រឿងនិទានកំណើតប្រាសាទអង្គវត្ត នៅក្នុងរាជ្យស្តេចកេតុមាលា

រឿងនិទានកំណើតប្រាសាទអង្គវត្ត នៅក្នុងរាជ្យស្តេចកេតុមាលា អាចជាការដំណាលរឿងក្លាយចេញពីរឿងមហាភារតៈយុទ្ធ
ប្រវត្តិសាស្ត្រមួយផ្នែករបស់ខ្មែរយើងគឺត្រូវបានកត់ត្រាឡើងជាលក្ខណៈ
រឿងព្រេងនិទាន ដែលមានការបញ្ចូលនូវអារ្យភាពផ្សេងៗ
និងការច្នៃប្រឌិតផ្សេងៗ លើសពីតថភាពនៃប្រវត្តិសាស្ត្រពិត
ជាក់ស្តែងដូចជារឿងព្រះថោង នាងនាគ រឿងព្រះកតុមាលា
រឿងព្រះព្រហ្មកិលជាដើម ដែលសុទ្ធសឹងតែមានផ្នែកខ្លះគឺពិបាក
គួរឲ្យជឿទុកចិត្តថាជារឿងពិត ។ សម្រាប់រឿងព្រះកេតុមាលា
ក៏មានសាច់រឿងដំណាលទាក់ទងនឹងព្រះពិស្ណុការ
ដែលដំណើររឿងកើតចេញពីតាលឹមសេង និងនាងទិព្វសុតាច័ន្ទ
គ្រាន់តែស្តាប់ឈ្មោះ ក៏យើងយល់ថាសាច់រឿងនេះ
បានទទួលឥទ្ធិពលនៃរឿងព្រេងចិនមួយផ្នែក ដោយយកមកធ្វើជា
ខេមរនិយកម្ម ដើម្បីឲ្យសមស្របទៅនឹងជំនឿ និងផ្នត់គំនិតរបស់ខ្មែរ ។
រឿងព្រះកេតុមាលានេះ មានសេចក្តីទាក់ទងនឹង តាទា យាយវង
ដែលបានឡើងសោយរាជ្យនៅនគរខ្មែរ ក្រោយពីស្តេចអង្គមុន
ចូលទីវង្គតដោយពុំមានបុត្រ ហើយដោយគាត់ទាំងពីចាស់ពេក
មិនអាចមានបុត្របាន គាត់ក៏បានបួងសួងសូមបុត្រ ព្រះឥន្ទ្រក៏បាន
ប្រទានបុត្រមួយអង្គ ដោយមានព្រះនាមថាព្រះកេតុមាលា
នៅពេលព្រះកេតុមាលាធំដឹងក្តី ដោយមានព្រះទ័យនឹងបុត្រពេក
ព្រះឥន្ទ្រក៏ប្រើឲ្យព្រះមាតុលីបររាជរថពីស្ថានទេវលោកមកនាំព្រះកេតុ
មាលាទៅជួបព្រះអង្គ ។ ព្រះឥន្ទ្របាននាំព្រះកេតុមាលាទៅទស្សនា
ស្ថានទេវលោក ហើយបានឲ្យព្រះកេតុមាលារើសប្រាសាទណាមួយ
ធ្វើជាគំរូដើម្បីយកទៅសាងនៅនគរខ្មែរ ដោយព្រះកេតុមាលាមិនហ៊ាន
តាំងខ្លួនស្មើនឹងព្រះឥន្ទ្រ ព្រះអង្គក៏សូមត្រឹមក្រោលគោរបស់ព្រះឥន្ទ្រ
ពេលនោះព្រះឥន្ទ្រក៏បានឲ្យព្រះពិស្ណុការដែលជាបុត្ររបស់ព្រះនាងទិព្វ
សុតាច័ន្ទ ចុះទៅសាងប្រាសាទថ្វាយដល់ព្រះកេតុមាលា
ហើយរឿងនិទានក៏បានដំណាលទៀតថាប្រាសាទនោះគឺប្រាសាទអង្គរវ
