កំណើត សត្វគ្រុឌ និងនាគ

កំណើត សត្វគ្រុឌ និងនាគ

យើងឃើញមានវត្តមានរបស់គ្រុឌ និងនាគញឹកញាប់ណាស់
នៅក្នុងសិល្បៈខ្មែរ ក៏ដូចជារឿងព្រេងខ្មែរ ជាពិសេស ខ្មែរយើងមានរឿងព្រេងដែលរៀបរាប់ថាយើង
មានជាប់ខ្សែស្រលាយនឹងនាគទៀតផង ហើយនៅក្នុងរូបិយបណ្ណរៀលខ្មែរគ្រប់សន្លឹក
ក៏មានរូបនាគដែរ ដោយឡែកប្រទេសនៅក្បែរយើងពីរ

គឺថៃ និងឥណ្ឌូនេស៊ី គេមានរូបគ្រុឌ ជានិមិត្តសញ្ញាជាតិរបស់គេ ដូច្នេះយើងគួរតែយល់ដឹងរឿងខ្លះទាក់ទងនឹងប្រវត្តិគ្រុឌ
និងនាគនេះ ។

ឥសីកាស្យាបៈ មានភរិយា ១៣នាក់ ដែលជាបុត្រីរបស់ទក្សា
(ជាបុត្រាព្រះព្រហ្ម កើតចេញពីម្រាមមេដៃ) ឥសីកាស្យាបៈ (ជាឪពុករបស់ពពួកអប្សរ) បានប្រទានពរដល់ភរិយារបស់ព្រះអង្គ មុននឹងចេញទៅធ្វើតបៈ នាងកាទ្រុ បានសូមពរឲ្យមានកូន
១០០០ ក្បាល កើតមកជាសត្វនាគ ចំណែកបងស្រីរបស់នាងកាទ្រុ
គឺនាងវិណាត ច្រណែន ក៏បានសូមពរឲ្យមានកូនពីរអ្នក ដែលខ្លាំងជាងកូនរបស់នាងកាទ្រុ (មិនមែនកាទ្រីតទេ ហាហា) ។

ក្រោយមកនាងកាទ្រុ ក៏សម្រាលបានពងសត្វចំនួន ១ពាន់
ចំណែកនាងវិណាត សម្រាលបានពងសត្វចំនួន ២ ក្រោយពីប្រើវិធីក្រាបពងក្នុងទឹកក្តៅ ៥០០ឆ្នាំ ពងទាំង ១០០០
របស់នាងកាទ្រុ ក៏ញាស់ជានាគ ចំណែកឯកូនរបស់នាងវិណាត
មិនព្រមញាស់សោះ នាងវិណាតស្តាប់តាមនាងកាទ្រុ
ឲ្យបំបែកពងនោះ នាងវិណាតក៏បំបែកពងមួយ ដែលកើតបានជា
ព្រះអរុណ មានពាក់កណ្តាលខ្លួនជាមនុស្ស ដោយកើតមក
មិនពេញលក្ខណៈ ព្រះអរុណក៏ដាក់បណ្តាសារម្តាយគឺនាង វិណាត ឲ្យក្លាយជាទាសកររបស់នាងកាទ្រុ ៥០០ឆ្នាំ រហូតដល់
កូនទីពីររបស់នាងញាស់ ហើយព្រះអរុណក៏បានហោះទៅ
ធ្វើជាសារថីឲ្យព្រះសូរិយា ។ តាមទេវកថានេះតំណាលថា
ដោយសារតែបានព្រះអរុណនេះជាអ្នកបាំងកម្តៅព្រះអាទិត្យ
ទើបកម្តៅរបស់ព្រះអាទិត្យមិនបានធ្វើឲ្យផែនដីឆេះខ្លោច ។

