លេខ ១០៨ និងសង្គមវប្បធម៌ខ្មែរ

លេខ ១០៨ និងសង្គមវប្បធម៌ខ្មែរ
ប្រសិនបើនិយាយលេខ ១០៨ បែបមិនសូវមានអ្នកចាប់អារម្មណ៍
នោះទេ ប៉ុន្តែប្រសិនបើនិយាយថា ៥៤ ប្រហែលជាមាន
អ្នកចាប់អារម្មណ៍ ដោយសារតែលេខ ៥៤ នេះ
គេថាជាចំនួនកំពូលរបស់ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខបួន
(ផ្នែកខ្លះក៏មានមុខតែបី ឬក៏មុខតែពីរ ដែរ) ។ មានការបកស្រាយ
មួយចំនួនថា មកពីសម័យនោះខ្មែរយើងមានខេត្តរហូតដល់ទៅ ៥៤ ខេត្ត
ដែលយើងពុំដែលជួបភស្តុតាងគួរឲ្យទុកចិត្តណាមួយ
ទាក់ទងនឹងការលើកឡើងនេះទេ ព្រោះថានៅសម័យលង្វែកដែលខ្មែរ
បាត់បង់អធិបតេយ្យភាពបូរណភាពទឹកដីអស់មួយចំនួនទៅហើយនោះ
ក៏យើងនៅមានជាង ៦០ ខេត្តទៀតដែរ អញ្ចឹងការលើកឡើងថា ៥៤
ជាចំនួនខេត្តនេះ អាចថាមិនត្រឹមត្រូវប៉ុន្មាននោះទេ ។
តាមការសិក្សាមួយចំនួន គេបង្ហាញថាកំពូលប្រាសាទបាយ័ន
ដែលមានមុខព្រហ្មនោះ ឬព្រហ្មវិហារធម៌ទាំងបួននោះ គឺនឹងមានចំនួន ៥៤ ពិតប្រាកដមែន ប្រសិនបើនៅលើកំពូល
ច្រកធំៗនៃរោងទងដែលមានចម្លាក់ផ្នែកខាងក្រៅបំផុត
មានកំពូលជារូបព្រហ្មដែរ ព្រោះថានៅប្រាសាទបន្ទាយឆ្មារ
នៅលើកំពូលនៃរោងទងទាំងនោះ គឺមានរូបព្រហ្ម
ដោយឡែកតែនៅប្រាសាទបាយ័ន កំពូលទាំងនោះ
ដួលបាក់បែកអស់ទើបយើងមិនអាចសន្និដ្ឋានឲ្យបានច្បាស់លាស់
នូវចំនួនកំពូល ថាតើមាន ៥៤ មែនឬយ៉ាងណា ។
បើទោះបីជាកំពូលនោះមិនមាន ៥៤ ក៏ដោយ ក៏នៅច្រកទ្វារនីមួយៗ
របស់ប្រាសាទបាយ័ន មានរូបបង្កាន់ដៃពួកទេវៈ និងពួកអសុរៈ
ដែលទ្រនាគវាសុក្រី ក្នុងនោះម្ខាងៗ មានពួកទេវៈ ៥៤ និងពួកអសុរៈ
៥៤ ប្រសិនបើយើងសរុបចូលគ្នាក្នុងមួយច្រកចូល គឺមាន ១០៨ ដែលលេខ ១០៨ នេះ គឺជាលេខស័ក្តិសិទ្ធិ ទាំងនៅក្នុង
ព្រះពុទ្ធសាសនា និងទាំងនៅក្នុងព្រហ្មញ្ញសាសនា ។
នៅក្នុងព្រហ្មញ្ញសាសនា សម្រាប់អ្នកដែលសូត្រមន្តភាវនាទៅព្រះសិវៈ
គេសូត្រដោយរាប់គ្រាប់អង្កាំ មានចំនួន ១០៨ គ្រាប់
ដោយមិនរាប់គ្រាប់ធំជាងគេនោះទេ ។ នៅប្រាសាទភ្នំបាខែង
ដែលជាប្រាសាទដំបូងគេ នៅក្រុងយសោធរបុរៈ ប្រាសាទនេះ
មានប្រាសាទរណប ឬកូនប្រាសាទតូចៗ នៅព័ទ្ធជុំវិញ ចំនួន ១០៨
ដែរ ហើយប្រាសាទនេះ ក៏ឧទ្ទិសថ្វាយព្រះសិវៈផងដែរ ។
នៅក្នុងព្រះពុទ្ធសាសនាវិញ គេជឿថានៅលើព្រះពុទ្ធបាទ
