សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី ១៤ នៅក្នុងរឿងមហាភារតៈយុទ្ធ

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី ១៤ នៅក្នុងរឿងមហាភារតៈយុទ្ធ

នៅថ្ងៃទី ១៤ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ នៅក្នុងរឿងមហាភារតៈ
យុទ្ធ ចាត់ទុកថាជាថ្ងៃដែលមានព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយទៀត
គឺនៅថ្ងៃទី ១៣ ក្រុមមេទ័ពកុរវៈ ៦ នាក់ បានព្រួតគ្នាសម្លាប់ អភិមន្យុ
កូនប្រុសរបស់អរជុន មេទ័ពធំខាងបណ្ឌវៈ ដើម្បីសងសឹកឲ្យកូនប្រុស
របស់ខ្លួន អរជុនបានចំណាយពេលមួយថ្ងៃពេញ នៅក្នុងសង្គ្រាមថ្ងៃទី
១៤ ដើម្បីតាមសម្លាប់ ជ័យទ្រថ ដែលជាអ្នកការពារក្បួនព្យូហ
សង្គ្រាមរបស់ក្រុមកុរវៈ បណ្តាលឲ្យអភិមន្យុ ត្រូវគេសម្លាប់
អរជុនបានធ្វើសម្បថនឹងសាកសពរបស់បុត្ររបស់ព្រះអង្គថា
ប្រសិនបើព្រះអង្គសម្លាប់ ជ័យទ្រឋ មិនបាន នៅក្នុងថ្ងៃនេះ
ព្រះអង្គនឹងដុតខ្លួនរបស់ព្រះអង្គទាំងរស់ ។ ដោយសារចំណាយពេល
យូរពេកក្នុងការបំបែកក្បួនទ័ពរបស់ទ្រោណាចារ្យ ព្រះក្រឹស្ណៈដែលជា
នាយសារថីឲ្យអរជុនដឹងថា អរជុននឹងមិនអាចវាយចូលដល់ចំណុច
កណ្តាលនៃក្បួនទ័ពបទុមចក្រនោះបានទេ ហេតុនេះហើយទើប
ព្រះក្រឹស្ណៈបានប្រើល្បិចដកយកកងចក្ររបស់ព្រះអង្គ ចោលទៅ
លើអាកាស ធ្វើឲ្យបាំងព្រះអាទិត្យ ក្លាយជាមេឃងងឹត ហើយអរជុន
ក៏បានប្រាប់ឲ្យគេរៀបចំភ្លើងដើម្បីបូជាខ្លួនឯង ព្រោះថាអរជុន
មិនអាចសម្លាប់ជ័យទ្រថតាមពាក្យស្បថរបស់ខ្លួន ។ នៅពេលដែល
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ជ័យទ្រថក៏បានចូលមកមើលពិធីបូជាខ្លួន
របស់អរជុនដែរ នៅពេលនោះព្រះក្រឹស្ណៈក៏ទាញកងចក្រត្រឡប់មកវិញ
ព្រះអាទិត្យក៏ជះពន្លឺមកលើសមរភូមិកុរុក្សេត្រវិញ ហើយក្រឹស្ណៈក៏បាន
ប្រាប់ឲ្យអរជុន ដកធ្នូបាញ់ផ្តាច់ក្បាលរបស់ជ័យទ្រថ ទៅទម្លាក់
លើដៃបិតារបស់ជ័យទ្រថដែលកំពុងសមាធិនៅក្នុងព្រៃ ។

