ប្រាសាទ​ចោម​ព្រះ នៅ​ខេត្ត​សុ​រិ​ន្ទ្រ​

ប្រាសាទ​ចោម​ព្រះ នៅ​ខេត្ត​សុ​រិ​ន្ទ្រ​
​ជា​អ​រោ​គ្យ​សាលា (ឬ​មន្ទីរពេទ្យ​)របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រាសាទ​ចោម​ព្រះ​ក៏​ដូច​ប្រាសាទ​ដទៃទៀត​ក្នុងសម័យ​នោះដែរ ត្រូវបាន​សាងសង់ឡើង​អំពី​ថ្មបាយក្រៀម លើកលែងតែ​គ្រឿង​តុបតែង​មួយ​ចំ​នួន ដូចជា​ក្លោងទ្វារ​, ទម្រ​ពុទ្ធបដិមា​ជាដើម ដែល​ធ្វើ​អំពី​ថ្មភក់​។ ប្រភព​សិលាចារឹក​បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​នេះ​ស្ថិតក្រោម​ការ​បីបាច់​ថែរក្សា​របស់​ព្រះ​ពោធិសត្វ​មហាយាន​មួយអង្គ​ព្រះនាម​ថា ភ្សៃ​ជ្យ​គុរុ ដែលជា​គ្រូពេទ្យ​ឯក​ប្រកបដោយ​ព្រះករុណា​ធម៌ មេត្តា ក្នុងការ​សង្គ្រោះ​ព្យាបាល​ជម្ងឺ​។​
​ ​ជា​ប្រាង្គ​ទោល ដែល​ស្ថិតក្នុង​កំពែង​ថ្មបាយក្រៀម ដែលមាន​រាង ៤​ជ្រុង​ទ្រវែង ប្រាសាទ​របស់​យើង​បែរមុខ​ទៅ​ទិសខាងកើត ហើយ​មាន​គោ​បុ​រៈ ឬ​ទ្វារ​ចេញចូល​តែមួយ​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត យើង​ក៏បាន​ឃើញ​មាន​បណ្ណាល័យ​មួយ​ក្បែរ​នោះដែរ តែ​ស្ថិតក្នុង​ស្ថានភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​សង្វេគ​ណាស់​។ យ៉ាងណាមិញ ដំបូលនៃ​ប្រាសាទ​របស់​យើង ក៏បាន​រលុះ​ធ្លាក់​ទៅ​លើដី​ផងដែរ​។​
​ ​ក្រៅពីនេះ នៅ​ចំហៀង​ខាងឆ្វេង​ដៃ​នៃ​គោ​បុ​រៈ យើង​ក៏បាន​ប្រទះឃើញ​វត្តមាន​ស្រះ​ទឹកតូច​មួយ ប្រើប្រាស់​ដើម្បី​មូលហេតុ​សាសនា កាលពី​ចុង​ស​.​វ​ទី​១២ ដើម​ស​.​វ​ទី​១៣​នៃ​គ​.​ស​។ នៅ​ផ្នែក​ខាងក្នុង​ប្រាសាទ យើង​ឃើញ​មាន​ទម្រ​ព្រះពុទ្ធ​រូប​មួយ ធ្វើ​អំពី​ថ្មភក់ ដែល​ពី​សម័យ​ដើម គេ​តម្កល់​ចម្លាក់​ព្រះ​ពោធិសត្វ​អវលោកេស្វរៈ ឬក៏​ព្រះ​ភ្សៃ​ជ្យ​គុរុ ជាទី​សក្ការៈបូជា​។​
​ ​សូម​រំ​ឮ​ក​នៅទីនេះ​ថា កាលពី​ឆ្នាំ ១៩៧៩ និង ១៩៩២ នៅពេលដែល​យើង​បានទៅទស្សនា​ប្រាសាទ​នេះ យើង​បានឃើញ​មាន​ដូនជី​ខ្មែរ​សុ​រិ​ន្ទ្រ​មួយចំនួន​តូច បោះទីតាំង​នៅក្បែរ​មន្ទីរ​ពេទ្យ​បុរាណ​នេះ ដើម្បី​អង្គុយធម៌​។
​ ​ជា​អវសាន ពាក្យ​ចោម​ព្រះ ដែលជា​ភាសា​ខ្មែរ មានន័យថា ចោម​ជុំ ចោមរោម ពោរពេញ ឬ​ហ៊ុំ​ព័ទ្ធជុំវិញ ទៅដោយ​ចម្លាក់​ព្រះពុទ្ធ​បដិមា​។ ការសាងសង់​មន្ទីរពេទ្យ​មួយចំនួន នៅ​ខេត្ត​សុ​រិ​ន្ទ្រ ក៏​ដូច​ក្នុង​បណ្តា​ខេត្ត​មួយចំនួនទៀត នៅលើ​ខ្ពង់រាប​នគររាជ ប្រទេស​ថៃ​បច្ចុប្បន្ន ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​វិស័យ​សុខាភិបាល នា​សម័យ​បាយ័ន ក្នុងការ​ចូលរួម​កសាង​ឧត្តមភាព​ជាតិ ដោយ​ការបំបាត់​នូវ​ជម្ងឺ​ផ្សេងៗ​នៅតាម​ជនបទ​។ ក្នុងស្ថានភាព​នេះ មណ្ឌល​សុខាភិបាល​ទាំងនោះ អាច​ជំរុញ​ឲ្យ​មាន​កំណើន​អត្រា​ប្រជាពលរដ្ឋ និង​ភាព​លូតលាស់​ខាង​សេដ្ឋកិច្ច​យ៉ាង​ជាក់ច្បាស់ ហើយ​យ៉ាង​ឆាប់រហ័ស​ផង​។ 
​ ​សរុបសេចក្តី​មក វិស័យ​សុខាភិបាល តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ និង​តាមរយៈ​ការផ្តល់​សេវាកម្ម​ខាង​ថ្នាំសង្កូវ បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ខ្មែរ​នា​សម័យបុរាណ​យ៉ាង​ប្រាកដ​៕ 
ត្រា​ណេ


EmoticonEmoticon