ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត

ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត

តាមឯកសារប្រវត្តិសាស្ត្រជនជាតិថៃស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ (Mon-Khmer)។ ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួន ពីនគរណានចៅ (Nan Chao) ស្រុក​ចិន ខាងត្បូងមកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយ​ជា​ទឹកដី​របស់​ខ្មែរ ។



 
នៅក្នុងការភៀសខ្លួន​នេះ មេទ័ពថៃដ៏ខ្លាំងពូកែជាច្រើននាក់ដែល​ចាញ់​សង្គ្រាមដោយការវាយលុកពី សំណាក់កងទ័ពរបស់គូលីបាយ ខាន់ ត្រូវបង្ខំ​ចិត្តចាកចេញពីស្រុកចិនខាងត្បូង ហើយក៏ជ្រក​កោន​ក្នុងទឹកដី​ខ្មែរ ។ ជនភៀសខ្លួនទាំងនោះ ក្នុងដំណាក់កាលដំបូង​បានស្ថិតនៅ​ក្រោម​ការត្រួតត្រារបស់ព្រះបាទ សុរិយាវរ្ម័នទី ២ ដែលជាម្ចាស់ផែនដី និងជាស្ថាបនិកប្រាសាទអង្គរវត្តដ៏ធំមហិមា ។
នៅក្នុងការរស់នៅជាជនភៀសខ្លួននោះ ជនជាតិថៃស្ថិតនៅ​ក្នុងស្ថាន​ភាព​ទាបជាងជនជាតិខ្មែរដែលជាម្ចាស់ទឹកដី ហើយត្រូវរស់​នៅដោយ​ការ​ស៊ីឈ្នួលឲ្យម្ចាស់ទឹកដី ។ ហេតុនេះហើយ​បានជាគេឃើញចម្លាក់​ជា​ប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត មេទ័ពសៀមស៊ីឈ្នួលក្នុងជួរទ័ពខ្មែរ ដែលពេលឆ្លាក់ចំឡាក់នោះ ជនជាតិសៀមមិនទាន់មាន​ប្រទេសនៅ​ឡើយ​ទេ និងក៏ពុំទាន់មានអក្សររបស់ខ្លួនដែរ ពោលគឺមុនបង្កើត​រដ្ឋ​នៅ​សុខោទ័យ និងការសាងសង់អយុធ្យានៅ ១៣៥០ នៃគ្រិស្តសករាជ។
ត្រង់ចំណុចនេះហើយ ដែលសឲ្យឃើញចំណាស់​នៃខឿន​វប្បធម៌​ជន​ជាតិ​ខ្មែរជាជនជាតិខ្លាំងពូកែ ក្នុងពេលដែល​ជនជាតិសៀម​ជាទាហាន​ស៊ី​ឈ្នួលនៅឡើយ ។ នៅក្នុងចំណោមជនជាតិថៃទាំងនោះ គេឃើញ​មាន​ចំនួនស្ត្រីភេទតិចជាងបុរស ។
ក៏ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថភាពនិងទេពកោសល្យ​នៃមេដឹកនាំថៃ​នៅ​សុខោទ័យ ដែលមានឥទ្ធិពលខ្លាំងពូកែជាងកុលសម្ព័ន្ធថៃដទៃទៀត ដូចជានៅអយុធ្យា សុផានាបុរី ជាដើម បានធ្វើឲ្យជនជាតិថៃ​បន្តិច​ម្តងៗ​ក្លាយទៅជាមហាអំណាច ហើយរហូតត្រួតត្រាខ្មែរវិញបានទៀត ។ ឧទាហរណ៍ជាក់ស្តែងនេះ គឺនៅឆ្នាំ ១៣៨៩ កងទ័ពថៃបានវាយ​លុក​ព្រះរាជធានីអង្គរវត្ត គឺអង្គរធំដោយជោគជ័យហើយចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើជាឈ្លើយសឹកចំនួន ជិតមួយសែននាក់ នាំទៅទីក្រុងអយុធ្យា ដែល​ជាទីក្រុងខ្មែរដែរ តែត្រូវថៃដណ្តើមបាននៅឆ្នាំ ១៣៥០ នៃគ្រិស្ត​សករាជ ដោយព្រះបាទអ៊ូថង ជាមហាក្សត្រថៃជំនាន់នោះ ។ ទន្ទឹមនឹង​នេះ ទ័ពថៃក៏បានដឹកជញ្ជូនព្រះពុទ្ធបដិមាធ្វើអំពីមាស ប្រាក់ សំរឹទ្ធ កែវ​កង ក្បួនខ្នាត ទ្រព្យសម្បត្តិខ្មែរជាជ័យភណ្ឌផងដែរ ។ ទំព័រប្រវត្តិសាស្ត្រ​បាន​ឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយ​រូបឈ្មោះ​ស្រី​ជន្ទ្រា​អាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំ​របស់​ព្រះបាទ​សុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ ។
អំឡុងពេលដែលជនជាតិថៃស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យ ខ្មែរនោះ គេបានឆ្លាក់រូបមេទ័ពនិងទ័ពថៃជាច្រើននៅ​លើជញ្ជាំង​ប្រាសាទ​អង្គរវត្ត ដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់​នូវប្រវត្តិ​សាស្ត្រ​នេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជា​បានដាស់​សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់​មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ ។
រូបចម្លាក់ទ័ពសៀមឬថៃ បានបង្ហាញឲ្យយើងឃើញ​នូវឥទ្ធិពល​របស់​ព្រះមហាក្សត្រខ្មែរបុរាណ មិនត្រឹមតែបាន​សង់ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយ​មានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀន កម្ពុជាផង ។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿង​ថ្កុំ​ថ្កើង​បាន គឺដោយសារតែពលិកម្មនិងការតស៊ូ ។
ស្នាដៃជាច្រើន​របស់​​ព្រះមហាក្សត្រ​ខ្មែរមានទ្រង់ទ្រាយជា​ការបង្កើត​លោក តាមទេវកថា ព្រហ្មញ្ញសាសនា ដូចជាការកូរសមុទ្រ​ទឹកដោះ​ឆ្លាក់​លើប្រាសាទថ្មជាដើម ដើម្បីស្វែងរកនូវទឹកអមតៈ ឬ ទឹកអម្រិត ប្រភព​នៃ​សុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងព្រះរាជនគរទាំងមូល ។ តាម​ទស្សនៈ​នេះហើយ ដែលព្រះបាទសុរិយាវរ្ម័នទី២ បានបញ្ជាឲ្យ​គេឆ្លាក់​នូវ​រឿងកូរសមុទ្រទឹកដោះ ឬក៏ក្បួនទ័ពសៀមនិងខ្មែរ ដែលមកពីបណ្តា​ខេត្ត​នានានៅលើប្រាសាទរបស់ព្រះអង្គដែលជាម្ចាស់ដែនដី ៕
-------------------


EmoticonEmoticon