កាលពីពេលឡើងសោរាជ្យនៅនគរសិន្ធុ ព្រះបិតារបស់ជ័យទ្រថ
បានបង្វែររាជ្យបល្ល័ង្កទៅឲ្យជ័យទ្រថ ដោយព្រះអង្គទាយដឹងថា
ទៅថ្ងៃអនាគតជ័យទ្រថបុត្ររបស់ព្រះអង្គនឹងត្រូវស្លាប់ដោយគេកាត់
ក្បាល ដោយហេតុនេះហើយព្រះអង្គបានបំពេញតបៈ បួងសួង
សូមពរសូមឲ្យអ្នកដែលធ្វើឲ្យក្បាលរបស់បុត្រព្រះអង្គធ្លាក់ដល់ដី
ក្បាលរបស់ជននោះនឹងបែកចេញជាមួយពាន់ភាគ ។ ហេតុដូច្នេះ
ហើយ នៅពេលដែលអរជុនបាញ់កាត់ក្បាលជ័យទ្រថធ្លាក់ទៅលើ
ដៃបិតារបស់ជ័យទ្រថកំពុធធ្វើសមាធិ បិតារបស់ជ័យទ្រថភ្ញាក់
ក៏ទម្លាក់ក្បាលជ័យទ្រថទៅលើដី ហើយក្បាលរបស់ព្រះអង្គក៏បែក
ទៅជាមួយពាន់ភាគភ្លាមនោះ គឺពាក្យទំនាយនោះធ្លាក់លើខ្លួនព្រះអង្គ ។

ជ័យទ្រថនេះ ប្រសិនបើរាប់ខ្សែស្រឡាយទៅ គឺត្រូវជាប្អូនថ្លៃរបស់
ទុរយោធន៍ ព្រោះថាព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង
ទុហសាលា ដែលជាបុត្រីតែម្នាក់គត់របស់ព្រះបាទធ្ឬតរាស្ត្រ និង
ព្រះនាងគន្ធារី ។ ជ័យទ្រថនេះនៅពេលដែលពួកបណ្ឌវៈចាញ់ភ្នាល់
បាស្កានឹងពួកកុរវៈ ជ័យទ្រថនេះធ្លាប់មកចាប់យកនាងទ្រៅបទី
ដែលជាមហេសីរបស់ពួកបណ្ឌវៈ ពេលពួកបណ្ឌវៈចាប់បាន ក៏ចាប់
យកមកកោរសក់ទុកជុកនៅលើក្បាល ៥ ។

នៅប្រាសាទបាពួន មានចម្លាក់បង្ហាញរូបអរជុនអង្គុយត្រៀមនឹង
បូជាខ្លួន ដោយមានការបង្កាត់ភ្លើងយ៉ាងសន្ធោសន្ធៅ ហើយនៅក្នុង
ភ្នក់ភ្លើងនោះមានរូបដងខ្លួនកំបុតក្បាលមួយ ហើយនៅខាងលើ
ភ្នក់ភ្លើងមានក្បាលមួយត្រូវបានកាត់ដោយផ្លែព្រួញ និងនៅពីខាងលើ
ចម្លាក់នោះមួយផ្ទាំង មានចម្លាក់មួយផ្ទាំងបង្ហាញរូបបិតារបស់ជ័យទ្រថ
ក្នុងលក្ខណៈជាតាបសកំពុងសមាធិ និងមានក្បាលរបស់ជ័យទ្រថ
ធ្លាក់មកនៅលើដៃ ។ ចម្លាក់នេះ បង្ហាញអំពីចំណេះដឹងរបស់សិល្បៈករ
ខ្មែរនៅក្នុងសម័យបាពួន (បាភួន) គឺមានការយល់ដឹងស៊ីជម្រៅអំពី
សាច់រឿងមហាភារតៈយុទ្ធនេះណាស់ ទើបអាចឆ្លាក់ជាសាច់រឿង
ដោយលំអិតនៅត្រង់ចំណុចនេះ តែគួរឲ្យស្តាយដែលបច្ចុប្បន្ននេះមាន
ខ្មែរយើងមិនច្រើននោះទេដែលដឹងពីសាច់រឿងមហាភារតៈយុទ្ធឲ្យបាន
លម្អិតនោះ ។






EmoticonEmoticon