មាននិមិត្តសញ្ញារូបមង្គលតំណាងឲ្យចក្រវាឡ
ដែលមានរូបទាំងអស់ចំនួន ១០៨ ប្រការ ដែរ ដោយនៅលើពុទ្ធបាទ
យើងសង្កេតឃើញមានការដាប់ឆ្លាក់ជាលោកធាតុវិទ្យា
ព្រះពុទ្ធសាសនា តាមគម្ពីរត្រៃភូមិ គឺ មាន ទាំងរូបភ្នំក្រៃលាស រូបទេព រូបគ្រុឌ រូបដំរីឰរាវណ៌ រូបតំណាងព្រហ្មរូប អព្រហ្មរូប ជាដើម
ដោយត្រូវបានសិល្បៈករខ្មែរ ក៏ដូចជាសិល្បៈករនៃបណ្តាប្រទេស
កាន់ព្រះពុទ្ធសាសនាផ្សេងទៀត ដាប់ឆ្លាក់ បែងចែកជាប្រឡោះតូចៗ
សម្រាប់ដាក់រូបមង្គលទាំង ១០៨ ប្រការនោះ ។ សូមជម្រាបផងដែរថា
នៅឥណ្ឌាពីបុរាណ មានការហាមមិនឲ្យគោរពរូបសំណាក
ទើបមានត្រឹមការធ្វើរូបពុទ្ធបាទ ឬសិវបាទ ឬរូបតំណាងផ្សេងៗ
សម្រាប់គោរពបូជា ដែលរូបភាពនេះ ត្រូវបានបន្តរហូតមកដល់
បច្ចុប្បន្ន បើទោះបីជាមានការគោរពបូជាលើរូបសំណាក
ហើយក៏ដោយ ។
តាមការបកស្រាយនេះ យើងឃើញថាលេខ ១០៨ ជាលេខសំខាន់
ទាំងក្នុងព្រះពុទ្ធ និងព្រហ្មញ្ញសាសនា មានអ្នកប្រាជ្ញឥណ្ឌាសម័យថ្មី
មួយចំនួនបានបកស្រាយថា លេខ ១០៨ នេះ គឺជាផលចែក
នៃចម្ងាយពីផែនដី ទៅព្រះអាទិត្យ ចែកនឹងអង្កត់ផ្ចិតរបស់ព្រះអាទិត្យ
ដូចគ្នាលេខ ១០៨ នេះ ក៏ជាចម្ងាយពីផែនដី ទៅព្រះច័ន្ទ
ចែកនឹងអង្កត់ផ្ចិតរបស់ព្រះច័ន្ទដែរ ប្រសិនបើយើងចែកទៅ
យើងឃើញថាចេញតួលេខទសភាគ ដែលមានតម្លៃ
ប្រហែលទៅនឹងលេខ ១០៨ មែន សូមជម្រាបផងដែរថា
ចម្ងាយពីផែនដីទៅព្រះអាទិត្យ និងព្រះច័ន្ទ
មានចម្ងាយផ្លាស់ប្តូរតាមគន្លងអេលីប
ដូច្នេះបានន័យថាមានចម្ងាយមិនថេររហូតនោះទេ
ដែលនេះហើយទើបបណ្តាលឲ្យមានរដូវកាលផ្សេងៗគ្នា ។
ក្រៅតែពីលេខ ១០៨ នៅក្នុងព្រហ្មញ្ញសាសនា ក៏ដូចជា
ព្រះពុទ្ធសាសនា ក៏នៅមានលេខមង្គលផ្សេងៗទៀតផងដែរ
ដែលលេខទាំងនោះ ភាគច្រើនគឺបូកចូលគ្នាទៅទទួលបានលេខ ៩
ឧទាហរណ៍ ដូចជា ស្វេតឆ័ត្រ ៩ ជាន់ សម្រាប់ព្រះមហាក្សត្រ
រូបលោកបាលទាំង ៩ ក្នុងព្រហ្មញ្ញសាសនា ដែលមានច្រើនណាស់
នៅស្រុកខ្មែរ សង្គ្រាមនៅក្នុងរឿងមហាភារតៈយុទ្ធ រយៈពេល ១៨ថ្ងៃ
កំពូលចេតិយនៅបុរូពុទ្ធោ ឬបូរូប៊ូឌួ នៅឥណ្ឌូនេស៊ី មានចំនួន ៧២
កំពូល ដោយឡែកនៅប្រាសាទតាព្រហ្ម នៅតំបន់អង្គរក៏មាន
កូនប្រាសាទតូចៗ នៅអមប្រាសាទកណ្តាលចំនួន ៧២ ដែរ
ដែលលេខទាំងអស់នេះ សុទ្ធសឹងតែមានអត្ថន័យ
សម្រាប់យកមកសិក្សា ។








EmoticonEmoticon