នាងវិណាត បានចាញ់ការភ្នាល់បោកប្រាសរបស់នាងកាទ្រុ
ដោយនាងកាទ្រុសួរថាសេះអូសរទេះរបស់ព្រះសុរិយាមានសំបុរអ្វី?
នាងវិណាតថាពណ៌ស. តែនាងកាទ្រុថាពណ៌ស.លាយខ្មៅ
ហើយនាងកាទ្រុក៏ប្រើឲ្យកូននាគរបស់នាង
កាឡាខ្លួនជាអង្កត់ខ្មៅទៅនៅជាប់លើសេះអូសរទេះរបស់ព្រះសូរិយា ទើបធ្វើឲ្យនាងវិណាត ក្លាយជាទាសកររបស់នាងកាទ្រុ
និងពពួកនាគ ។ ពងរបស់នាងវិណាតមួយទៀត
ដែលត្រូវភ្ញាស់នៅក្នុងពេល ១០០០ឆ្នាំ ក៏បានញាស់មកជា ពាក់កណ្តាលខាងលើដូចមនុស្ស ពាក់កណ្តាលខាងក្រោម
ជាសត្វស្លាប ដោយមានដងខ្លួនក្រហម មុខស. និងរោមពណ៌មាស គេទទួលបានឈ្មោះថាសុពណ៌ (ក្រោយមកទទួលបានឈ្មោះជា
គ្រុឌវិញ) ។

ដោយចង់រំដោះម្តាយរបស់ខ្លួនពីទាសភាព
សុពណ៌បានទៅស្នើឲ្យពពួកនាគព្រមដោះលែងម្តាយរបស់ខ្លួន
ពួកនាគបានប្រាប់ឲ្យ សុពណ៌ទៅលួចទឹកអម្រិតពីព្រះឥន្ទ្រ
យកមកធ្វើជាថ្នូរនឹងម្តាយរបស់ខ្លួន ។ សុពណ៌ក៏ព្រម តែដើម្បីអាចហោះទៅដល់ស្ថានព្រះឥន្ទ្របាន ម្តាយរបស់គ្រុឌ
បានប្រាប់ឲ្យ សុពណ៌ទៅស៊ីពួកអំបូរអ្នកនេសាទមួយក្រុម តែជៀសវៀងកុំស៊ីដោយព្រាហ្មម្នាក់នៅជាមួយពួកអ្នកនេសាទនោះ
គ្រុឌក៏ធ្វើតាម តែ សុពណ៌ច្រឡំស៊ីដោយទាំងព្រាហ្ម ធ្វើឲ្យក្តៅពោះ
ត្រូវខ្ជាក់ចេញមកវិញ ។ សុពណ៌បានទៅសួរឪពុករបស់ខ្លួន
រកចំណីឲ្យស៊ី ឥសីកាស្យាបៈក៏បានប្រាប់ឲ្យ សុពណ៌ទៅចាប់ដំរី
និងអណ្តើក ដែលកំពុងឈ្លោះគ្នាធ្វើជាចំណី ដើម្បីរំដោះបាប
របស់ពោះគេ ព្រោះថាសត្វទាំងពីរធ្លាប់ជាព្រាហ្មកាលពីជាតិមុន
តែត្រូវមកកើតជាសត្វដោយសារដាក់បណ្តាសារគ្នាទៅវិញទៅមក ។

សុពណ៌បានចាប់ដំរី និងអណ្តើកទៅស៊ីនៅលើមែកពោធិ៍មួយ
(មែកពោធិ៍នោះមានប្រវែង ១០០០ យោជន៍ បើដាំបានតែមួយដើមអី ធ្វើស្ពានពីភ្នំពេញ នៅចាការតា នៅឥណ្ឌូនេស៊ី មិនបាច់
ចាក់ដែកបេតុទេ កាច់តែ ១មែក ដាក់ទៅដល់ហ្មង ហាហា)
ពេលទុំលើមែកពោធិ៍ មែកពោធិ៍ក៏បម្រុងនឹងបាក់ទៅលើពួកព្រាហ្មតឿ
កំពុងធ្វើតបៈ សុពណ៌ខ្លាចបាក់មែកពោធិ៍លើពួកព្រាហ្ម
ក៏ហោះពាំមែកពោធិ៍ចេញទៅ ពួកព្រាហ្មតឿក៏សរសើរ
និងឲ្យពរទៅសុពណ៌ និងប្រទាននាមឲ្យថា គ្រុឌ ដែលមានន័យថា
អ្នកដែលអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់ ។

