សិលា​ចារឹក​ប្រាសាទបក្សីចាំក្រុង

សារសំខាន់​របស់​សិលា​ចារឹក​ប្រាសាទបក្សីចាំក្រុង
​ប្រាសាទបក្សីចាំក្រុង ស្ថិតនៅ​ខាងមុខ​ខ្លោងទ្វារ​ចូល​នៃ​ទីក្រុង​អង្គរធំ ខេត្តសៀមរាប​ដែល​បាន​សាងសង់ឡើង នៅ​ឆ្នាំ ៩២១ នៃ​គ្រិស្តសករាជ ដោយ​ព្រះបាទ​ហស​វរ្ម័នទី​។ សំណង់​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​និង​មាន​កំពែង ក៏ប៉ុន្តែ​ប្រាសាទ​នេះ ត្រូវ​ខូចខាត​ខ្ទេចខ្ទាំ​ស្ទើរតែ​អស់​ទៅហើយ​។ ទោះ​យ៉ាងនេះ​ក្តី​សារសំខាន់​របស់​ប្រាសាទ គឺ​សិលា​រឹក​នៅ​ខាងក្នុង​ប្រាសាទ​បានផ្តល់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​។​
​ ​នៅ​ប្រអប់ទ្វារ​ខាងឆ្វេង និង​ស្តាំ​នៃ​ខ្លោងទ្វារ​ទៅកាន់​អាសនៈ​នៃ​ប្រាង្គ​ប្រាសាទ គេ​ឃើញ​មាន​សិលាចារឹក​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា ’​ចរន្ត​វប្បធម៌​” នា​សម័យបុរាណ​។ សារសំខាន់​នៃ​ផ្ទាំង​សិលាចារឹក​ទាំងពីរ​នេះ គឺ​ការបញ្ជាក់​អំពី​ការភ្ជាប់​សន្តតិវង្ស​ចេនឡា និង​នគរ​ភ្នំ ពោលគឺ​រវាង​សូរ្យ​វង្ស និង​សោម​វង្ស​។ ដោយហេតុថា សន្តតិវង្ស​ទាំងពីរ​នេះ​សុទ្ធសឹងតែ​ត​ពូជ​វង្ស​ត្រកូល​ពី​ឥសី​កម្ពុ​ទាំងអស់​។​
​ ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង​គឺ ព្រះរាជវង្សានុវង្ស​ចេនឡា​ដំបូងបង្អស់​មានកំណើត​ចេញពី​ឥសី​កម្ពុ​ស្វ​យ​ម្ហូ​វ (​ឥសី​ដែល​កើតឡើង​ដោយ​ខ្លួនឯង​) និង​ព្រះ​នាង​ទេពអក្សរ​មេ​រា ដែលជា​ព្រះរាជ​អំណោយ​របស់​ព្រះ​ឥសូរ​។ ព្រះ​ឥសូរ​ជប់​នាង​ទេពអក្សរ​នេះ​ឡើង ដើម្បី​ព្រះរាជទាន​ឲ្យ​ឥសី​កម្ពុ​ធ្វើ​មហេសី​។​
​ ​ដូច្នេះ ពាក្យ​កម្ពុជា​ដែលជា​ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន គឺមាន​ប្រភព​ចេញពី​ទេវ​កថា​នេះឯង​។ នៅក្នុង​សិលាចារឹក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ព្រះមហាក្សត្រ​ដំពូង​នៃ​សន្តតិវង្ស​ចេនឡា គឺ​ព្រះបាទ​ស្រុត​វរ្ម័ន​។ ព្រះអង្គ​មាន​ព្រះរាជបុត្រ​ព្រះនាម​ព្រះបាទ​ស្រេ​ដ្ឋ​វរ្ម័ន ដែល​បាន​កសាង​ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ ឬ​កុ​រុ​ក្សត្រ​នៅ​តំបន់​វត្ត​ភូ​បាសាក់​ក្នុងប្រទេស​ឡាវ​សព្វថ្ងៃនេះ​។​
​ ​ក្រៅពី​បញ្ហា​សន្តតិវង្ស​នៃ​ព្រះរាជា​ខ្មែរ ដែល​សោយរាជ្យ​ក្នុងសម័យ​បុរាណ យើង​ក៏បាន​ដឹង​ព័ត៌មាន​ស្តីពី​នយោបាយ​ដែល​មា​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជាតិ គឺ​ប្រទេស​ចេនឡា​បាន ’​រំដោះ​អ្នក​ចេនឡា​ឲ្យ​ផុតពី​ច្រ​វ៉ា​ក់​សួយ​សា​អាករ​” ពោលគឺ​រំដោះខ្លួន​ចេញពី​ការត្រួតត្រា​របស់​នគរ​ភ្នំ​។ 
​ ​ចាប់តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​៦ ព្រះរាជា​នៃ​ចេនឡា​ដូចជា ព្រះ​ភ​វរ្ម័ន ដែលជា​ព្រះ​បុត្រា​របស់​ព្រះបាទ​វីរ​វរ្ម័ន និង​ជា​ចៅ​របស់​ព្រះបាទ​រុ​ទ្រ​វរ្ម័ន ដែលជា​ស្តេច​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​។ ស្តេច​អង្គ​នេះ បានចាប់ផ្តើម​បើក​ការវាយលុក​លើ​នគរ​ភ្នំ​កាន់តែខ្លាំង​ឡើងៗ​ជា​លំដាប់ រហូតដល់​ទទួល​ជ័យជំនះ​ជា​ស្ថាពរ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១០-៦៣៥ គ្រិស្តសករាជ​)​។​
​ ​តាមរយៈ​សិលាចារឹក​នៃ​ប្រាសាទបក្សីចាំក្រុង​នេះ ធ្វើ​ឲ្យ​យើង​បានដឹងថា ព្រះបាទ​សរ​វរ្ម័ន​បាន​រៀប​អភិសេក​ជាមួយ​ក្ស​ត្រី​កម្ពុ​ជរាជ ដែលជា​ព្រះ​ញាតិ​ខាង​ម្តាយ​របស់​ព្រះបាទ​ស្រេ​ស្ឋ​វរ្ម័ន​។ ដោយ​មូលហេតុ​នេះហើយ បានជា​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យអង្គរ​សុទ្ធសឹងតែ​ត​ពូជពង្ស​ពី​សន្តតិវង្ស​ទាំងពីរ​គឺ សូរ្យ​វង្ស និង សោម​វង្ស​៕ 
ត្រា​ណេ


EmoticonEmoticon