ប្រៀបធៀប សត្វរ៉ុក និង គ្រុឌ

ប្រៀបធៀប សត្វរ៉ុក និង គ្រុឌ

នៅនឹងជើងសសរផ្អោបនៃប្រាសាទបាគង មានរូបចម្លាក់ទាក់ទងនឹងទេវកថា ក្នុងព្រហ្មញ្ញសាសនា មានដូចជារូបព្រះនាងទុគ៌ា សម្លាប់ក្របី ព្រះក្រឹស្ណៈសម្លាប់បិសាចសេះ បិសាចគោជាដើម តែនៅមានរូបចម្លាក់ចម្លែកមួយ ដែលឆ្លាក់ជារូបសត្វស្លាប មានលក្ខណៈប្រហាក់ប្រហែលនឹងហង្ស ហើយបានពាំដំរី ក្នុងកាយវិការកំពុងហោះនៅលើអាកាស ខ្ញុំមិនដឹងថានេះជារូបអ្វីនោះទេ ។


រូបនេះ វាអាចជារូបរបស់គ្រុឌចាប់ដំរីស៊ី នៅក្នុងរឿងមហាភារតយុទ្ធ មុនមានសង្គ្រាមកើតឡើង មានការដំណាលពីរឿងនិទានមួយដែលទាក់ទងនឹងការដណ្តើមទ្រព្យសម្បត្តិ រឿងនោះដំណាលថា មានព្រាហ្មជាបងប្អូននឹងគ្នាពីរនាក់ឈ្លោះគ្នារឿងបែងចែកទ្រព្យសម្បត្តិ ព្រាហ្មប្អូនបានដាក់បណ្តាសារឲ្យបងទៅកើតជាដំរី ឯព្រាហ្មជាបងបានដាក់បណ្តាសារឲ្យប្អូនទៅកើតជាអណ្តើក ហើយសត្វទាំងពីរនៅតែបន្តឈ្លោះគ្នានៅជាតិក្រោយបន្តទៀត ។ និយាយអំពីសត្វគ្រុឌ បានទៅសូមពួកនាគឲ្យរំដោះម្តាយខ្លួនពីទាសភាព ពពួកនាគក៏បានប្រាប់ឲ្យគ្រុឌ ទៅយកទឹកអម្រិតពីព្រះឥន្ទ្រ មកដោះដូរ មុននឹងហោះទៅលួចយកទឹកអម្រិតពីព្រះឥន្ទ្រ ឥសីជាបិតារបស់គ្រុឌ បានប្រាប់ឲ្យគ្រុឌ ទៅចាប់ដំរី និងអណ្តើក ដែលឈ្លោះនឹងគ្នា ធ្វើជាចំណី ដើម្បីមានកម្លាំងហោះទៅស្ថានព្រះឥន្ទ្រ ។ ដូច្នេះយើងឃើញថា គ្រុឌធ្លាប់ចាប់ដំរីធ្វើជាចំណី ប្លែកត្រង់ថារូបចម្លាក់នោះ មិនមែនជារូបគ្រុឌរបស់ខ្មែរទេ ចម្លាក់គ្រុឌនៅក្បែរនោះក៏មានដែរ តែមិនមានលក្ខណៈដូចចម្លាក់នេះនោះទេ ។

រឿងមួយទៀតដែលខ្ញុំសូមលើកយកមកបង្ហាញ គ្រាន់តែជាការផ្តល់គំនិត នោះគឺសត្វបក្សីរ៉ុក ដែលត្រូវបានរៀបរាប់នៅក្នុងដំណើរផ្សងព្រេងរបស់ម៉ាកូប៉ូឡូ កាលពីសតវត្សទី ១៣ និង ១៤ ថា នៅលើកោះម៉ាដាហ្គាសស្ការ មានសត្វស្លាបធំមួយ ដែលមានប្រវែងស្លាបត្រដាងប្រវែង ១៤ម៉ែត្រជាង (ជិតប៉ុនយន្តហោះខ្នាតមធ្យម ហាហា) ហើយវាអាចចាប់សត្វដំរីស៊ីបាន ដោយឆាបដំរីទៅលើ ហើយទម្លាក់មកលើដុំថ្មបំបែកសាច់ ហើយទើបវាចុះមកចឹកស៊ី ។ បក្សីធំនេះ ក៏ត្រូវបានគេយកមកនិយាយនៅក្នុងរឿងមួយពាន់មួយយប់ផងដែរ តែតាមការស្រាវជ្រាវ គែថាវាជាបក្សីធំមួយនៅម៉ាដាហ្គាសស្ការ ដែលមានកំពស់ ៣ម៉ែត្រ វាមានរូបសណ្ឋានស្រដៀងនឹងសត្វអូទ្រីស វាជាប្រភេទសត្វមិនអាចហោះបាននោះទេ ហើយពួកវាប្រហែលជាផុតពូជតាំងតែពីសតវត្សទី ១៧ ដោយការបរបាញ់របស់មនុស្ស ។

នេះគ្រាន់តែជាការប្រៀបធៀបមួយតែប៉ុណ្ណោះ ។




EmoticonEmoticon