រឿងព្រេងទាក់ទងនឹងប្រាសាទនគរបាជ័យ នៅខេត្តកំពង់ចាម

រឿងព្រេងទាក់ទងនឹងប្រាសាទនគរបាជ័យ នៅខេត្តកំពង់ចាម អាចជាការនិទានក្លាយនៃរឿង ប្រឍ្យុម្នៈ ជាបុត្ររបស់ព្រះក្រឹស្ណៈ
រឿងព្រេងទាក់ទងនឹងប្រាសាទនគរបាជ័យបានដំណាលថា
មានប្តីប្រពន្ធមួយគូមានកូនខ្ចីទើបតែកើត បានយកកូនខ្ចីនោះ
ទៅតុកនៅក្រោមដើមឈើ ហើយបានទៅធ្វើស្រែ ក្រោយមកមានសត្វ
មកទុំលើដើមឈើបន្ទោបង់មកលើកូននោះ ជាហេតុធ្វើឲ្យឪពុកម្តាយ
ត្រូវយកកូនទៅលាងសម្អាតនៅមាត់ទន្លេ ពេលលាងសម្អាតនោះ
ក៏របូតដៃធ្លាក់កូនទៅក្នុងទឹក ភ្លៀមនោះក៏មានត្រីធំមួយមកត្របាក់
លេបទៅបាត់ ។ ត្រីដែលត្របាក់លេបនោះ ត្រូវបានចាប់ដោយ
អ្នកនេសាទម្នាក់ ពេលវះកាត់ទៅឃើញកូនក្មេង អ្នកនេសាទនោះ
ក៏យកក្មេងនោះទៅថ្វាយស្តេចស្រុកចិន ។ កុមារនោះមានឈ្មោះថា
ព្រហ្ម ពេលធំដឹងក្តី ចង់ដឹងប្រភពកំណើតរបស់ខ្លួន ក៏បានលា
ស្តេចចិនជាឪពុកចិញ្ចឹមមកតាមរកម្តាយ រកមិនឃើញ តែបានជួប
ស្ត្រីមេម៉ាម្នាក់មានរូបសម្រស់ស្អាត ក៏យកនាងនោះជាភរិយា
ក្រោយមកពេលនាងជាភរិយានោះវែកក្បាលឃើញមានស្លាកស្នាម
សួរនាំចុះឡើងទើបដឹងថាជាកូន និងម្តាយ ទើបបង្គាប់ឲ្យនាយព្រហ្ម
នោះ សាងចេតិយជូន ដើម្បីលាងបាប ។

ឥឡូវងាកមកមើលរឿងរបស់ ប្រឍ្យុម្នៈ ជាបុត្ររបស់ព្រះក្រឹស្ណៈវិញ
គឺនៅពេលប្រឍ្យុម្នៈកើតភ្លាម មានស្តេចយក្សមួយឈ្មោះថា សម្ពរៈ
(Sambara) បានមកលួចកូនក្មេងទើបនឹងកើតនោះ យកទៅចោល
នៅក្នុងទន្លេ ព្រោះមានទំនាយទាយថា បុត្ររបស់ព្រះក្រឹស្ណៈមួយនេះ
នឹងក្លាយជាអ្នកសម្លាប់ស្តេចយក្សនោះ ។ ពេលបោះចូលទៅក្នុង
ទន្លេនោះមានត្រីធំមួយត្របាក់លេប ប្រឍ្យុម្នៈ ហើយក៏មាន
អ្នកនេសាទម្នាក់ចាប់បានត្រីនោះ ក៏យកទៅថ្វាយស្តេចយក្សសម្ពរៈ
ស្តេចយក្សនោះក៏ឲ្យនាងភិលៀងម្នាក់ចិញ្ចឹមកូនខ្ចីនោះ ដែលតាមពិតទៅនាងភិលៀងនោះ គឺជានាងរាតិ ដែលត្រូវជា
ភរិយារបស់ ប្រឍ្យុម្នៈ កាលពីអតីតជាតិ ដែលកាលពីអតីតជាតិ
ប្រឍ្យុម្នៈ គឺជាព្រះកាមទេព ដោយសារតែបាញ់ព្រួញរបស់ខ្លួន
ទៅលើព្រះសិវៈ ជាហេតុធ្វើឲ្យព្រះសិវៈប្រើព្រះនេត្រទីបី ដុតឆេះ
ទើបមកចាប់កំណើតជាបុត្ររបស់ព្រះក្រឹស្ណៈ ។ នៅពេលធំឡើង
នាងម្តាយចិញ្ចឹមនោះក៏បានប្រាប់ ប្រឍ្យុម្នៈអំពីដំណើររឿង
របស់ព្រះអង្គ ហើយបានឲ្យព្រះអង្គសម្លាប់ស្តេចយក្សសម្ពរៈ
និងយកនាងធ្វើជាភរិយា ។
យើងឃើញថារឿងនេះមានដំណើររឿងប្រហាក់ប្រហែលគ្នា
លើសពីនេះប្រាសាទនគរបាជ័យសាងនៅសម័យបាយ័ន
ហើយនៅប្រាសាទបាយ័ន ក៏មានចម្លាក់រឿង ប្រឍ្យម្នៈនេះដែរ
ដែលអាចចាត់ទុកថាជាផ្នែកមួយនៃរឿងមហាភារតៈយុទ្ធ
ទោះបីជានៅសម័យបាយ័នរឿងមហាភារតៈយុទ្ធ និងរឿងរាមកេរ្តិ៍
មិនត្រូវបានគេយកមកឆ្លាក់នៅតាមប្រាសាទយ៉ាងណាក៏ដោយ ។
សាច់រឿងគឺមានការយកម្តាយបង្កើត និងម្តាយចិញ្ចឹមយកមកធ្វើជា
ប្រពន្ធ គ្រាន់តែនៅក្នុងរឿងព្រេងខ្មែរ បានប្រែក្លាយដំណើររឿងឲ្យ
ទាក់ទងនឹងប្រទេសជិតខាងខ្មែរ មិនមែនជាទឹកដីនៅដែនជម្ពូទ្វីប ។
ពិត ឬមិនពិតយ៉ាងណា ក៏ត្រូវការការសិក្សា និងការវិភាគបន្ថែមទៀត ។
រូបថតទាំងអស់មិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះទេ ។


EmoticonEmoticon