ការតុបតែងលម្អស្ថាបត្យកម្មដោយប្រើ សេរ៉ាមិច

ការតុបតែងលម្អស្ថាបត្យកម្មដោយប្រើ សេរ៉ាមិច
កាលពីសម័យអង្គរ ការប្រើ សេរ៉ាមិច គេច្រើនប្រើលម្អលើដំបូលអគារ ដោយប្រើក្នុងលក្ខណៈជាដំបូលក្បឿង និងក្បាច់ក្បាលដំបូល ឬក៏បាំងសាចជាដើម ។ នៅចុងសម័យឧដុង្គ យើងឃើញវត្តមាននៃការប្រើប្រាស់សេរ៉ាមិចលម្អលើចេតិយម្តងទៀត ដែលមានជាភស្តុតាងគឺចេតិយព្រះអង្គឌួង ឬដួង នៅលើភ្នំព្រះរាជ្យទ្រព្យ ។


នៅរាជធានីភ្នំពេញសព្វថ្ងៃ មានចេតិយពីរ ដែលមាននៅសេសសល់ក្បាច់លម្អសេរ៉ាមិច គឺចេតិយខ្នាតមធ្យមនៅខាងត្បូងវិហារវត្តបទុមរាជវរារាម និងចេតិយព្រះឧណ្ណាលោម នៅខាងលិចវិហារវត្តឧណ្ណាលោម ដែលក្បាច់នៅលើចេតិយព្រះឧណ្ណាលោម ទាល់តែយើងឡើងទៅលើវិហារជាន់ទី ១ ទើបមើលឃើញច្បាស់ ហើយក្បាច់សេរ៉ាមិចនោះ ត្រូវបានគេលាបពណ៌ថ្មីពីលើ ដែលធ្វើឲ្យបាត់បង់ពណ៌ដើមបាត់ទើហើយ ។

ប្រសិនបើឲ្យខ្ញុំសន្និដ្ឋាន ចេតិយនៅវត្តបទុម គឺគួរតែសាងឡើងនៅដើមសម័យដែលប្តូររាជធានីពីឧដុង្គ មកក្រុងភ្នំពេញ ព្រោះថាលក្ខណៈរបស់ចេតិយគឺមានសភាពចាស់ទ្រុឌទ្រោមគួរសម ប្រហែលជាមិនបានទទួលការជួសជុលមកយូរគួរសមដែរហើយ ។

ដោយឡែកសម្រាប់ចេតិយព្រះឧណ្ណាលោម តួចេតិយកណ្តាលជាប្រាសាទបុរាណតាំងតែពីសម័យអង្គរ នៅសម័យក្រុងចតុមុខលើកទី ១ ព្រះបាទពញាយ៉ាត ឬញាតិ បានក៏សាងវិហារបញ្ចុះសីមានៅក្បែរប្រាសាទមួយនេះ ហើយនៅសម័យលង្វែកក៏មានការរៀបរាប់អំពីប្រាសាទនេះដែរ ដោយមន្ត្រីរបស់ព្រះបាទចន្ទរាជា តាមរកគ្រឿងបញ្ចក្សេត្រ ដែលបាត់បង់នៅសម័យស្តេចកនជ្រែករាជ្យ មន្ត្រីនោះបានចូលទៅរកមើលគ្រឿងបញ្ចក្សេត្រនៅក្នុងប្រាសាទនោះដែរ ។ នៅពេលដែលបារាំងប្តូររាជធានីខ្មែរពីឪដុង្គមកក្រុងភ្នំពេញ ប្រហែលជាមានការសាងសង់កំពូលចេតិយបីបន្ថែម ពីលើប្រាសាទព្រះឧណ្ណាលោមពីបុរាណ ប្រាង្គកណ្តាលប្រហែលត្រូវបានជួសជុលឲ្យមានលក្ខណៈជាកំពូលចេតិយយូរណាស់មកហើយ គឺមុនការប្តូររាជធានីពីឧដុង្គ ។ ការសង់កំពូលចេតិយបីបន្ថែមនោះ គឺបន្ថែមនៅទិសខាងជើង ខាងត្បូង និងខាងលិច ដោយមានបំពាក់ក្បាច់សេរ៉ាមិច ចេតិយនេះមានសារៈសំខាន់នៅសម័យនោះ ព្រោះថាវត្តឧណ្ណាលោម គឺជាវត្តរបស់សម្តេចព្រះសង្ឃរាជនិល ទៀង សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ដូច្នេះចេតិយនេះអាចត្រូវបានជួសជុលបន្ថែមពីសំណាក់ព្រះបរមរាជវាំង ឬក្រោមការដឹកនាំរបស់សម្តេចព្រះសង្ឃរាជនិល ទៀងនេះឯង ហើយការបំពាក់ក្បាច់លម្អសេរ៉ាមិច គឺធ្វើឡើងនៅសម័យនេះឯង ។ មកដល់សម័យសម្តេចព្រះសង្ឃរាជជួន ណាត នៅពេលដែលព្រះវិហារថ្មី គឺព្រះវិហារសព្វថ្ងៃត្រូវបានសាងឡើង ប្រហែលជាមានការសាងចេតិយតូចពីទៀតនៅជ្រុងខាងអាគ្នេយ៍ និងឥសាន នៃប្រាង្គកណ្តាល ទើបធ្វើឲ្យចេតិយព្រះឧណ្ណាលោម មានកំពូលរហូតដល់ទៅ ៦ ដែលមានលក្ខណៈប្លែកពីចេតិយទូទៅនៅប្រទេសខ្មែរ ។ នៅក្នុងសម័យសង់ចេតិយថ្មីនេះដែរ ប្រហែលជាចេតិយតូចអមប្រាង្គកណ្តាល មានសភាពទ្រុឌទ្រោម ទើបមានការជួសជុលដែរ ហើយប្រហែលជាមានការកោសក្បាច់សេរ៉ាមិចចាស់ចេញ ដោយសារតែវារបក ហើយមិនរកអ្វីមកជំនួសបាន ទើបយើងឃើញរូបថតកាលពីសម័យបារាំង ចេតិយនេះនៅថ្មី ហើយមានក្បាច់សេរ៉ាមិចលម្អ ដល់មកសម័យបច្ចុប្បន្ន គឺនៅសេសសល់តែនៅលើផ្តែរទ្វារចេតិយពីទិសខាងកើតតែប៉ុណ្ណោះ ។

