ការបកប្រែមហាកាព្យរបស់ឥណ្ឌាទាំងពីរ មកជាភាសាខ្មែរ ដោយលោកអ៊ំ ធន់ ហ៊ិន

ការបកប្រែមហាកាព្យរបស់ឥណ្ឌាទាំងពីរ មកជាភាសាខ្មែរ ដោយលោកអ៊ំ ធន់ ហ៊ិន

សម្រាប់ការសិក្សា និងយល់ពីគុណតម្លៃដ៏ពិតប្រាកដរបស់
ស្នាដៃអក្សរសិល្ប៍ គឺយើងមិនអាចត្រឹមអានអត្ថបទសង្ខេបខ្លីៗ
មិនប៉ុន្មានទំព័ររបស់ស្នាដៃទាំងនោះ នោះទេ
យើងត្រូវការអានស្នាដៃលម្អិតបន្តិចនៃអក្សរសិល្ប៍ទាំងនោះ ។

ឆ្លើយតបទៅនឹងការយល់តម្លៃដ៏ពិតប្រាកដរបស់ស្នាដៃ
អក្សរសិល្ប៍នេះហើយ ទើបលោកអ៊ំធន់ ហ៊ិន
បានចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងការបកប្រែ និងរៀបចំចងក្រងនូវមហាកាព្យដ៏មានតម្លៃក្នុងព្រហ្មញ្ញសាសនា
ពីររឿង គឺរឿងរាមាយណៈ និងរឿងមហាភារតៈ ឬមហាភារតៈយុទ្ធ ។

រឿងរាមាយណៈ របស់ឥណ្ឌា បានទទួលចរន្តខេមរនយកម្ម
របស់ខ្មែរឲ្យក្លាយទៅជាចារិកលក្ខណៈខ្មែរស្ទើរទាំងស្រុង គឺក្លាយទៅជារឿងរាមកេរ្តិ៍ ដែលផ្នែកខ្លះនៃសាច់រឿងក្នុងរឿង
រាមកេរ្តិ៍ខ្មែរ គឺ មិនមាននៅក្នុង រឿងរាមាយណៈ
របស់ឥណ្ឌានោះទេ ហើយផ្នែកខ្លះនៃរឿងរាមាយណៈ
របស់ឥណ្ឌា ក៏មិនមានវត្តមាននៅក្នុងរឿងរាមកេរ្តិ៍របស់ខ្មែរ
នោះដែរ ។ ដើម្បីអាចសិក្សា និងវិភាគសាច់រឿងទាំងនេះ
តម្រូវឲ្យយើងអាននូវឯកសាររឿងរាមាយណៈ ដែលលោកអ៊ំ
ធន់ ហ៊ិន បានព្យាយាមរៀបចំឡើងដោយបែងចែកជា ៩ ភាគ
បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ហើយក៏ភ្ជាប់មកជាមួយនូវសទ្ទានុក្រម ដ៏មានសារៈសាំខាន់
មួយទៀត សម្រាប់ពន្យល់អំពីរឿងរាមាយណៈនេះផងដែរ ។

