ជនជាតិថៃពុំបានទទួលវប្បធម៌សំស្ក្រឹតទេ

ជនជាតិថៃពុំបានទទួលវប្បធម៌សំស្ក្រឹតទេ
ទោះបីជាវប្បធម៌អារ្យធម៌ថៃ បានឈានដល់កម្រិតមួយគួរ​ជា​ទី​មោទនៈ​ក៏ដោយ ប៉ុន្តែនោះមិនមែនជាលទ្ធផលដែលកើតចេញពីវប្បធម៌​សំស្ក្រឹត​ដោយផ្ទាល់ទេ វាគ្រាន់តែដកស្រង់ចេញពីខ្មែរហើយបូកផ្សំនឹងទេព​កោសល្យរបស់ជនជាតិថៃប៉ុណ្ណោះ។


មូលហេតុដែលនាំឲ្យហ៊ាននិយាយដូចច្នេះ គឺសំអាងទៅលើកត្តាពីរ​ដែល​បានបញ្ជាក់នៅក្នុងឯកសារប្រជុំសិលាចារឹកស្តីពីប្រទេសសៀមរបស់លោក​ហ្សកសឺដេស ខ្សែទី១ ទំព័រទី៤៤ ដែលបានបញ្ជាក់ថា វត្តមាន​របស់​ជនជាតិថៃ នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិន ជាព្រឹត្តិការណ៍​ថ្មីថ្មោង​បំផុត គឺនៅក្រោយដំណើរការឥណ្ឌូរូបនីយកម្មដែលបានចាប់ផ្តើម​នៅ​ស.វទី១នៃគ.ស ហើយឥណ្ឌូរូបនីយកម្មនេះ បានកន្លងផុតទៅជិត ១៣ សតវត្សរ៍មកហើយ។
កត្តាទី២ កុលសម្ព័ន្ធថៃដែលកំពុងស្ថាបនាព្រះរាជាណាចក្ររបស់ខ្លួន​នៅ​លើអាណាខេត្តនានារបស់ខ្មែរ ដូចជាសុខោទ័យ អយុធ្យា លពបុរី ៘ ក៏ត្រូវស្ថិតក្នុងស្ថានភាពអ្វីៗប្រឆាំងនឹងខ្មែរដែរ។
ដូចនេះនៅក្នុងគោលបំណងសំខាន់នេះ អ្នកដឹកនាំថៃបានខ្ចី​ព្រះពុទ្ធ​សាសនាថេរវាទពីខ្មែរធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសរបស់គេ។ ទន្ទឹម​នឹងនេះក្សត្រថៃក៏បានបញ្ជូនប្រតិភូរបស់ខ្លួនទៅចម្លងគម្ពីរធម៌ពីប្រទេសស្រីលង្កាផងដែរ។
យោងតាមឯកសាររបស់លោក ហ្សកសឺដេស ជនជាតិបារាំង​ក៏បាន​ឆ្លុះ​បញ្ចាំងឲ្យគេឃើញយ៉ាងច្បាស់ថែមទៀតតាមរយៈសិលាចារឹក ដែលចារ​ឡើងដោយព្រះបាទរាមកំហែងនៅសុខោទ័យ នាឆ្នាំ ១២៩២នៃគ.ស ឬ​នៅសតវត្សរ៍ទី១៣នៃគ.ស ដោយមានខ្លឹមសារដូចខាងក្រោមនេះ ’ឪពុក​ខ្ញុំឈ្មោះ ស្រីឥន្ទ្រាទិត្យ ម្តាយខ្ញុំឈ្មោះ នាងសួង បងប្រុសខ្ញុំឈ្មោះ បាងមឿង។
“យើងខ្ញុំទាំងអស់ជាកូន មានចំនួន៥នាក់ កើតចេញពីពោះតែម្តង គឺ​ប្រុស​បី ស្រី២ កូនទី១ត្រូវជាបងបង្អស់បានស្លាប់តាំងពីតូច។ នៅពេល​ខ្ញុំធំដឹងក្តីឡើង អាយុបាន១៩ឆ្នាំ ស្រាប់តែឃុនសាមឆន់ មេមឿងឆូក បាននាំទ័ពមកវាយមឿងតាក។ ឪពុកខ្ញុំក៏បាន​ចេញទៅ​ទប់ទល់​នឹងគេ​ពីទិសខាងឆ្វេង។ ដោយសារកងទ័ពរបស់ឃុនសាមឆន់ ដែលមក​ពី​ទិស​ខាងស្តាំមានចំនួនដ៏ច្រើនលើសលប់ ទ័ពរបស់ឪពុកខ្ញុំ ហើយក៏បាន​ប្រយុទ្ធ​ជាមួយឃុនសាមឆន់នៅលើខ្នងដំរី។ (ខ្ញុំបានវាយលុក​ដំរី​របស់​គាត់​ដែលមានឈ្មោះថា មាសមឿង ដោយបាន​ទទួលជោគជ័យ​លើ​ ឃុនសាមឆន់)។ ដូច្នេះឪពុកខ្ញុំក៏បានតាំងឈ្មោះខ្ញុំថា ព្រះរាមកំហែង