ត្តនេះឯង ហើយក៏មានការសាងប្រាសាទជាច្រើនទៀតផងដែរ
ធ្វើឲ្យនគរខ្មែរមានប្រាង្គប្រាសាទប្រណីតៗដូចស្ថានទេវលោករបស់
ព្រះឥន្ទ្រ ទើបបានជាដាក់ឈ្មោះនគរថា ឥន្ទ្របស្ថ ឬឥន្ទ្របថ
ដែលមានន័យថាដូចក្រុងរបស់ព្រះឥន្ទ្រ ។ ពាក្យថាឥន្ទ្របថនេះ
ក៏ត្រូវបានខ្មែរយើងហៅសម្តៅទៅលើនគរខ្មែរ ឬរាជធានីខ្មែររហូតមក ។
ក្រលេកទៅមើលរឿងមហាភារតៈយុទ្ធវិញ នៅពេលដែលត្រកូល
បណ្ឌវៈទាំងប្រាំ បានចេញពីព្រៃ នៃធ្វើស្វយម្ភរបាននាងទ្រៅបាទី
ធ្វើជាមហេសីមក ព្រះបាទធ្ឬសរាស្ត្រ ដែលត្រូវជាព្រះបិតុលា
ក៏បានយាងពួកបណ្ឌវៈឲ្យចូលនគរហស្តិនបុរីវិញ ដោយយល់ព្រម
បែងចែកនគរឲ្យពាក់កណ្តាល ដោយឲ្យពួកបណ្ឌវៈទៅរានព្រៃ
ខណ្ឌវៈដើម្បីសង់នគរ ។ នៅពេលដុតព្រៃដើម្បីយកដីសង់នគរនោះ
អរជុន ដែលជាកូនទី ៣ នៃត្រកូលបណ្ឌវៈ បានជួយសង្គ្រោះ រក្សៈ
(ត្រកូលយក្សមួយប្រភេទ) ម្នាក់ ពីការសម្លាប់របស់ព្រះក្រឹស្ណៈ
រាក្សៈនោះមានឈ្មោះថា មាយា (ម៉ាយ៉ា) ហើយដើម្បីជាការសងគុណ
មាយា បានក៏សាងទីសភាមួយថ្វាយដល់បងប្អូនត្រកូលបណ្ឌវៈ
ដែលទីសភានោះគឺ ល្អឯកពុំមានអគារនៅទីឯណានឹងល្អស្មើនោះទេ
ហើយអគារនោះមានឈ្មោះថា មាយាសភា
ហើយដោយទីក្រុងនោះពោរពេញទៅដោយសំណង់អគារដ៏ប្រណីត
គេក៏បានតាំងឈ្មោះទីក្រុងនោះថា ឥន្ទ្របថបុរី ឬឥន្ទ្របស្តបុរី
ដែលមានន័យថាក្រុងស្អាតដូចស្ថានរបស់ព្រះឥន្ទ្រ ។
ពេលសម្ពោធនគរឥន្ទ្របថ ក៏មានការយាងអញ្ជើញឲ្យមានការចូលរួម
ពីសំណាក់នគរផ្សេងៗ ក៏ដូចជាការអញ្ជើញពួកកុរវៈ
ពីដែនហស្តិនបុរីមកចូលរួមផងដែរ ដែលក្រោយមកទុរយោធន៍
ជាកូនច្បងនៃពួកកុរវៈច្រណែន ក៏ប្រើល្បិចលេងល្បែងបាស្កា
ដណ្តើមយកនគរឥន្ទ្របថបាន ។
ក្រោយពីចាញ់នគរត្រកូលបណ្ឌវៈត្រូវបាននិរទេសទៅនៅព្រៃ ១២ ឆ្នាំ
នៅពេលនៅក្នុងព្រៃនោះ អរជុន ក៏បានទៅជួបព្រះសិវៈដើម្បីសូម
អាវុធម្យ៉ាង ដែលអាវុធនោះគឺស.បសុបទៈ ទុកសម្រាប់ប្រើក្នុងសង្គ្រាម
ជាមួយពួកកុរវៈនៅក្រោយពេលនិរទេសនោះ ។ ក្រោយពីបាន