ដោយឡែកសម្រាប់រឿងមហាភារតៈវិញ គឺអភ័ព្វជាងរឿងរាមាយណៈ
ព្រោះថារឿងនេះត្រូវបាត់បង់ពីសង្គមខ្មែរយូរអង្វែងមកហើយ ខណៈពេលដែលរឿងនេះត្រូវបានដាប់ឆ្លាក់យ៉ាងប្រណីត
នៅតាមប្រាសាទខ្មែរបុរាណ ដូចជាឈុតប្រយុទ្ធដោយដំបង
រវាងភីមៈ និងទុរយោធន៍ ជារូបសំណាក នៅប្រាសាទចិន
នៅតំបន់កោះកេរ (ដែលត្រូវបានគេលួចទៅលក់
និងចុងក្រោយត្រូវបានសារមន្ទី ក៏ដូចជាក្រុមហ៊ុនដេញថ្លៃវត្ថុបុរាណ
បានប្រគល់មកប្រទេសកម្ពុជាវិញ ក្រោយរឿងក្តីក្តាំមួយចំនួន)
ហើយក៏មានចម្លាក់ហោជាងនៅប្រាសាទបន្ទាយស្រី ឈុត
ប្រយុទ្ធដោយដំបងរវាងភីមៈ និងទុរយោធន៍
ឈុតនាងអប្សរតិលុតតាមា ជាការបង្រៀនដោយឥសីនារទ
កុំឲ្យបងប្អូនបណ្ឌវៈ ឈ្លោះគ្នា ដោយសារសម្រស់របស់នាងទ្រៅបទី
និងឈុតមួយទៀតគឺឈុតនៃការដុតព្រៃខណ្ឌវៈដោយព្រះក្រឹស្ណៈ
និងអរជុនដើម្បីសាងនគរឥន្ទ្របស្ថ ។ នៅសម័យបាពួន
ប្រហែលជាសម័យដ៏រុងរោចន៍បំផុតសម្រាប់រឿងមហាភារតៈយុទ្ធ
ដោយសារយើងឃើញរឿងនេះ ត្រូវបានគេដាប់ឆ្លាក់ជា
សាច់រឿងលម្អិត ហើយក៏មានសាច់រឿងត្រង់ឈុតភ្នាល់បាស្កា
ដាក់នគររវាងយុធិស្ឋិរៈ និងទុរយោធន៍ នៅតាមបណ្តាប្រាសាទ
តាំងនៅទីតាំងឆ្ងាយៗ ដូចជាប្រាសាទស្នឹង នៅបាត់ដំបង
និងប្រាសាទបាកាន នៅព្រះវិហារ ដោយឡែកនៅប្រាសាទបាពួនវិញ
យើងអាចនិយាយបានថាចម្លាក់រឿងមហាភារតៈយុទ្ធ
គឺមានភាពលម្អិតជាងសម័យណាណា ទាំងអស់
គឺមានទាំងចម្លាក់បង្ហាញពីរឿងភ្នាល់បាស្កាដាក់នគររវាងយុធិស្ឋិរៈ
និងទុរយោធន៍ ឈុតទុហសាសនៈ ចាប់សម្រាតនាងទ្រៅបទី
ភរិយារបស់ពួកបណ្ឌវៈនៅកណ្តាលទីសភា ឈុតអរជុនបួងសួងសូមធ្នូ
និងព្រួញពីព្រះសិវៈ ឈុតសង្គ្រាមនៅវាលកុរុក្សេត្រ រវាងត្រកូលកុរវៈ
និងត្រកូលបណ្ឌវៈ ដោយមានទាំងឈុតអរជុន បាញ់ព្រួញទៅលើជីតា
គឺភីស្មៈ នៅក្នុងថ្ងៃទី ១០ នៃសង្គ្រាម រហូត ភីស្មៈដេកនៅលើគ្រែព្រួញ
ដោយអរជុន ប្រើល្បិចណែនាំដោយព្រះក្រឹស្ណៈជាសារថី
ដោយដាក់នាងសិខណ្ឌិន នៅពីមុខរថរបស់ខ្លួន
ព្រោះថាភីស្មៈនឹងមិនលើកអាវុធវាយប្រហារស្ត្រីភេទនោះទេ
(ចំណុចនេះបង្ហាញថាដូនតាខ្មែរ យល់ដឹងលម្អិតណាស់អំពី
រឿងមហាភារតៈនេះ) មានទាំងឈុតអភិមន្យុ កូនរបស់អរជុន
និងប្អូនស្រីរបស់ព្រះក្រឹស្ណៈ ត្រូវពួកមេទ័ពខាងកុរវៈព្រួតគ្នាសម្លាប់
នៅថ្ងៃទី ១៣ នៃសង្គ្រាម មានទាំងឈុតមេទ័ពខាងកុរវៈ
ឈ្មោះភុរីស្រាវ័ត ជាន់ និងបោចសក់មេទ័ពខាងបណ្ឌវៈ គឺសាត្យាកិ
ហើយភុរីស្រាវ័ត ត្រូវអរជុន បាញ់បំបាក់ដៃ មានទាំងឈុតភីមៈ
សម្លាប់ដំរីឈ្មោះ អស្វ័ត្ថាម័ន ដើម្បីបំបាក់ស្មារតីរបស់ទ្រោណាចារ្យ
មានទាំងឈុតកូនប្រុសរបស់ស្តេចបញ្ចាលគឺធ្ឬស្តទ្យុម័ន
កាត់ក្បាលមេទ័ពធំខាងកុរវៈ គឺទ្រោណាចារ្យ នៅថ្ងៃទី ១៥
និងមានឈុតភីមៈ វាយនឹងទុរយោធន៍
នៅថ្ងៃចុងក្រោយនៃសង្គ្រាមវាលកុរុក្សេត្រ គឺនៅថ្ងៃទី ១៨
ហើយក៏នៅសល់ឈុតផ្សេងៗមួយចំនួនទៀត
ដែលយើងមិនទាន់បកស្រាយបាន ។ នៅសម័យអង្គរវត្ត
រឿងមហាភារតៈក៏ត្រូវបានគេយកមកឆ្លាក់នៅលើថែវជាន់ទីពីរ
នៃប្រាសាទអង្គរវត្ត ដោយឆ្លាក់នៅខាងមុខគេតែម្តង
ជាមួយនឹងរឿងរាមកេរ្តិ៍ ដោយមានឈុតត្រង់ភីស្មៈ ដេកលើគ្រែព្រួញ
និងទទួលការគារវកិច្ចពីពួកបណ្ឌវៈ និងកុរវៈ
បន្តពីនោះគឺជាឈុតសង្គ្រាមនៅក្នុងវាលកុរុក្សេត្រ
ដែលយើងអាចមើលស្គាល់តួអង្គតែមួយចំនួនតូចប៉ុណ្ណោះ
ដូចជាទ្រោណាចារ្យ អរជុន និងព្រះក្រឹស្ណៈជាដើម
ទោះបីជាចម្លាក់នៅអង្គរវត្តមានភាពប្រណីតយ៉ាងណាក៏ដោយ
ក៏មិនមានសាច់រឿងលម្អិតដូចនៅបាពួនដែរ ។

