ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងនិទាន

ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងនិទាន
ដោយសារគិតថាប្រវត្តិសាស្ត្រខ្មែរពីពេលដែលព្រះថោង មកសាងនគរនៅនគរ
គោកធ្លក រហូតដល់សម័យព្រះនិព្វានបទ មានលក្ខណៈអស្ចារ្យអច្ឆរិយៈពេក
មិនសមនឹងរឿងពិត បានធ្វើឲ្យអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរ ទាំងបរទេស និងខ្មែរ
ព្យាយាមសិក្សាប្រវត្តិសាស្ត្រខ្មែរ និងចងក្រងប្រវត្តិសាស្ត្រខ្មែរ
ដោយផ្អែកទៅលើសិលាចារឹក និងឯកសារទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង
ដូចជាចិនជាដើម ។ មានអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរបែបរឿងព្រេងនិទាន
មិនច្រើននាក់នោះទេ ក្នុងនោះមានលោកបណ្ឌិត រស់ ចន្ត្រាបុត្រ លោកកេង វ៉ាន់សាក់
លោកបណ្ឌិតម៉ក់ ភឺន ជាដើម ។
ថ្ងៃនេះខ្ញុំសូមលើកជាសម្មតិកម្មថ្មីមួយរវាងប្រវត្តិសាស្ត្រខ្មែរជាលក្ខណៈរឿងនិទាន និងប្រវត្តិសាស្ត្រខ្មែរដែលយើងសិក្សាសព្វថ្ងៃ៖
- ព្រះថោង គឺជាព្រះបាទជ័យវរ្ម័នទី ២ ហើយនគរគោកធ្លក គឺអាចជាភ្នំគូលេន
ឬទួលខ្ពស់ណាមួយនៅតំបន់អង្គរ ចំណែកស្តេចចាមដែលព្រះថោង
ធ្វើសង្គ្រាមជាមួយនោះ គឺជានគររដ្ឋណាមួយនៅក្នុងដែនដីចេនឡា
ដែលអាចជាចំប៉ាសាក់ ឬក៏កន្លែងណាមួយនៅភូមិភាគកណ្តាល ផ្នែកពាយ័ព្យ
របស់ប្រទេសកម្ពុជាសព្វថ្ងៃ ។
- ព្រះកេតុមាលា ឬ អរិដ្ឋពលពាហនោ គឺជាព្រះបាទយសោវរ្ម័នទី ១ ដែលបាន
ប្តូរទីក្រុងពីរលួស មកតំបន់អង្គរ នៅក្នុងរឿងព្រេងថាព្រះអង្គរជាបុត្រព្រះឥន្ទ្រ
និងត្រូវបានព្រះឥន្ទ្រ បញ្ជាឲ្យព្រះវិស្វកម្មសង់ប្រាសាទជាក្រោលគោព្រះឥន្ទ្រថ្វាយនោះ
គឺត្រូវគ្នានឹងប្រវត្តិសាស្ត្រក្នុងសិលាចារឹក ដែលព្រះបាទយសោវរ្ម័នទី ១
គឺជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន ទី ១ ហើយព្រះបាទឥន្ទ្រវរ្ម័ន ទី ១
ព្រះអង្គបានសង់ប្រាសាទព្រះគោ ដែលមានរូបគោធំៗ នៅពីមុខប្រាសាទ
ជាប្រាសាទឧទ្ទិសថ្វាយព្រះសិវៈ ដែលមានគោនន្ទិជាជំនិះព្រះសិវៈនៅពីមុខ ។
- ព្រះសហស្សរង្សី ដែលត្រូវជាចៅរបស់ព្រះកេតុមាលា គឺជាព្រះបាទហស៌វរ្ម័នទី ១
ដែលបានឡើងសោយរាជ្យនៅយសោធរបុរៈ (អង្គរ) បន្តពីព្រះបាទយសោវរ្ម័នទី ១ ។
- ព្រះបទុមវរវង្ស គឺជាព្រះបាទជ័យវរ្ម័នទី ៤ ដែលបានទៅតាំងរាជធានីនៅកោះកេរ
ខណៈពេលដែលស្តេចហស៌វរ្ម័នទី ១ សោយរាជ្យនៅអង្គរ ហើយតាមប្រវត្តិសាស្ត្រ
បែបរឿងព្រេងរបស់ខ្មែរ ព្រះអង្គគឺជាក្មួយរបស់គ្រូបាធ្យាយរបស់ព្រះកេតុមាលា
និងបានរៀបការជាមួយនឹងក្មួយស្រីរបស់ព្រះកេតុមាលា ។
- ព្រះបុទុមសុរិយវង្ស គឺជាព្រះបាទសូរិយវរ្ម័នទី ១ នៅក្នុងរាជ្យរបស់ព្រះបុទុមសុរិយវង្ស
មានសំពៅរបស់ភូមា (ខ្មែរថាលាវ ថៃថាភូមា ឡានណាថាភូមា សូម្បីតែឈ្មោះស្តេច