ស.នោះហើយ នៅដំណើរតាមផ្លូវ ព្រះឥន្ទ្របានប្រើឲ្យមាតុលី ជានាយសារថីរបស់ព្រះអង្គ បររាជរថមកយកអរជុនទៅជួបព្រះអង្គ
ព្រោះថាអរជុនគឺជាបុត្ររបស់ព្រះអង្គកើតចេញពីពិធីនិយោគ
រវាងព្រះអង្គ និងព្រះនាងកុនតិ មូលហេតុដោយសារស្តេចបាណ្ឌុ
ដែលជាស្វាមី និងជាបិតារបស់ពួកបណ្ឌវៈ មិនអាចរួមសង្វាសជាមួយ
មនុស្សស្រីបានទេ ព្រោះព្រះអង្គត្រូវពាក្យបណ្តាសារពីព្រាហ្មម្នាក់
នៅពេលដែលព្រះអង្គបាញ់ព្រួញទៅលើព្រាហ្មនោះពេលកំពុងមាន
សង្វាសជាមួយភរិយារបស់ខ្លួន ។ ដោយសារតែអរជុនជាបុត្រ
របស់ព្រះឥន្ទ្របែបនេះហើយ ទើបព្រះឥន្ទ្រចង់ជួប
យកទៅបង្រៀនវិជ្ជាការផ្សេងៗ និងឲ្យអរជុនទៅជួយកម្ចាត់ពពួកយក្ស
និងរក្សៈ មួយចំនួន ដែលពពួកទេវៈមិនអាចកម្ចាត់បាន ។ រហូតដល់
ចុងឆ្នាំទី ១២ ទើបព្រះឥន្ទ្របញ្ជួនអរជុនមកជួបពួកបណ្ឌវៈ
ផ្សេងៗទៀត ។
បើតាមសាច់រឿងនេះយើងឃើញថារឿងព្រះកេតុមាលា និងផ្នែកមួយ
នៃជីវិតរបស់អរជុន នៅក្នុងរឿងមហាភារតៈ គឺពិតជាមានដំណើររឿង
ប្រហាក់ប្រហែលគ្នា បើទោះបីអរជុនមិនមែនជាស្តេចផែនដីក៏ដោយ
ក៏បងប្រុសរបស់អរជុន គឺយុធិស្ធិរៈ គឺជាស្តេចនគរឥន្ទ្របថ ។
តាមរយៈតឹកតាងចម្លាក់រឿងមហាភារតៈនៅសម័យអង្គរ
ដែលមានទាំងនៅប្រាសាទកោះកេរ បន្ទាយស្រី បាពួន (បាភួន)
អង្គរវត្ត និងនៅតាមប្រាសាទដូចជាស្នឹងខាងលិច នៅបាត់ដំបង
និងប្រាសាទបាកាណ នៅខេត្តព្រះវិហារ ទាំងនេះស.បញ្ជាក់
ឲ្យឃើញថាបុព្វបុរសខ្មែរយល់ដឹងរឿងមហាភារតៈនេះបានច្បាស់ណា
ស់ មើលសូម្បីតែងាររបស់ចៅហ្វាយខេត្តត្បូងឃ្មុំពីដើម ក៏ងារជា អរជុន ដែរ តែប្រហែលដោយសារមូលហេតុសង្គ្រាមទើបធ្វើឲ្យរឿង
មហាភារតៈនេះ បានបាត់បង់ចេញពីសង្គមខ្មែរ និងប្រែក្លាយ
បន្តិចម្តងៗទៅជារឿងនិទាន ។ នៅមានសាច់រឿងផ្សេងៗជាច្រើនទៀត
នៅក្នុងរឿងព្រេងខ្មែរ ដែលក្លាយចេញមកពីរឿងមហាភារតៈនេះ
តែដោយសារខ្មែរយើងមិនសូវបានសិក្សាយល់ដឹងស៊ីជម្រៅអំពី
រឿងមហាភារតៈនេះ ទើបធ្វើឲ្យយើងមិនអាចដឹងពីប្រភពនៃ
រឿងព្រេងទាំងនោះ ។


EmoticonEmoticon