តាមរយៈក្បាច់ចម្លាក់នៅសម័យអង្គរ បង្ហាញថាដូនតាខ្មែរ
អ្នកកសាងបណ្តាប្រាសាទទាំងអស់នោះ
បានយល់ដឹងយ៉ាងជ្រៅជ្រះនូវរឿងព្រហ្មញ្ញនិយមនេះ
តែយើងត្រូវបាត់បង់ស្នាដៃអក្សរសិល្ប៍នេះ
ដោយមិនត្រូវបានបន្តផ្ទាល់មកអ្នកជំនាន់ក្រោយ
ដូចរឿងរាមកេរ្តិ៍នោះទេ នេះអាចបណ្តាលមកពីករណីមួយចំនួន
ដូចជារឿងនេះបង្ហាញអំពីសង្គ្រាមរវាងបងប្អូនឯង
ជាហេតុធ្វើឲ្យស្តេចសម័យក្រោយបំបាត់រឿងនេះចោល
ឬមួយក៏រឿងនេះមិនស៊ីគ្នានឹងផ្នត់គំនិតព្រះពុទ្ធសាសនា
គឺថានាងទ្រៅបទី ដែលមានប្តីប្រាំនាក់ គឺបងប្អូនត្រកូលបណ្ឌវៈនោះ
នៅក្នុងជាតកមួយក្នុងព្រះពុទ្ធសាសនា នាងមានឈ្មោះថា កណ្ហា
ឬក្រឹស្នា បុត្រីចុងស្តេចនគរពារាណសី (បានន័យថាសំបុរខ្មៅ
ហើយនៅក្នុងរឿងមហាភារតៈ ព្រះក្រឹស្ណៈ ក៏ហៅនាងទ្រៅបទី
ថាជាកណ្ហាដែរ) ហើយនាងកណ្ហានេះ មានប្តីប្រាំនាក់ គឺអជ្ជុន ភីមៈ
យុធិស្ឋិរៈ និកុល និងសហទេព គឺដូចគ្នានឹងរឿងមហាភារតៈបេះបិត
តែនាងលួចទៅផិតជាមួយនឹងខ្ញុំបម្រើទៀបខ្នងគមម្នាក់
ហើយនាងជាមនុស្សមាយាពុតត្បុត
បោកប្តីម្នាក់ៗថាស្រលាញ់ពួកគេម្នាក់ៗជាងគេ
ហើយក៏គាំទ្រាឲ្យប្តីនោះទៅសម្លាប់ប្តីផ្សេងៗទៀត រហូតដល់អជ្ជុន
គឺព្រះពោធិសត្វចាប់ចំណុចបាន ប្រហែលដោយសារចំណុចនេះដែរ
ទើបធ្វើឲ្យមហាភារតៈមិនត្រូវបានគាំទ្រ នៅក្នុងសង្គម
ពុទ្ធសាសនិកជន ។

