​ប្រាសាទតាមាន់ធំ​

ចំណាស់​ពិតប្រាកដ​នៃ​ប្រាសាទតាមាន់ធំ​

​នៅពេលដែល​គេ​និយាយ​ដល់​ប្រាសាទតាមាន់ធំ សំនួរ​មួយ​ដែល​គេ​តែងតែ​ចោទ គឺ​អាយុកាល​នៃ​បូជនីយដ្ឋាន​នេះ​។ ថ្វីត្បិតតែ​បញ្ហា​នេះ​មិនមែនជា​បញ្ហាសំខាន់​ណាស់ណា​ទេ​សម្រាប់​មនុស្ស​សាមញ្ញ ព្រោះ​គេ​ដឹងថា ប្រាសាទ​នេះ​ស្ថិតក្នុង​សម័យអង្គរ​។ តែ​ជាការ​ចាំបាច់ ដើម្បី​អ្នកស្រាវជ្រាវ ឬ​អ្នកនិពន្ធ​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិ​របស់​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ខាងលើនេះ​។​
​ ​ចម្ងល់ ឬក៏​ចម្លើយ និង​សំនួរ​ខាងលើ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយស្រួល បើ​គេ​សំអាង​លើ​ខ្លឹមសារ​នៃ​សិលាចារឹក​មួយ​ផ្ទាំង ដែល​សព្វថ្ងៃ​កាន់កាប់​ដោយ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​។ ពីមុន​សិលាចារឹក​នេះ ស្ថិតក្នុង​បរិវេណ​សាលារៀន​ភូមិ​រោង​ខ្នា ឃុំ​តា​មាន់ ស្រុក​កាប់​ជើង ខេត្ត​សុ​រិ​ន្ទ្រ​។​
​ ​ចំពោះ​សិលាចារឹក​នេះ ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត និង​ខ្មែរ ត្រូវបាន​ចុះ​លេខ​រៀង Ka 361 ហើយ​។ ចារ​នៅ​ឆ្នាំ ៩៤២ សក ត្រូវ​នឹង​ឆ្នាំ ១០៦០ នៃ​គ​.​ស ចារឹក​នេះ​មាន​ចារ​តួអក្សរ​ទាំង​៣​ជ្រុង​។ នៅ​ជ្រុង​ទីមួយ​មាន ១៩ បន្ទាត់ ជ្រុង​ទី​២ មាន​១៩ បន្ទាត់ និង​ជ្រុង​ទី​៣ មាន ២​បន្ទាត់​។ រីឯ​ប្រភេទ​សិលាចារឹក គឺជា​ថ្មភក់ ដោយមាន​លក្ខណៈ​រាង​ជា​បន្ទះ​សីមា​។ កន្លែង​ដែល​គេ​បាន​រកឃើញ​ផ្ទាំងសិលា​ចារឹក​នេះ គឺ​នៅមុខ​ប្រាសាទ​តែម្តង​។ កំពស់​នៃ​សិលាចារឹក​នេះ គឺ ៥០ ស​.​ម ទទឹង ២៩,៥ ស​.​ម និង​កម្រាស់ ៧ ស​.​ម​។​
​ ​ជាទី​បញ្ចប់ សូមបញ្ជាក់​ផងដែរ​ថា ថ្វីត្បិតតែ​ប្រាសាទតាមាន់ធំ​ត្រូវបាន​កសាងឡើង​នៅ​ស​.​វ​ទី​១១ ក្តី ក៏ប៉ុន្តែ​មិនមែន​មានន័យថា ទីតាំង​នេះ​ទើបតែ​ត្រូវបាន​ជ្រើសរើស​នៅក្នុង​សម័យកាល​នោះទេ​។ យោងតាម​ការស្រាវជ្រាវ​របស់​យើងៗ​អាច​កត់សម្គាល់ថា ទីតាំង​នេះ​ត្រូវបាន​ប្រជានុរាស្ត្រ​ខ្មែរ ដែលជា​អ្នកស្រុក​ក្នុង​តំបន់​គោរពបូជា​តាំងតែ​សម័យ​បុ​រេ​អង្គរ​ម្ល៉េះ​។ ពោលគឺ​នៅ​ដើម​សម័យ​ចេនឡា​ម្ល៉េះ នៅ​ចុង​ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧ ជាពិសេស​ក្នុង​សម័យកាល​របស់​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា​។ ​
​ សូមបញ្ជាក់​នៅត្រង់​នេះ​ថា លក្ខណៈ​ពិសិដ្ឋ​នៃ​ទីតាំង​ដ៏​អស្ចារ្យ​នេះ ក៏​ដោយសារតែ​វត្តមាន​របស់​ថ្ម​ធម្មជាតិ​មួយ​ដែលមាន​លក្ខណៈ​សើម​ជានិច្ច បណ្តាលមកពី​ចរន្តទឹក​ដែល​ផុស​ចេញពី​បាត​ភ្នំ​។ គឺ​ថ្ម​ធម្មជាតិ​នេះហើយ ដែល​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ព្រះ​សិវលិង្គ ឬ​លិង្គព្រះឥសូរ​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​ក្នុង​សម័យកាល​បុរាណ​។ គឺ​ប្រការ​នេះហើយ ដែល​ថ្ម​លិង្គ​ស្វ័យ​ជម្ពូ​វ បាន​ក្លាយទៅជា​ចំណុចកណ្តាល ឬ​បេះដូង​នៃ​ប្រាសាទតាមាន់ធំ ដោយហេតុថា មានការ​សាងសង់​ប្រាង្គ​ប្រធាន​ហ៊ុំព័ទ្ធ​ពីលើ ព្រមទាំង​សំណង់​ឧបសម្ព័ន្ធ​នានា​នៅ​ជុំវិញ​។ គឺ​ក្នុង​បរិបទ​នេះហើយ ទីតាំង​នៃ​ប្រាសាទ​កាន់តែ​ស័ក្តិសិទ្ធិ​ឡើង​មួយ​ជា​ទ្វេ​រដង​៕ 
(​ម​.​ត្រា​ណេ​)


EmoticonEmoticon