សម្រាប់វត្តមាននៃក្បាច់សេរ៉ាមិចនេះ បើតាមទស្សនៈរបស់ខ្ញុំ វាគឺជាសិល្បៈដែលខ្មែរបានទទួលតពីថៃ ខ្ញុំក៏សូមជូនជាព័ត៌មានថា នៅសម័យស្តេចរាមាទី ៣ នៃក្រុងបាងកក មានការទទួលយកក្បាច់សិល្បៈលម្អអគារដោយប្រើសេរាមិចតាមបែបចិន ដោយមានទាំងវត្តអារាម និងព្រះបរមរាជវាំងរបស់ថៃ ដែលសង់នៅក្នុងសម័យនោះ មានការបំពាក់ក្បាច់សេរ៉ាមិច យ៉ាងច្រើនព្រោងព្រាត តែខ្មែរមិនមែនទទួលឥទ្ធិពលនៅសម័យរាមាទី ៣ នោះទេ ព្រោះសិល្បៈល្អសេរ៉ាមិចនៅសម័យរាមាទី ៣ មានលក្ខណៈចិន ស្ទើរតែសុទ្ធសាធតែម្តង ទាល់តែចូលមកសម័យស្តេចរាមាទី ៤ ឬព្រះចមក្លៅ ទើបមានការកែប្រែឲ្យចេញជាក្បាច់ភ្ញីបែបថៃវិញ ហើយកាត់បន្ថយលក្ខណៈចិនអស់ច្រើន ហើយគឺក្នុងសម័យនេះហើយ ដែលខ្មែរបានទទួលឥទ្ធិពលសិល្បៈបែបនេះពីថៃ ចូររំឮកឡើងវិញថា ព្រះបាទនរោត្តម ព្រះអង្គកើត ធំដឹងក្តី នៅក្រោមការឧបត្ថម្ភរបស់ស្តេចថៃ ដូចគ្នាសម្តេចព្រះសង្ឃរាជនិល ទៀង ក៏ជាព្រះសង្ឃខ្មែរដែលបានរៀនសូត្រនៅស្រុកថៃ ហើយត្រូវបាននិមន្តមកស្រុកខ្មែរវិញនៅសម័យព្រះអង្គឌួង ឬដួង ដូច្នេះការមកដល់របស់ព្រះរាជា ក៏ដូចជាសម្តេចព្រះសង្ឃរាជមកស្រុកខ្មែរនេះ ប្រហែលជាបាននាំមកជាមួយនូវសិល្បៈនៃការតុបតែងអគារដោយប្រើសេរ៉ាមិចនេះដែរ ដែលមិនយូរប៉ុន្មានសិល្បៈនេះលែងមានការទទួលបន្តទៅអ្នកជំនាន់ក្រោយ បណ្តាលឲ្យបាត់បង់នៅសេសសល់តែស្លាកស្នាមសម្រាប់សិក្សា ជាងនេះទៅទៀត ការជួសជុលដោយមិនបានយល់ពីគុណតម្លៃរបស់វត្ថុសិល្បៈ ក៏កាន់តែបង្ហិនបង្ហោចតឹកតាងនៃសំណល់សិល្បៈដ៏ប្រណីតទាំងនេះថែមទៀត ។









EmoticonEmoticon