សម្រាប់រឿងមហាភារតៈយុទ្ធនេះ ក៏ធ្លាប់បានលោកទេពពិទូរឈឹម
ក្រសេម បកប្រែពីភាសាថៃ ដែលថៃក៏បកប្រែពីភាសាបរទេសមកដែរ
ដោយសៀវភៅនោះមានចំនួនពីរភាគ បោះតាំងពីទសវត្សឆ្នាំ ១៩៦០
តែសាច់រឿងសង្ខេបពេក រហូតយើងមើលហើយ
យើងមិនអាចទៅយល់ចម្លាក់នៅអង្គរនោះទេ តែរហូតមកដល់ឆ្នាំ
២០១០ លោកអ៊ំធន់ ហ៊ិន ដោយយល់ពីសារៈសំខាន់
របស់រឿងនេះចំពោះវប្បធម៌ខ្មែរ ក៏ដូចជាភាសាខ្មែរ
លោកបានរៀបចំសៀវភៅរឿងមហាភារតៈនេះឡើង
ដោយមានកម្រាស់សៀវភៅរហូតដល់ទៅ ១២៥៨ ទំព័រ
ដែលរាប់ទុកជាការងារដ៏មហិមា សម្រាប់មនុស្សម្នាក់ ជាការបរិចាក
សម្រាប់អក្សរិសល្ប៍ ក៏ដូចជាសម្រាប់ភាសាខ្មែរ ។

មនុស្សដែលមានការលះបង់ខ្ពស់សម្រាប់ភាសាខ្មែរ ដូចលោកអ៊ំ
ធន់ ហ៊ិន នេះ យើងគួរលើកតម្កើង ដើម្បីជាគំរូសម្រាប់មនុស្ស
ជំនាន់ក្រោយឲ្យមានការចូលរួមលះបង់សម្រាប់ភាសាជាតិ
អ្វីដែលលោកអ៊ំបានរៀបចំធ្វើឡើងនេះ គឺជាការបរិចាកដ៏ធំធេង សម្រាប់ភាសាជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងអនេក
ចំពោះការផ្តល់ឲ្យសម្រាប់មនុស្សជំនាន់ក្រោយរបស់លោកអ៊ំ
ខ្ញុំក៏ជាអ្នកបកប្រែឯកសារម្នាក់ដែរ ខ្ញុំយល់ពីការលំបាក
និងជំហររឹងមាំក្នុងចិត្ត ក្នុងការធ្វើសៀវភៅជាភាសាខ្មែរនីមួយៗ
ដោយស្ម័គ្រចិត្ត ។ សូមជម្រាបផងដែរថា លោកអ៊ំ ធន់ ហ៊ិន
ក៏ជាអ្នករៀបចំសៀវភៅ និងឯកសារផ្សេងៗជាច្រើនទៀត ទាក់ទងទៅនឹងប្រពៃណីយ៍ និងសាសនា ។





EmoticonEmoticon