ដើមឈើទាល ស្តេចរុក្ខជាតិនៅក្នុងតំបន់ត្រូពិច

ដើមឈើទាល ស្តេចរុក្ខជាតិនៅក្នុងតំបន់ត្រូពិច
ដើមឈើទាលមានកំពស់ រហូតដល់ទៅ ៤០ ទៅ ៥០ ម៉ែត្រ និងអាចមានបរិមាត្រ រហូតដល់ទៅ ៧ ម៉ែត្រ វាត្រូវបានគេចាត់ទុកជាស្តេចរុក្ខជាតិ នៅក្នុងតំបន់ត្រូពិច ។

យើងឃើញមានដើមឈើទាលច្រើនណាស់នៅស្រុកខ្មែរ ជាពិសេសនៅក្រុងសៀមរាប លើសួនច្បារមុខព្រះរាជដំណាក់ និងនៅបរិវេណប្រាសាទអង្គរ ហើយនៅទីក្រុងភ្នំពេញ នៅម្តុំសួនវត្តភ្នំ ក៏មានច្រើនដែរ ។
យើងអាចប្រៀបធៀបកំពស់របស់ដើមឈើទាល ជាមួយប្រាសាទបាយ័ន ដែលមានកំពស់ ៤៥ ម៉ែត្រ ឬក៏ជាមួយប្រាសាទបាពួន ដែលមានកំពស់ ៣៥ ម៉ែត្រ យើងឃើញថាមានដើមឈើទាលមួយចំនួន គឺខ្ពស់ជាងប្រាសាទទាំងពីរនេះទៀត ។

ខ្មែរបុរាណយល់អំពីសារៈសំខាន់របស់ដើមឈើទាលណាស់ ហេតុនេះហើយទើបមានពាក្យមួយឃ្លាថា «ជ័រចុងយកពីដើមផ្ចឹក ជ័រទឹកយកមកពីដើមគ្រើល ឬដើមឈើទាល» ហេតុដូច្នេះហើយបានជានៅបរិវេណអង្គរ យើងឃើញនៅនឹងគល់ដើម មានប្រហោងពណ៌ខ្មៅមួយ ដែលកើតឡើងដោយសារប្រជាជនដុតដើមឈើទាល ដើម្បីយកជ័រទឹកទៅប្រើប្រាស់ ហើយការដុតនេះមិនបានសម្លាប់ដើមឈើទាលនោះទេ ។ ជ័រទឹកបានពីដើមឈើទាល គេអាចយកទៅបៀកលើទូក កុំឲ្យទឹកចូល ឬយកទៅបិតគ្រឿងស្មុគម្រ័ក្ស ដើម្បីឲ្យប្រើប្រាស់បានយូរ មិនងាយពុកផុយជាដើម ។

ថ្មីៗនេះ នៅព្រៃឡង់ ក្នុងខេត្តក្រចេះ មានក្រុមហ៊ុនកូរ៉េ មួយ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា បានកាប់បំផ្លាញ ដើមឈើទាលរាប់ពាន់ដើម របស់បងប្អូនជនជាតិភាគតិចកួយ ដែលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីពយកជ័រទឹករបស់ពួកគាត់ ដែលរដ្ឋាភិបាលត្រូវហាមឃាត់ចំពោះអំពើល្មើសច្បាប់នេះ ។ គួរមានការយកចិត្តដាំបន្ថែម ព្រោះឈើទាលជាប្រភេទឈើមានគុណតម្លៃយ៉ាងខ្លាំងសម្រាប់សង្គម និងវប្បធម៌ ។
ខ្មែរយើងក៏នៅមានរឿងព្រេងទាក់ទងនឹងដើមកោងកាង និងដើមឈើទាលផងដែរ ។



EmoticonEmoticon