រូបគំនូររឿងរាមកេរ្តិ៍សម័យថ្មី នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម

រូបគំនូររឿងរាមកេរ្តិ៍សម័យថ្មី នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម

នៅស្រុកខ្មែរយើងមិនសូវមានគំនូរបុរាណរឿងរាមកេរ្តិ៍ច្រើនប៉ុន្មាន
នោះទេ ប្រសិនបើរាប់ទៅគឺមាននៅថែវជុំវិញវត្តព្រះកែវមរកត
នៅលើពិតានទីនាំងទេវវិនិច្ឆ័យនៅក្នុងព្រះបរមរាជវាំង និងនៅលើផ្ទាំងគំនូរនៅក្នុងសារមន្ទីជាតិ
នៅភ្នំពេញ នៅលើជញ្ជាំងវិហារវត្តរាជបូព៌ នៅខេត្តសៀមរាប
នឹងនៅព្រះវិហារវត្តបុរាណមួយនៅកំពត ដែលត្រូវបានគេវាយចោល

បាត់ទៅហើយ ពីមុនយើងមិនដឹងថាមានវត្តមានច្រើនដែរឬទេ ព្រោះថា
យើងមិនសូវមានសល់វិហារស៊ីម៉ង់ពីបុរាណៗអាយុប្រហែល ១០០ឆ្នាំ
ច្រើននោះទេ ។ គំនូររាមកេរ្តិ៍បែបបុរាណនោះ មានរូបគំនូរតួអង្គតូចៗ
ដូចគំនូរបុរាណរបស់ចិនដែរ ភាគច្រើនគឺសំបូរទៅដោយទេសភាព
និងសំណង់អគាររាជវាំងជាដើម មានរូបធំៗតិចណាស់ ដូចជារូប
ហនុមានលេបដំណាក់ព្រះរាម ការពារវៃយរាពណ៌មកចាប់
ព្រះរាមយកទៅ និងរូបមួយសុគ្រីពច្បាំងជាមួយនឹងយក្សមួយ ។

គំនូរបុរាណខ្មែរ ត្រូវបានជំនួសដោយគំនូរសម័យទំនើបបែបបច្ចឹម
ដោយរក្សាលក្ខណៈនៃការតុបតែងបែបខ្មែរ នៅប្រហែលពាក់កណ្តាល
សម័យអនានិគមបារាំង គឺចាប់ផ្តើមពីសម័យបារាំងរៀបឲ្យមាន
សាលាវិចិត្រសិល្បៈ បង្រៀនឲ្យមានការគូរគំនូរបែបលោកខាងលិច
ដោយមានរូបតួអង្គធំៗ ខុសពីគំនូរបុរាណ ហើយមានការយកទៅ
អនុវត្តន៍ទូលំទូលាយជាងគំនូរបុរាណ ប្រហែលតែដោយសារ
ភាពងាយស្រួលគូរជាង ត្រូវការចំណាយពេលតិចជាងគំនូរ
បុរាណ និងមានតម្លៃថោកជាងគំនូរបុរាណផងដែរ ។

ខ្ញុំបានជួបប្រទះរូបគំនូសសម័យទំនើបរឿងរាមកេរ្តិ៍ នៅវត្តនគរបាជ័យ
ក្បែរទីរួមខេត្តកំពង់ចាម នៅក្នុងសាលាឆទានមួយ សង់នៅពីខាងជើង
ប្រាសាទនគរបាជ័យ មើលទៅសាលាឆទាននោះ គួរតែមានអាយុ ពី
២០ ទៅ ៣០ឆ្នាំ ប៉ុណ្ណោះ ដោយអាចថាសាង់សង់ឡើងនៅទសវត្សឆ្នាំ
១៩៩០ ខ្ញុំប៉ាន់ស្មានព្រោះខ្ញុំមិនបានឃើញឆ្នាំសាងសង់ ហើយរូបគំនូរ
នៅលើសាលាឆទាននោះ ក៏គួរតែត្រូវបានគូរឡើងនៅក្រោយសាលា
ឆទាននោះសាងសង់រួចរាល់មិនយូរប៉ុន្មាននោះទេ ។

