ចំបាប់រវាងស្វាស ស្វាខ្មៅ ឬ ប្រចាប់រវាងស្វាស ស្វាខ្មៅ

ចំបាប់រវាងស្វាស ស្វាខ្មៅ ឬ ប្រចាប់រវាងស្វាស ស្វាខ្មៅ

សម្រាប់ការសម្តែងល្ខោនស្រមោលស្បែកធំ មុនពេលសម្តែង ខ្ញុំឃើញមានការសម្តែងវគ្គខ្លីមួយ ដែលប្រហាក់ប្រហែលនឹងពីធីហោមរោងដែរ គឺការសម្តែងឈុតចំបាប់ស្វាស ស្វាខ្មៅ ឬប្រចាប់ស្វាស ស្វាខ្មៅ ដែលស្វាទាំងពីរបានឈ្លោះគ្នា វាយតប់គ្នាទៅវិញទៅមក ហើយស្វាសបានចាប់ស្វាខ្មៅយកទៅថ្វាយតាឥសី តាឥសីបានណែនាំថាតាមពិតគេទាំងពីរជាបងប្អូននឹងគ្នានោះទេ មិនគួរឈ្លោះគ្នានោះទេ គួតែរាប់អានគ្នាវិញទៅ ។
នៅក្នុងឈុតល្ខោនខោលវិញ ខ្ញុំធ្លាប់ឃើញរូបថតមួយសន្លឹក ដែលមានការប្រចាប់គ្នារវាងស្វាស និងស្វាខ្មៅ នៅក្នុងឯកសារទាក់ទងនឹងរឿងមហាភារតយុទ្ធ និងរឿងរាមាយណៈ របស់អង្គការយូនេស្កូ សម្រាប់ការសម្តែងវិញ ខ្ញុំមិនធ្លាប់ឃើញនោះទេ ។

ខ្ញុំថាឈុតចំបាប់ស្វាស ស្វាខ្មៅនេះ គួរតែជាឈុតមួយនៅក្នុងរឿងរាមកេរ្តិ៍ត្រង់កន្លែងចងស្ពាន ទៅនគរលង្ការ ។ នៅពេលនោះព្រះរាមបានប្រើហនុមាន និងជម្ពូពានទៅសុំក្បួនចងស្ពានរបស់ស្តេចស្វាមហាជម្ពូ តែដោយក្លាចអគ្គីនេត្ររបស់មហាជម្ពូ ហនុមានក៏លើកយកនគររបស់ជម្ពូពានមកទាំងមូល ពេលលើកមកដល់ ព្រះរាមក៏ខ្លាចអគ្គីនេត្រនោះដែរ ក៏ប្រែក្រលាជាព្រះវិស្ណុ ពេលមហាជម្ពូ តើនពីដំណេកស្មានថាព្រះរាម ជាព្រះវិស្ណុក៏ក្រាបថ្វាយបង្គំ ហើយសន្យានឹងថ្វាយក្បួនចងស្ពាន ហើយក៏ថ្វាយស្ថាបត្យករពីរនាក់ គឺខុននិល និងខុននល (បុត្រព្រះវិស្វកម្ម) ឲ្យមកជួយត្រួតការសាងសង់ស្ពាននោះ ហើយក៏បានថ្វាយនិលឯក (មិនប្រាកដថា និលឯក ឬក៏និលផាត់ ឬនិលព័ទ តាមឯកសារខ្លះថានិលឯកបុត្រព្រះអគ្គី មានសំបុរដូចភ្លើង ឯនិលផាត់ កូនរបស់ព្រះកាឡ មានសំបុរខ្មៅ) ដែលត្រូវជាកូនធម៌ ឲ្យមកជួយធ្វើសង្គ្រាម ជាមួយក្រុងរាពណ៌ តែមហាជម្ពូ ខ្លួនឯងមិនបានចូលរួមនោះទេ ។

នៅក្នុងរឿងរាមកេរ្តិ៍ពោលដោយតាចក់ មាននិយាយចំណុចថា នៅពេលចងស្ពាន ហនុមានបានដេកលេងអុកចតុរង្គ ហើយបានយកជើងទៅទទួលថ្មពីនិលឯក និលឯកខឹងក៏រករឿង តែមិនទាន់មានការប្រវាយប្រតប់គ្នានោះទេ គឺហនុមានបានចេញទៅលើកថ្មម្តង ចំណែកឯនិលឯក ជាអ្នកទទួលម្តង ហនុមានទៅលើកនេះ បានយកដុំថ្មមកចងនឹងរោមរបស់ខ្លួន ហើយយកមកទម្លាក់គរពីលើនិលឯក ធ្វើឲ្យនិលឯកខឹង ក៏កើតជាជម្លោះវាយប្រតប់គ្នា រហូតដល់សុគ្រីព និងព្រះរាមចេញមកឃាត់ទើបឈប់ ព្រះរាមឲ្យសុគ្រីពគន់គូរទៅ ឃើញថាស្វាទាំងពីរនេះ មានរាសីចាក់គ្នា (ឆុងគ្នា) ទើបប្តូរឲ្យនិលឯកទៅកាន់ទ័ពស្បៀង ដឹកជញ្ជូនស្បៀងពីខាស់ខិនបុរី មកសមរភូមិវិញ ។

ដូច្នេះ ប្រសិនបើយោងលើចំណុចត្រង់នេះ ស្វាស គឺជាហនុមាន ចំណែកស្វាខ្មៅ គឺជានិលឯក ដែលមានជម្លោះប្រវាយប្រតប់នឹងគ្នា ហើយគេក៏មិនគួរច្រឡំចំបាប់នេះ ទៅនឹងចំបាប់របស់ពាលី និងសុគ្រីពដែរ ព្រោះថាពាលីសំបុរខៀវ ដូចព្រះបិតា គឺព្រះឥន្ទ្រ ចំណែកឯសុគ្រីព មានសំបុរក្រហម ដូចព្រះបិតា គឺព្រះសុរិយា ។






EmoticonEmoticon