ក៏ស្តេចភូមាដែរ គឺស្តេច ធម្មាអនុរថ ហើយនៅសម័យនោះនគរលាវក៏មិនទាន់មានដែរ)
មានដឹកគម្ពីរព្រះត្រៃបិតក ព្រះពុទ្ធរូបព្រះកែវមរកត ព្រះពុទ្ធរូបកែវព្រះភ្លើង
ព្រះឧណ្ណាលោម និងមានព្រះសង្ឃមកជាមួយផង បានចូលមកចតនៅបន្ទាយមាស
គឺកំពង់ផែអូរកែវរបស់ខ្មែរ ដែលអាចមកពីច្រឡំផ្លូវផង និងដោយសារព្យុះ
នាំខុសផ្លូវផង ។ មន្ត្រីខ្មែរក៏បានអញ្ជើញព្រះរបស់ជាទីសក្ការៈនោះមកអង្គរ
តែពេលមកដល់ទន្លេចតុមុខ ក៏កើតមានរឿងទៀត ទើបគេសាងវត្ត
តំកល់របស់ស័ក្តិសិទ្ធិនោះនៅឬស្សីកែវ ឬក្រុងភ្នំពេញ តែកាលសម័យនោះ
គឺមិនទាន់មានវត្តភ្នំនោះទេ ។ វត្តដែលគេក៏សាងមាន វត្តកែវព្រះភ្លើង
(នៅក្បែរវត្តស្វាយពពែ សព្វថ្ងៃប្រជាជនយកធ្វើលំនៅអស់ហើយ) វត្តលង្កា វត្តកោះ
វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ និងចេតិយព្រះឧណ្ណាលោម ។
សូម្បីតែរឿងសាងវត្តភ្នំ ក៏បាននិយាយដែរថាយាយពេញលើកដើមគគីដែល
អណ្តែតទឹកមិនរួច ក៏ទៅនិមន្តព្រះគ្រូនៅវត្តលង្កា ឲ្យនិមន្តមកជួយ ទើបលើករួច
ហើយព្រះពុទ្ធរូបមួយនៅក្នុងដើមគគីនោះ ក៏ត្រូវបាននិមន្តទៅរក្សាទុកនៅវត្តលង្កា
ដែលនេះបង្ហាញថាវត្តលង្កា កើតមុនវត្តភ្នំ ដែលសាងឡើងនៅសតវត្សទី ១៣ ។
ចំណែកនៅវត្តឧណ្ណាលោម ក៏មានចេតិយព្រះឧណ្ណាលោមនៅខាងក្រោយ
ដែលគេមិនបានដឹងអំពីរចនាប័ទ្មនោះទេ តែបើតាមខ្ញុំសង្កេតគឺអាចជា
រចនាបទបាពួន ឬបាភួន គឺត្រូវគ្នានឹងរាជ្យ ព្រះបាទសូរិយវរ្ម័នទី ១
ឬបុត្ររបស់ព្រះអង្គគឺព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ មូលហេតុដែលខ្ញុំថាជារចនាប័ទ្មបាពួន ដោយសារតែប្រាសាទនោះសង់ពីថ្មភ្នំ
ហើយប្រាសាទនោះមានទម្រង់ប្រហាក់ប្រហែលនឹងប្រាសាទភ្នំដាដែរ
គឺចាប់ផ្តើមពីសម័យបាពួននេះហើយ ដែលមានការនិយមសង់ប្រាសាទធ្វើពីថ្មភ្នំ
នៅតំបន់ផ្សេងៗនៅទូទាំងប្រទេស ។ ក្នុងឯកសារប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក
ក៏និយាយដែរថា ព្រះបាទសូរិយវរ្ម័នទី ១ កាន់ព្រះពុទ្ធសាសនាមហាយាន
ដូច្នេះការចូលមកដល់នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយ គឺជាមហាកិត្តិយសចំពោះព្រះអង្គ
ទើបព្រះអង្គបានសាងប្រាសាទសម្រាប់ជាកិច្ចបូជា ។ ឯកសារពង្សាវតារវត្ដទឹកវិលវិញ
ក៏បានកត់សំគាល់ថា ព្រះបទុមសុរិយវង្សជាកូនរបស់ព្រះបាទអាទិត្តវង្ស
បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក គឺមុនព្រះបាទសូរិយវរ្ម័នទី ១
មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាម ព្រះបាទឧទ័យាទិត្យវរ្ម័នទី ១
យើងឃើញថានៅក្នុងព្រះនាម គឺមានពាក្យថា អាទិត្ត និងអាទិត្យ
ដែលប្រហាក់ប្រហែលគ្នា ។
- ធនញ្ជ័យគោរពរាជ្យ គឺព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ ដែលក្នុងរាជ្យព្រះអង្គ ឬក៏ក្នុងរាជ្យ