នៅលើសាលាឆទាននោះ មានរូបព្រះវិស្ណុ ទម្រេតខ្លួនលើនាគអានន្ទ
សេសៈ មានព្រះនាងលក្ស្មី ប្រថាប់ក្បែរ និងមានព្រះព្រហ្ម និងមួយអង្គ
ទៀតប្រហែលជាព្រះសិវៈ ចូលមកគាល់ បន្ទាប់មកឃើញមានរូប
ព្រះរាម កាច់បំបាក់ធ្នូក្នុងពិធីស្វយម្ពរ តែតាមសាច់រឿងគឺព្រះរាម
ទាញខ្សែធ្នូបម្រុងនឹងផ្លែងស.តែប៉ុណ្ណោះ តែធ្នូនោះក៏បាក់
តាមសាច់រឿងឥណ្ឌា ធ្នូនោះគឺជារបស់បរាសូរាម ទទួលបានពី
ព្រះឥសូរ ហើយបានយកធ្នូនោះទៅប្រគល់ដល់ព្រះជនក ព្រះបិតានៃ
ព្រះនាងសីតា រៀបចំពិធីស្វយម្ពរ ដល់ពេលធ្វើឲ្យធ្នូនោះបាក់
បរាសូរាម ក៏ដេញតាមសួរដេញដោល ទាល់តែដឹងថាព្រះរាម
ជាអវតារព្រះវិស្ណុ ដូចខ្លួនដែរ ទើបឈប់ដេញដោល សូមជម្រាប
ផងដែរថា អវតារ មិនមែនជាការសជាតិ ដូចរឿងជាតកនៅក្នុង
ព្រះពុទ្ធសាសនានោះទេ តែអវតារគឺជាការបែងភាគ ហេតុដូច្នេះ
ហើយបានជាបរាសុរាម ជាអវតារទី ៦ របស់ព្រះវិស្ណុ អាចមកជួបនឹង
ព្រះរាមច័ន្ទ្រ ជាអវតារទី ៧ របស់ព្រះវិស្ណុ ហើយបរាសុរាមដដែលនេះ
ក៏លេចចេញនៅក្នុងរឿងមហាភារតៈយុទ្ធ ជាគ្រូរបស់ភីស្មៈ
ទ្រោណាចារ្យ និងកណ៌ ផងដែរ ហើយនៅក្នុងមហាភារតៈយុទ្ធ
ក៏មានតួអង្គព្រះក្រឹស្ណៈដែលជាវិស្ណុអវតារទី ៨ ផងដែរ អញ្ចឹង
សូមស្វែងយល់ឲ្យច្បាស់ពីអវតា គឺខុសគ្នានឹងជាតកបែប
ព្រះពុទ្ធសាសនា ដែលស្លាប់ហើយកើតឡើងវិញ តែអវតារ
ជាការបែងភាគ ដើម្បីមកស្រោចស្រង់មនុស្ស ។ ដោយឡែក
ខ្មែរយើងហៅ បរាសូរាម នៅក្នុងរឿងរាមកេរ្តិ៍ថា រាមបរមសូរ
ដោយបរិយាយថា បរាសូរាម ជាយក្ស មកចោទព្រះរាមថា
តាំងឈ្មោះដូចខ្លួន ហើយក៏កើតជាជម្លោះប្រយុទ្ធនឹងគ្នា
តែចាញ់ព្រះរាម ព្រះរាមមិនបានសម្លាប់នោះទេ តែបានព្រលែង
ឲ្យរួចរស់ជីវិត ។

