ភាពខុសគ្នារវាង ហនុមានឥណ្ឌា និង ហនុមានខ្មែរ

ភាពខុសគ្នារវាង ហនុមានឥណ្ឌា និង ហនុមានខ្មែរ

ហនុមានឥណ្ឌា នៅក្នុងបេះដូងមានតែព្រះរាម និងនាងសីតា
ដល់ ហនុមានខ្មែរលេងពួយទាំងក្មួយក្រុងរាពណ៌ ទាំងកូនស្រី
ក្រុងរាពណ៌ ទាំងប្រពន្ធក្រុងរាពណ៌ សំណាងណាស់ដែលមិនយកទាំង
ក្រុងរាពណ៌មួយទៀត


ហនុមាននៅក្នុងរឿងរាមាយណៈ ដែលខ្ញុំបានអានសៀវភៅ
បកប្រែដោយ លោកអ៊ំ ធន់ ហ៊ិន ឃើញថាហនុមាន មិនមាន
ប្រពន្ធនោះទេ ហើយបើតាមឈុតមួយរបស់រឿងឥណ្ឌា
នៅពេលដែលហនុមាន ទៅណាមកណាតាមព្រះរាមរហូត
ព្រះរាមក៏ប្រាប់ឲ្យហនុមាន ឈប់មកតាមព្រះអង្គ ហនុមាន
បានហែកដើមទ្រូងរបស់ខ្លួនបង្ហាញព្រះរាមថា នៅក្នុងបេះដូង
របស់ហនុមាន គឺមានតែព្រះរាម និងនាងសិតា តែប៉ុណ្ណោះ ។

ដោយឡែក ងាកមកមើលរឿងរាមកេរ្តិ៍ខ្មែរវិញ នៅពេលទៅចងស្ពាន
រាមសេថុ ឆ្លងពីជម្ពូទ្វីប ទៅកោះលង្កា ពពួកមច្ឆាបានមកដកថ្មចេញ
ធ្វើឲ្យហនុមានខឹង ចុះទៅចាប់មេរបស់ហ្វូងមច្ឆា គឺនាងសុវណ្ណមច្ឆា
(បុត្រីក្រុងរាពណ៌) ទៅចាប់នាងសុវណ្ណមច្ឆា រហូតដល់បានកូនមួយ
ឈ្មោះមច្ឆានុព ឬមច្ឆានព ឬឯកសារខ្លះហៅថាមហារំអិល ។
នៅពេលមួយទៀត នៅពេលដែលនាងបុញ្ញកាយ (ក្មួយស្រី
ក្រុងរាពណ៌) កាឡាខ្លួនជាសាកសពនាងសិតា អណ្តែតមកក្បែរ
រាជរោងរបស់ព្រះរាម ដើម្បីបំបាក់ទឹកចិត្តរបស់ព្រះរាម
នៅពេលដែលហនុមានដឹងថានាងជាបុញ្ញកាយយក្សា
ហនុមានក៏សុំឲ្យព្រះរាមយកសាកសពហ្នឹ៎ងទៅបូជាល.មើល
ដល់ពេលត្រូវភ្លើងក្តៅបុញ្ញកាយក៏ក្លាយជាយក្ស ហោះទៅលើអាកាស ហើយហនុមានក៏ទៅចាប់យកមកវិញ បម្រុងនឹងសម្លាប់
តែដោយសារនាងជាកូនរបស់ពិភេកហោរា ជាប្អូនក្រុងរាពណ៌
ដែលចុះចូលមកបម្រើព្រះរាម ទើបគេដោះលែងនាងឲ្យរួចខ្លួន
ពេលជូនដំណើរនាងបុញ្ញកាយទៅវិញ ហនុមានក៏លួចស្នេហ៍ស្និត
នឹងនាងបុញ្ញកាយមួយទៀត រហូតបានកូន មួយ ឈ្មោះអសូរផាត់ ។
ខ្ញុំមិនចាំថាខ្ញុំបាន អាន ឬក៏បានឮមកពីណា ថាហនុមានធ្លាប់បន្លំខ្លួន
ជាក្រុងទសមុខ ឬក្រុងរាពណ៌ ហើយបានទៅដេកជាមួយនាងមន្ទោគិរី
ដែលនាងមន្ទោគិរីនេះ រាប់ទុកជាមនុស្សស្រីស្អាតបំផុតក្នុងចំណោម
ស្រីស្អាត ៤ នាក់នៅក្នុងផ្នត់គំនិតរបស់ព្រហ្មញ្ញសាសនា
ក្នុងនោះមាននាងសីតា និងពីនាក់ទៀតខ្ញុំមិនចាំ ប្រហែលជា
ព្រះនាងលក្ស្មី និងនាងទ្រៅបទី ក្នុងរឿងមហាភារតៈយុទ្ធ ក៏មិនដឹង ។

នាងមន្ទោគិរីនេះ ធ្លាប់ជាប្រពន្ធរបស់ពាលី បងរបស់សុគ្រីព មានកូនប្រុសមួយឈ្មោះថា អង្គទ ហើយក្រោយមកក្រុងរាពណ៌
មកដណ្តើមនាងពីពាលី ហើយមានកូនជាច្រើននាក់ ក្នុងនោះ
មានឥន្ទ្រជិតមួយដែរ ។ ឈុតហនុមានកាឡាខ្លួនជាក្រុងរាពណ៌
ឬទសមុខ ឬទសកណ្ឌនេះ ខ្ញុំមិនចាំថាជារាមកេរ្តិ៍ក្នុងវត្តព្រះកែវ
បោះពុម្ពដោយរៃយំ ឬមួយក៏សៀវភៅរាមកេរ្តិ៍នៃតាចក់ ឬក៏រៀមកេរ្តិ៍
និទានដោយតាគ្រុឌ ដល់អាន ដល់មើល ដល់ស្តាប់
ច្រើនប្រភពពេកទៅ លែងដឹងប្រភពមួយណាឲ្យប្រាកដ
តែការដេកនៅជាមួយនាងមន្ទោគិរីនេះ គ្មានកូននោះទេ ។

ដូច្នេះ ប្រសិនបើយើងនិយាយជារួមមកគឺហនុមានរបស់
រាមាយណៈ និងហនុមានរបស់រាមកេរ្តិ៍ខ្មែរ មានចំណុចខុសគ្នាឆ្ងាយ
ហនុមានខ្មែរលេងពួយទាំងក្មួយក្រុងរាពណ៌ ទាំងកូនស្រីក្រុងរាពណ៌
ទាំងប្រពន្ធក្រុងរាពណ៌ សំណាងណាស់ដែលមិនយកទាំង
ក្រុងរាពណ៌មួយទៀត ហាហា ។ នេះប្រហែលជាចង់បង្ហាញអត្តចរិត
របស់ខ្មែរ ដែលមនុស្សខ្លាំងច្រើនតែរប៉ិលរប៉ូច មានប្រពន្ធលួចលាក់ច្រើន
ដែលខុសពីការគិតរបស់ជនជាតិឥណ្ឌា ។
ប្រហែលជាហនុមាននៅក្នុងរឿងរាមាយណៈណាមួយរបស់ឥណ្ឌា
មានលក្ខណៈដូចហនុមានខ្មែរដែរ ព្រោះថានៅឥណ្ឌា
ក៏មានរឿងរាមាយណៈនិទានផ្សេងៗគ្នា ជាច្រើនបែបច្រើនទម្រង់ដែរ
ដែលតម្រូវឲ្យមានការសិក្សាបន្ថែម ។







EmoticonEmoticon