ព្រះបាទសូរិយវរ្ម័នទី ១ អាចមានសង្គ្រាមរវាងអាណាចក្រអង្គរ និងភូមា
អាចមកពីរឿងព្រះកែវមរកត ឬក៏មកពីរឿងទឹកដី ។
- ស្តេចចក្រព័ត្រ គឺជាព្រះបាទសូរិយវរ្ម័នទី ២ ដែលក្នុងរាជ្យរបស់ព្រះអង្គ
មានការងារកំណែនជាច្រើន គឺប្រហែលជាការសាងអង្គរវត្តនោះឯង ។
- ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង អាចជាស្តេចជ្រែករាជ្យណាមួយ ចន្លោះពីរាជ្យ ព្រះបាទសូរិយវរ្ម័នទី ២ ទៅរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ។
- ព្រហ្មកិល ឬក៏បក្សីចាំក្រុង អាចជាព្រះបាទជ័យវរ្ម័នទី ៧ ។
- ព្រះបាទសែណ្ណ័ករាជ រឺ ស្ដេចពាល គឺជាព្រះបាទជ័យវរ្ម័នទី ៨ ដែលមាន
ការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនា ទើបអ្នកកាន់ព្រះពុទ្ធសាសនាសម័យក្រោយ
ដាក់នាមឲ្យព្រះអង្គថាស្តេចពាល ហើយនៅសម័យព្រះអង្គក៏មានសៀម និងលាវ
(លពបុរី??) បានលើកទ័ពមកវាតទីនៅពេលអង្គរមានទឹកជំនន់នៅកំឡុងឆ្នាំ ១២៩១
ឬ ១២៩២ ដោយបានយកគម្ពីរព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត
ទៅជាមួយដែរ ។ បើតាមសាច់រឿងនេះ យើងឃើញថារឿងព្រះកែវមរកត
ចូលមកប្រទេសខ្មែរ គឺជារឿងពិត សូម្បីតែព្រះពុទ្ធរូបសម័យអង្គរ
ក៏មានលក្ខណៈដូចគ្នាទៅនឹងព្រះពុទ្ធរូបព្រះកែវមរកតរបស់ថៃសព្វថ្ងៃ
ដែលអ្នកខ្លះថាជាសិល្បៈឈៀងសែន តាមពិតទៅសិល្បៈឈាងសែន ឬក៏សុខោទ័យ
ឬក៏អយុធ្យា គេមិននិយមព្រះពុទ្ធរូបបែបសមាធិ ដូចសិល្បៈខ្មែរក្នុងរចនាប័ទ្មអង្គរវត្ត
និងបាយ័ននោះទេ គឺគេនិយមព្រះផ្ចាញ់មារទេ តែព្រះពុទ្ធរូបព្រះកែវមរត
មានលក្ខណៈជាទ្រង់ព្រះសមាធិ ដែលអាចនិយាយថា ខ្មែរនៅសម័យរចនាប័ទ្មអង្គរវត្ត
និងបាយ័ន បានចម្លងទម្រង់នៃព្រះកែវមរកត ព្រោះថានៅសម័យមុននោះ
ក៏គេពុំនិយមព្រះពុទ្ធរូបសមាធិដែរ គឺគេនិយមជាព្រះផ្ចាញ់មារ ឬក៏ព្រះពុទ្ធរូបឈរ ។
- ព្រះបាទអង្គជ័យ រឺ តាត្រសក់ផ្អែម គឺជាព្រះបាទស្រិន្ទ្រវរ្ម័ន ជាស្តេចជ្រែករាជ្យ
ពីព្រះបាទជ័យវរ្ម័នទី ៨ និងជាព្រះមហាក្សត្រសោយរាជ្យ នៅពេលដែលជីវតាក្វាន់
ចូលមកកត់ត្រាអំពីប្រពៃណីយ៍អ្នកស្រុកចេនឡា ។
ជាសរុបមក ប្រវត្តិសាស្ត្រខ្មែរតាមរឿងព្រេង មិនបានកត់ត្រាប្រវត្តិសាស្ត្រសម័យនគរភ្នំ
និងសម័យចេនឡា ទីក្រុងនៅសម្បូរណ៍ព្រៃគុហ៍នោះទេ តែប្រវត្តិសាស្ត្រខ្មែរ
តាមសាស្ត្រាស្លឹករឹត បានកត់ត្រាត្រឹមសម័យអង្គរចេញពីរាជ្យជ័យវរ្ម័នទី ២ តែប៉ុណ្ណោះ ។
ខ្ញុំសូមធ្វើការសន្និដ្ឋានមួយចំណុចទៀត គឺពាក្យថា វរ្ម័ន នេះ អាចក្លាយទៅជាពាក្យ វង្ស
នៅសម័យក្រោយ ឬក៏អ្នកអានសិលាចារឹកសម័យមុនមានការយល់ច្រឡំក៏អាចថាបាន
ព្រោះថាអ្នកស្រីពៅ សាវរស ក៏មានការលើកឡើងមួយចំនួន ទាក់ទងនឹងរឿងនេះដែរ ។


EmoticonEmoticon