បន្ទាប់ពីនោះ គ្រុឌក៏បានហោះទៅលួចទឹកអម្រិតនៅស្ថានទេវលោក
ដោយបានឆ្លងកាត់មាត់ច្រកអគ្គី និងបានធ្វើឲ្យអសិរពិស
នៅយាមទឹកអម្រិតពីរក្បាលខ្វាក់ភ្នែក ដោយសារការទទះស្លាប
បក់ធូលីចូលទៅក្នុងភ្នែករបស់ពស់ ។ ពេលលួចបានហើយ
ហោះចេញមកវិញ ជួបនឹងព្រះវិស្ណុ ដោយឃើញថាគ្រុឌមានគុណធម៌
លួចបានទឹកអម្រិតតែមិនផឹកដោយខ្លួនឯង ទើបព្រះវិស្ណុឲ្យពរ
ទៅគ្រុឌឲ្យមានជីវិតអមតៈ ហើយគ្រុឌក៏សុខចិត្តធ្វើជាជំនះ
របស់ព្រះវិស្ណុ ហោះទៅមុខទៀតជួបនឹងព្រះឥន្ទ្រ
ព្រះឥន្ទ្របានប្រើវជ្រា (ផ្លែរន្ទះ) បាញ់ទៅលើគ្រុឌ ដោយធ្វើឲ្យគ្រុឌ
របូតរោមតែមួយប៉ុណ្ណោះ គ្រុឌបានចចារជាមួយព្រះឥន្ទ្រ
ដោយសុំឲ្យយកទឹកអម្រិតទៅរំដោះម្តាយសិន ហើយចាំឲ្យ
ព្រះឥន្ទ្រទៅដណ្តើមយកទឹកអម្រិតមកវិញ ព្រះឥន្ទ្រយល់ព្រម
ហើយក៏បានឲ្យពរឲ្យគ្រុឌអាចចាប់នាគយកមកធ្វើជាចំណីបាន ។

ពេលគ្រុឌហោះនាំយកទឹកអម្រិតទៅឲ្យពពួកនាគ ពពួកនាគក៏ព្រមរំដោះនាងវិណាតពីទាសភាព ហើយគ្រុឌបានប្រាប់
ឲ្យពពួកនាគ គួរតែលាងជម្រះខ្លួនសិន មុននឹងផឹកទឹកអម្រិត
ពពួកនាគក៏ធ្វើតាម ហើយក៏បានយកស្លឹកស្មៅម្យ៉ាងទៅគ្របលើថូរ
ទឹកអម្រិត ។ ពេលពពួកនាគចុះងូតទឹក ព្រះឥន្ទ្រក៏ចុះមក
ឆក់យកថូរទឹកអម្រិតទៅវិញ ហើយស្មៅដែលគ្របថូរមានជាប់
ទឹកអម្រិតក៏ធ្លាក់ចុះមកក្រោម ពពួកនាគឡើងមកមិនឃើញទឹកអម្រិត
ក៏បានត្រឹមលិតទឹកអម្រិតដែលនៅជាប់នឹងស្លឹកស្មៅនោះ ធ្វើឲ្យពួកគេរយះអណ្តាតព្រែកជាពីរ ។

តាំងពីនោះមក នាគ និងគ្រុឌ មិនត្រូវគ្នានោះទេ គ្រុឌតែងតែចាប់នាគស៊ី
ជាហេតុបណ្តាលឲ្យនាគត្រូវទៅពួននៅក្នុងទឹក
ដោយលេបថ្មដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេធ្ងន់ លិចទៅក្នុងទឹក
ហើយនៅពេលគ្រុឌចាប់នាគបាន គ្រុឌក៏លើកកន្ទុយរបស់នាគឡើង
ដើម្បីទម្លាក់ថ្មចេញសិន មុននឹងស៊ីនាគ ។
ស្តេចនាគមួយក៏បានចូលទៅស្មោះស្ម័គ្រនឹងព្រះវិស្ណុ
ដើម្បីបញ្ជៀសខ្លួនពីការចាប់របស់គ្រុឌ នាគនោះគឺនាគអនន្ត
ចំណែកឯនាគពិសមួយទៀតគឺនាគកាលិយៈ
បានរត់គេចខ្លួនទៅនៅក្នុងបឹងមួយនៃទន្លេយមុនា ក្បែរភូមិវរិន្ទវ័ន
ជាភូមិរបស់ព្រះក្រឹស្ណៈ ក្រោយមកនាគនោះត្រូវបានបង្ក្រាបដោយ
ព្រះក្រឹស្ណៈ តែមិនបានសម្លាប់នោះទេ នាគកាលិយៈទៅពួននៅទីនោះ
ដើម្បីជៀសពីគ្រុឌ ព្រោះគ្រុឌមិនអាចចូលទៅបឹងនោះបាន
ដោយសារត្រូវបណ្តាសាររបស់ឥសីមួយអង្គ ។













EmoticonEmoticon