏ខុសពីពាក្យនេះ ក្នុងភាសាសៀមដែរ។ លោកក៏មានយោបល់បន្ថែមថា សៀមបានផ្លាស់ស្រៈ ដើម្បីតមពាក្យ មិនអោយប្រើពាក្យសាហាវ ព្រោះក្រពើជាសត្វសាហាវ ។ ចំណែកព្យាង្គទី ១ ពោលគឺ ចៈ ឬ តៈ (តាមគំនិតរបស់លោក ម៉ាធីយ៉ាស យ៉េន្នី វិញ) ចៈ ក្លាយមកពី ចៅ ឬ ចាវ មានន័យថា « អម្ចាស់, លោក » (ជាពាក្យគោរព ហៅសត្វធំ និងសាហាវ) ហើយ តៈ អាចក្លាយមកពីពាក្យ « តួ » មានន័យថា ខ្លួន ដែលជាលក្ខណនាម សម្រាប់សំដៅទៅលើសត្វធំៗ (សំខ្យានុគ្រោះ ឬ ពាក្យរនាប់ ដូចខ្មែរយើង និយាយថា គោ ១ ក្បាល ជាដើម) ពោលគឺ គេបានយកពាក្យ តួ មកដាក់មុនឈ្មោះសត្វធំៗ ទាំងនោះ រួមទាំងក្រពើផង មានសេចក្តីថា ចៈខេ ឬ តៈខេ គឺជា សមាសនាម ។ ឯពាក្យ ចរៈខេ តាមមតិរបស់លោក ម៉ាធីយ៉ាស យ៉េន្នី គឺជា ឥទ្ធិពលរបស់ភាសាខ្មែរ ព្រោះភាសាខ្មែរសម្បូរពាក្យ ដែលចាប់ផ្តើមនឹងក្រុមព្យញ្ជនៈ ច្រ ។

រូបតាខេ ខាងក្រោម​នេះ ថតដោយ លោក មីស្ហែល ឫទ្ធី ថ្ងៃ២កញ្ញា ១៩៩២
___________
Keo Chanbo







 


EmoticonEmoticon