គំនូរ​ពណ៌​នៅ​ប្រាសាទនាងខ្មៅខេត្តតាកែវ​ជា​ប្រាសាទ​ឥដ្ឋ

គំនូរ​ពណ៌​នៅ​ប្រាសាទនាងខ្មៅខេត្តតាកែវ​ជា​ប្រាសាទ​ឥដ្ឋ 
ប្រាសាទនាងខ្មៅ​ក៏ដូចជា​ប្រាសាទ​មួយចំនួន​តូច​ឯទៀត​ដែរ ដែល​ត្រូវបាន​សាងសង់ឡើង​នា​ស​.​វ​ទី​១០ ដែល​នៅ​ញ្ជាំ​ង​ខាងក្នុង​មាន​លំអ​ដោយ​គំនូរ​ពណ៌​ពាក់ព័ន្ធ​ទៅនឹង​ទេវ​កថា​វិទ្យា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​ ​ការស្រាវជ្រាវ​ខាង​ប្រាង្គ​ប្រាសាទខ្មែរ​ដោយ​សាលា​បារាំង​ចុង​បូព៌ា នៅ​ខែកញ្ញា ឆ្នាំ ១៩៤០ បាន​ឲ្យ​ដឹងថា ផ្នែក​ខាង​ក្នុងនៃ​ប្រាសាទ​នេះ មាន​គំនូរ​ពណ៌​ជាច្រើន​ផ្ទាំង ជាពិសេស​ប្រាសាទ​ខាងត្បូង​។ ស្នាដៃឯក​ទាំងនោះ ត្រូវបាន​ខូចខាត​យ៉ាងដំណំ នៅ​ឆ្នាំ​១៩៤០ ដោយ​គ្រាន់តែ​បាន​បន្សល់ទុក​នូវ​គំនូរ​រូបភាព​ត្រឹម​៣​ផ្ទាំង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ជា​អកុសល ដោយ​មិន​បានទទួល​នូវ​ការអភិរក្ស​សមស្រប​ទាន់ពេលវេលា សព្វថ្ងៃ​មរតក​វប្បធម៌​ទាំងនោះ​ត្រូវ​រលុប​បាត់​បង់អស់​ទៅហើយ​។​
​ ​ដូច្នេះ នៅទីនេះ យើង​មាន​ភារកិច្ច​រំលឹក​គំនូរ​បុរាណ​នេះ​ឡើងវិញ ដោយ​ភ្ជាប់​នូវ​រូបភាព​ឯកសារ​ជា​ភស្តុតាង​ជាមួយ ដើម្បី​ឲ្យ​មតិ​មហាជន​ជ្រាប​ដឹង​អំពី​មរតក​វប្បធម៌​បុរាណ​ដែល​បាន​បាត់បង់​ទៅ​។ ព្រោះថា កម្រ​ណាស់​ដែលមាន​មនុស្ស​ជំនាន់​នេះ​ដឹងឮ​អំពី​មរតក​វប្បធម៌​ខ្មែរ​នា​ដើម​សម័យអង្គរ​ដែលមាន​អាយុប្រមាណ​ជា ១០០០​ឆ្នាំ​មកហើយ​។ 
​ ​ទន្ទឹមនឹងនេះ យើង​ក៏​ចង់​ជម្រាប​ថា ផ្នែក​ក្នុងនៃ​ប្រាសាទខ្មែរ​មួយចំនួន ជាពិសេស​នៅលើ​ជញ្ជាំង​ក៏មាន​ការតុបតែង​លំអរ​ដោយ​គំនូរ និង​ក្បាច់ក្បូរ​ផងដែរ​។ ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​ហាមឃាត់​យើង​មិន​ឲ្យ​បញ្ចូល​គំនូរ​បុរាណ​ទាំងនោះ​ក្នុង​សមាសធាតុ​តុបតែង​លំអរ​ប្រាង្គ​ប្រាសាទខ្មែរ នា​សម័យអង្គរ​ដែរ​។ ហេតុដែល​យើង​លើក​បញ្ហា​នេះ​ឡើង ក៏​ដោយសារតែ​គេ​ច្រើនតែ​មើលរំលង​នូវ​កេរ្តិ៍ដំណែល​ដ៏​ថ្លៃថ្លា​នេះ​។​
​ ​ជាទី​បញ្ចប់ សូមជម្រាបថា តាមរយៈ​រូបភាព​ទាំងនោះ យើង​ឃើញថា ប្រាសាទនាងខ្មៅ​ត្រូវបាន​សាងសង់ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រហ្ម​សាសនា វិស្ណុ​និកាយ​។ ម្លោះ​ហើយ គំនូរ​ទាំងនោះ​សុទ្ធ
សឹងតែ​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​របស់​ព្រះ​វិស្ណុ​ទាំងអស់​៕ 
ត្រា​ណេ


EmoticonEmoticon