ក្រៅពីនោះនៅមានឈុតអាវាហមង្គលរបស់ព្រះរាម និងនាងសីតា
ឈុតព្រះរាម នាងសីតា និងព្រះលក្ស្មណ៍ (ក្នុងគំនូរនោះសរសេរឈ្មោះ
សីតា ជា សេតា និងព្រះលក្ស្មណ៍ ជាព្រះលក្ខ៍) ជាបន្តគឺគំនូររូបនាង
យក្ខីស្រីសូរបនខា ដែលត្រូវជាប្អូនស្រីរបស់ក្រុងរាពណ៌ ចូលមកចែចង់
ព្រះរាម រហូតកើតរឿង ទៅប្តឹងក្រុងរាពណ៌ ឲ្យមកចាប់នាងសីតាទៅធ្វើ
ជាប្រពន្ធ លើគំនូរសរសេរដាក់ថាប្អូនស្រីសូរកាន់ មកចែចង់ព្រះរាម
ពាក្យថាសូរកាន់នេះ ប្រហែលជាឈ្មោះហៅក្រុងរាពណ៌នៅក្នុង
តំបន់នោះក៏មិនដឹង ព្រោះខ្ញុំចាំថាកាលពីខ្ញុំនៅតូច ក៏ខ្ញុំហៅក្រុរាពណ៌
ថាសូរកាន់ដែរ ដែលប្រហែលជាក្លាយមកពី ក្រុងទសកណ្ឌ ឬទសមុខ
នេះឯង ដែលមានសម្លេងស្រដៀងគ្នា ។ បន្តពីនោះគឺមានរូប សូរកាន់
ចាប់នាងសេតា រូបព្រះរាម ព្រះលក្ខ៍ ដើររកនាងសេតា តាមដោយរូប
ព្រះរាម ព្រះលក្ខ៍ ហនុមាន សុគ្រីប (សុគ្រីព) ខ្លាឃ្មុំ និងទ័ពស្វាសង់
ស្ពានតាមរកនាងសេតា សាច់រឿងត្រង់នេះចម្លែកត្រង់មានរូបខ្លាឃ្មុំ
នៅក្នុងរាមាយណៈឥណ្ឌា មានខ្លាឃ្មុំពិតមែន ហើយក៏មានមេទ័ពមួយ
ជាខ្លាឃ្មុំដែរ តែរាមកេរ្តិ៍ខ្មែរ មិនមានមេទ័ពខ្លាឃ្មុំនោះទេ មានខ្លាឃ្មុំ
ក៏មានត្រង់ឈុតអង្គទ ឬហនុមាន ប្រែក្រឡាខ្លួនជាសត្វខ្លាឃ្មុំ ទៅ
បំផ្លាពិធីជប់ស. របស់ឥន្ទ្រជិត តែប៉ុណ្ណោះ ជាហេតុធ្វើឲ្យខ្ញុំសន្និដ្ឋានថា
ជាងគំនូរនេះ ប្រហែលជាគូរសាច់រឿងនេះ តាមរឿងភាពយន្តឥណ្ឌា
ដោយលាយឡំគ្នានឹងសាច់រឿងរាមកេរ្តិ៍ខ្មែរ ។ ក្រៅពីនោះក៏នៅមានរូប
ចម្បាំរវាងព្រះលក្ខ៍ និងឥន្ទជិត (ឥន្ទ្រជិត ដែលមានន័យថាឈ្នះលើ
ព្រះឥន្ទ្រ) និងរូបចុងក្រោយ ប្រហែលជារូបចម្បាំងរវាងព្រះរាម
និងសូរកាន់ អង្គុយលើរាជរថ ផ្លែងស.ដាក់គ្នា មើលទៅមិន
ទំនងនោះទេ ដែលមកអង្គុយផ្លែងស.នោះ និងចុងក្រោយមាន
រូបនាងសេតា អង្គុយក្នុងឧទ្យានអសោក ឡោមព័ទ្ធដោយពួក
យក្ខី ។

ជាសរុបមក រូបទាំងនោះចាត់ទុកថាមានស្នាដៃច្នៃប្រឌិតគួរសម
តែជាងគំនូរប្រហែលជាមិនបានយល់អំពីសាច់រឿងរាមកេរ្តិ៍តាមរយៈ
ការអាន និងស្វែងយល់ដោយខ្លួនឯងនោះទេ តែប្រហែលជាដឹង
សាច់រឿងតាមការស្តាប់ការនិទានបន្ត និងមើលខ្សែភាពយន្តឥណ្ឌា
ជាដើម ដែលនេះអាចចាត់ទុកជាការមិនគោរពវិជ្ជាជីវៈរបស់ជាង
គំនូរ ដែលមិនបានសិក្សាសាច់រឿងឲ្យប្រាកដប្រជា ហើយ
ភាគច្រើនគឺជាងគំនូរសព្វថ្ងៃ ដែលគូរគំនូរតាមវិហារវត្តភាគច្រើន
គឺមិនសូវមានចំណេះសិក្សាឲ្យបានស៊ីជម្រៅអំពីអក្សរសិល្ប៍
ប៉ុន្មាននោះទេ មួយចំនួនធំគឺគូរតាមតែគំរូដែលមានស្រាប់
មិនបានច្នៃប្រឌិតឲ្យតាមការគួរ ។ ក្រសួង ឬស្ថាប័នពាក់ព័ន្ធ
គួរជួយបណ្តុះបណ្តាលបន្ថែម ដើម្បីផ្តល់គុណភាពជូនពួកគាត់
ឲ្យកាន់តែយល់អំពីស្នាដៃ និងសារៈសំខាន់នៃគំនូររបស់ពួកគាត់ ។












EmoticonEmoticon