ពីធីបុណ្យភ្ជុំនៅថៃ

ពីធីបុណ្យភ្ជុំនៅថៃ
ជាទូទៅយើងដឹងច្បាស់ថាថៃមានបុណ្យចូលឆ្នាំ ឬមហាសង្ក្រាន្តដូចយើង តែយើងមិនសូវដឹងរឿងភ្ជុំនេះទេ នៅថៃក៏មានពីធីបុណ្យភ្ជុំស្រដៀងគ្នានឹងខ្មែរដែរ មានជំនឿរឿងប្រេតរឿងអីដូចគ្នា ថៃគេហៅបុណ្យនេះថា «วันสารท» អានថា «វ៉ាន់សាត» បើបកប្រែឲ្យត្រង់ គឺថ្ងៃសារទ ដែលពាក្យថាសារទ ហ្នឹ៎ង គឺខ្មែរយើងនិយមហៅថា សារទរដូវ គឺរដូវរំហើយ ។
បើតាមឯកសារថៃរៀបរាប់ថា បុណ្យហ្នឹងមានប្រភពពីបុណ្យរបស់ព្រហ្មញ្ញសាសនា
ដែលក្រោយមកបានផ្លាស់ប្តូរមកជាបុណ្យរបស់ព្រះពុទ្ធសាសនាវិញ ហើយបើយើងមើលកំណត់ហេតុរបស់អ្នកស្រុកចេនឡា របស់ជីវតាក្វាន់ គាត់ក៏បានរៀបរាប់ដែរថានៅសម័យអង្គរក៏មានបុណ្យនេះដែរ ដែលគេធ្វើឡើងនៅក្នុងខែទី ១០ តាមចន្ទគតិ គឺគួរតែត្រូវនឹងខែភទ្របទនេះឯង ហើយជីវតាក្វាន់ក៏បានលើកឡើងថា បុណ្យនេះមើលទៅដូចជាខ្ជះខ្ជាយខ្លាំងណាស់ មានការចំណាយច្រើនជ្រុល រហូតដល់ទៅ ១៥ថ្ងៃ ។ ឯកសារថៃបានបញ្ជាក់ទៀតថាបុណ្យនេះ គឺគេធ្វើឡើងសម្រាប់ប្រជាជនច្រូតកាត់ប្រមូលកសិផលដំបូងរបស់ខ្លួន យកមកបូជាដល់ព្រះ ឬវត្ថុស័ក្តិសិទ្ធិ ដែលគេមានជំនឿលើ ដើម្បីទទួលបានបុណ្យបានកុសលសម្រាប់ជីវិតរស់នៅ ក៏ដូចជាសម្រាប់អំណោយផលនៃការច្រូតកាត់នៅឆ្នាំក្រោយ ។
ក្រៅពីតំបន់ដែលមានខ្មែរដើមរស់នៅនៅសុរិន្ទ បុរីរម្យ ស៊ីសាកេត និងខេត្តតាមបណ្តាយព្រំដែនខ្មែរផ្សេងទៀត (ដែលពួកគាត់ហៅបុណ្យនេះថាបុណ្យសែនដូនតា ដូចខ្មែរនៅកម្ពុជាក្រោមដែរ) នៅថៃនៅមានបណ្តាខេត្តភាគខាងត្បូងមួយចំនួនទៀតដែលប្រារព្ធពិធីបុណ្យនេះយ៉ាងគគ្រឹកគគ្រេងផងដែរ ដូចជានៅនគរស្រីធម្មរាជា ដែលចាត់ទុកជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាធំមួយទៀតនៅប្រទេសថៃតាំងពីសម័យបុរាណ ហើយក៏ចាត់ទូកជាតំបន់ដែលទទួលឥទ្ធិពលវប្បធម៌ខ្មែរតាំងពីសម័យបុរាណ ។




EmoticonEmoticon