ល្បែងស្ដេចចង់ ឬ ល្បែង អៀវ

ល្បែងស្ដេចចង់ ឬ ល្បែង អៀវ 🇰🇭
ល្បែងស្ដេចចង់ជា ល្បែងមួយយ៉ាង ដែលពួក កុមារា កុមារី ជំទង់ៗគ្រប់ ភូមិ - ស្រុក ទូទាំង កម្ពុជរដ្ឋ តែងលេងនៅ ពេលទំនេរក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមាន ប្រុស មាន ស្រី ច្រើន នាក់ មិនកំណត់ ។ ពេលលេង គេចែក គ្នាជា ២ ពួក ប្រុស
មួយ ពួកស្រី មួយពួក ។ ក្នុងបណ្ដាអ្នក ទាំងពីរពួកនោះ គេតាំងប្រុស ឬ ស្រី ម្នាក់ឲ្យធ្វើជាស្ដេចឲ្យអង្គុយ នៅទីមួយ ចំកណ្ដាលទីលើកៅអី ឬ លើវត្ថុអ្វីមួយ មានត្បាល់ជាដើម ។ សកម្មភាព របស់ អ្នកលេងដូចរូបភាពនេះ ៖
ការអ្នកធ្វើស្ដេចអង្គុយលើទីដីសមគួរ មួយ ហើយខាងស្រីគេឲ្យស្រីម្នាក់ដើរ ចូលទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ ឈ្មោះណាមួយ ឧបមារថាឈ្មោះ ក ឬ ខ ខ្សឹបហើយ គេថយមកអង្គុយ ឬ ក៏មក ឈរនៅកន្លែងដើមវិញ ។ ខាងប្រុស គេ ឲ្យ ប្រុសម្នាក់ដើរចូលទៅរកស្ដេចដែរ ប្រសិនជាមិនចំឈ្មោះដែរ គេខ្សឹបទុកជា មុនទេ ក៏ហីទៅ តែបើប្រុសដែលមក នោះចំលើឈ្មោះ ដែលស្រីគេបាន ខ្សឹបនោះមែន ស្ដេចស្រែកថា អៀវៗ ហើយឲ្យ ស្រីនោះជិះប្រុសនោះតម្រង់ ទៅរកកន្លែងគេកំពុងជិះ គេស្រែកថា <អៀវៗ >ហើយគេបញ្ជិះទៅចុះនៅ កន្លែងខាងស្រី ។ រួចហើយខាងប្រុស គេ ឲ្យខាងប្រុស គេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុសនោះចូលខ្សឹមថា ខ្ញុំស្រលាញ់ នាងណាមួយ ឧបមាថា ឈ្មោះ ខ ខ្សឹប ហើយគេថយទៅវិញ បើ ស្រីម្នាក់ ឈ្មោះ ខ ចូលទៅមែន ស្ដេចស្រែកថា <អៀវៗ >ហើយ ឲ្យ ប្រុសនោះជិះស្រី នោះស្រែកថា <អៀវៗ >ដូចគ្នា ។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹបថា ខ្លួនស្រលាញ់ ឈ្មោះ ក ហើយ បែរជា ឈ្មោះ ខ ចូលមករកស្ដេចវិញនោះ ស្ដេចមិនឲ្យអ្នកខ្សឹបជិះ ឬ អៀវគេ ទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេ ឲ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត ។ ចេះ តែផ្លាស់គ្នាតាមរបៀបនេះ រហូតដល់ ពេលយប់ ។ 
អ្នកដែលធ្វើស្ដេច ត្រូវមើល ការខុសត្រូវក្នុងរឿងនេះ ដោយ សច្ចៈ និង យុត្តិធម៌ ។ ល្បែងនេះស្រេចលើអ្នក ធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយ អគតិ ចង់ឲ្យអ្នកណាជិះអ្នកណា ក្រៅពី ឈ្មោះ ដែលគេខ្សឹបក៏បាន គឺថាបើ ម្នាក់ចូលទៅខ្សឹបថា ស្រលាញ់ឈ្មោះ ក ហើយទោះបី ឈ្មោះ ខ ចូលមកស្ដេចស្រែកថា <អៀវៗ >ក៏ ចេះតែបាន ព្រោះ អ្នកចូលទៅក្រោយមិនបាន ឮ អ្នកមុនចូលទៅខ្សឹបថា ស្រលាញ់ ឈ្មោះ ណាៗ ទេ ។ តែបើមានរបៀប លេងលំអៀងបែបនេះ អ្នកលេងណា ដែលចាប់ថ្នាក់បានតវ៉ាឡើងអាចសុំគេ ឲ្យសុំប្ដូរអ្នកធ្វើស្ដេចបាន ប្រសិនបើអ្នក ធ្វើស្ដេចប្រកបដោយសច្ចៈ និង យុត្តិធម៌នោះ ការលេងនោះទៀងទាត់ណាស់ ។
ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជា ល្បែងហាត់ចិត្តមនុស្សឲ្យប្រកប ដោយ សច្ចៈនិងយុត្តិធម៌ មិនឲ្យប្រកបដោយអគតិ ( សេចក្ដីលំអៀង ) ៤ យ៉ាង គឺ សច្ចៈគតិ លំអៀង ព្រោះស្រលាញ់ , ទោសាគតិ លំអៀង ព្រោះខឹង , ភយា គតិ លំអៀង ព្រោះខ្លាច , មោហោ គតិលំអៀង ព្រោះ ភ័ន្តច្រឡំ ។ ម្យ៉ាងទៀត ជា ការបង្ហាត់ មនុស្សឲ្យចេះជ្រើសតាមគ្នាឲ្យធ្វើ ជា តំណាង ភ្នែក ច្រមុះ ខ្លួនផង គឺ ត្រូវចេះ ជ្រើសរើសរកនរណា ដែលគេយល់ថាជា មនុស្សត្រឹមត្រូវបរិសុទ្ធធ្វើការបានល្អតាម គន្លងធម៌ពិតៗ ៕


EmoticonEmoticon