ពីព្រោះ​ខ្ញុំបានច្បាំងឈ្នះដំរីរបស់របស់ឃុនសាមឆន់។ នៅពេល​ដែល​ឪពុក​ខ្ញុំនៅរស់ ខ្ញុំបានបម្រើគាត់និងម្តាយខ្ញុំបានយ៉ាងល្អ។ នៅពេល​ខ្ញុំ​ចាប់បានសត្វព្រៃ ឬត្រីខ្ញុំតែងតែយកទៅជូនឪពុកខ្ញុំ ទោះផ្លែឈើជូរក្តី ផ្អែមក្តីក៏ខ្ញុំយកទៅជូនគាត់ជានិច្ច។ ហើយនៅពេល​ដែលខ្ញុំ​ទៅវាយ​ភូមិ​ស្រុក ឬទីក្រុងណាមួយ ខ្ញុំរមែងតែប្រមូលដំរី, ប្រុស, ស្រី ប្រាក់ មាស ដើម្បីយកជូនឪពុកខ្ញុំទាំងអស់។ ក្រោយពេលឪពុកខ្ញុំស្លាប់ ខ្ញុំនៅសល់​តែបងប្រុស តែខ្ញុំនៅតែបម្រើគាត់ដូចបានបម្រើឪពុកខ្ញុំដែរ។ នៅពេល​បង​ប្រុសខ្ញុំស្លាប់ទៀត ព្រះរាជនគរ​ទាំងមូលក៏​បានធ្លាក់មក​លើខ្ញុំ​ទាំង​អស់។
តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ ថ្វីត្បិតតែពុំបានសរសេរដោយ​ពាក្យ​កាព្យឃ្លោងតាមក្រឹត្យក្រមនៃកាព្យសំស្ក្រឹតក៏ដោយ ក៏អាចឲ្យគេ​ដឹងថា កតញ្ញូធម៌និងស្វាមីភក្តិរបស់ព្រះមហាក្សត្រថៃ ព្រះរាមកំហែង​ចំពោះបិតាមាតា មានកម្រិតខ្ពស់បំផុត។ ក៏ប៉ុន្តែបើយើងធ្វើ​ការប្រៀប​ធៀប​អត្ថបទនេះជាមួយខ្លឹមសារអត្ថបទរបស់ព្រះបាទសុរិយាវរ្ម័នទី១ ក៏អាចឲ្យយើងឃើញនូវភាពស្រដៀងគ្នា ស្តីពីភក្តីភាព​គ្មានព្រំដែន​របស់​នាម៉ឺនសព្វមុខមន្ត្រីខ្មែរ ចំពោះជាតិនិងព្រះមហាក្សត្រជំនាន់នោះ។
គួរបញ្ជាក់ថា ពាក្យកំហែងគឺជាពាក្យខ្មែរបុរាណសំដៅមេទ័ពហនុមាន នៅក្នុងរឿងរាមកេរ្តិ៍ដែលអង់អាចក្លាហានកប់កំពូល។ តាមការពិនិត្យ​នឹង​ស្រាវជ្រាវស្តីពីតួអក្សររបស់ព្រះបាទរាមកំហែង ដែលចារ​ឡើង​ដោយ​ផ្ទាល់ដៃនេះ បានវិភាគថា អក្សរថៃនេះត្រូវបានបង្កើតឡើងតាមអក្សរខ្មែរ មិនខុសគ្នាពីតួអក្សរខ្មែរ ដែលកាលពីសម័យ​នោះចម្លង​តាម​ប្រទេស​ឥណ្ឌា ប៉ុន្តែតួអក្សរថៃដែលយកតាមតួអក្សរខ្មែរ ក្នុងសម័យ​ប្រវត្តិ​សាស្ត្រ​ដំបូងរបស់ខ្លួននោះ គឺមិនមានសក់ និងជើងត្រួតលើគ្នា ដូចតួអក្សរខ្មែរ​ឡើយ ទាំងនេះគឺដោយសារទេពកោសល្យរបស់ជនជាតិថៃ។ កត្តាដែល​នាំឲ្យថៃបង្កើតអ្វីឲ្យខុសពីខ្មែរ ដោយសារតែគេ​មានគំនិត​ប្រឆាំងនឹង​អ្វី​ដែលជាកម្មសិទ្ធិរបស់ខ្មែរ។
ម្យ៉ាងវិញ​ទៀត អាចនិយាយបានថា ជាការធម្មតាទេ អ្នកកាន់អំណាចថៃ គេចង់រំដោះខ្លួនចេញពីខឿនវប្បធម៌ម្ចាស់ស្រុក។ ដូច្នោះហើយ​បានជា​ក្នុង​វិស័យស្ថាបត្យកម្មសិល្បៈ គេសង្កេតឃើញ​ដែរនូវលក្ខណៈ​ខុស​ស្រឡះ​​ពីគ្នា រវាងព្រះភ័ក្ត្រនៃព្រះពុទ្ធបដិមាថៃ និងខ្មែរ។ នេះគឺជា​ចំណុច​ចាប់ផ្តើមនៅខេត្តសុខោទ័យ អតីតខេត្តខ្មែរនាសម័យអង្គរ៕
---------------------------------------


EmoticonEmoticon