តើចម្លាក់ផ្នែកណានៃថែវជាន់ទី ២ របស់ប្រាសាទអង្គរវត្ត ត្រូវបានឆ្លាក់ឡើងមុនគេ?

តើចម្លាក់ផ្នែកណានៃថែវជាន់ទី ២ របស់ប្រាសាទអង្គរវត្ត ត្រូវបានឆ្លាក់ឡើងមុនគេ?

ប្រសិនបើសួរថាផ្នែកណាឆ្លាក់ក្រោយគេ ប្រហែលជាមានអ្នកដឹងច្រើន
ដោយសារមានការសិក្សាទឹកដីសិល្បៈទៅគឺថែវខាងកើត
ស្លាបខាងជើង និង ថែវខាងជើងស្លាបខាងកើត
គឺមានទឹកដៃចម្លាក់មិនសូវល្អ ហើយតាមការសិក្សាសិលាចារិក
បានបង្ហាញថាផ្នែកចុងក្រោយទាំងពីនេះ
ត្រូវបានដាប់ឆ្លាក់នៅសម័យលង្វែក គឺ ៤០០ឆ្នាំក្រោយ
ដោយឆ្លាក់តាមស្នាមគំនូរដែលគូសមកតាំងពីសម័យអង្គរ ។

តែប្រសិនបើសួរថាផ្នែកណាឆ្លាក់មុនគេនោះប្រហែលជាត្រូវប្រើពេល
គិតបន្តិចហើយ ព្រោះបើគិតទៅគឺនៅសល់ ៦ ផ្ទាំងធំ និង
មណ្ឌបជ្រុងខាងលិច ចំនួនពីរទៀត ។

តាមរយៈឯកសារមួយចំនួនបានរៀបរាប់ថាប្រាសាទអង្គរវត្ត
ត្រូវបានឆ្លាក់ចេញពីផ្នែកខាងលិចទៅ
ជាហេតុធ្វើឲ្យទ្វារចូលពីខាងលិច ឬក៏គោបុរៈធំ មានក្បាច់រចនាលម្អិត
ប្រណីតជាងតួប្រាសាទកណ្តាលទៅទៀត គ្រាន់តែផ្នែកនេះ
ប្រហែលជាស្ថាបនិក មិនទាន់មានបទពិសោធន៍សំណង់ឲ្យបានល្អ
ទើបធ្វើឲ្យកំពូលទាំងបីនៃច្រកចូលនេះ ត្រូវដួលរលំ ។ ហេតុដូច្នេះ
បើតាមចំណុចខាងលើយើងអាចសន្និដ្ឋានបានថា ចម្លាក់នៅថែវជាន់ទី
២ នៃប្រាសាទអង្គរ ក៏ចាប់ផ្តើមពីថែវខាងលិចផងដែរ
តែថែវផ្នែកខាងលិច ក៏មានចម្លាក់របស់ដល់ទៅបួនផ្នែក គឺមណ្ឌប
ខាងជើង ត្បូង និងផ្នែកស្លាបខាងត្បូង គឺរឿងមហាភារតៈយុទ្ធ
និងផ្នែកស្លាបខាងជើង គឺរឿងរាមកេរ្តិ៍ តើផ្នែកមួយណា
ដែលត្រូវបានឆ្លាក់មុនទៅ ?

ចំណុចមួយទៀតគឺអ្នកប្រាជ្ញមួយចំនួនធំបានសន្និដ្ឋានថា ការដើរមើល
ថែវចម្លាក់នៅប្រាសាទអង្គរវត្ត ត្រូវធ្វើដំណើរដោយទុកប្រាសាទ
កណ្តាលនៅនឹងខាងឆ្វេងដៃ គឺមិនមែនដូចការមើលគំនូររាមកេរ្តិ៍នៅ
វត្តព្រះកែវមរកត ដែលយើងត្រូវទុកព្រះវិហារនៅខាងស្តាំដៃ
ឬគេហៅម្យ៉ាងទៀតថា ប្រទក្សិណនោះទេ ហើយការដើរប្រទក្សិណ
គឺជាការដើរគោរពដល់វត្ថុស័ក្តិសិទ្ធ ឬអ្វីដែលជាទីគោរព
តែការដើរជុំវិញដោយទុកនៅខាងឆ្វេងដៃ គឺជាការដើរជុំវិញសាកសព មុននឹងធ្វើឈាបនកិច្ច ដោយសារហេតុនេះហើយទើបគេសន្និដ្ឋាន
ផងដែរថា ប្រាសាទអង្គរវត្តគឺជាទីបញ្ចុះសពរបស់ព្រះបរមវិស្ណុលោក
គឺព្រះបានសូរិយវរ្ម័នទី ២ ។ ខ្មែរយើងពេលទៅមើលប្រាសាទអង្គរ
ចូលដល់ថែវចម្លាក់នេះ ភាគច្រើនគឺបត់ត្រូវផ្លូវ គឺបត់ទៅខាងស្តាំដៃ
ខ្ញុំថាមិនមែនដោយសារគាត់យល់ដឹងថាត្រូវធ្វើអញ្ចឹងនោះទេ
តែដោយសារតែប្រទេសយើងបើកឆ្វេង ប្រកាន់ស្តាំ អញ្ចឹងពេល
យើងបើកដល់រង្វង់មូល ក៏យើងព័ទ្ធជុំវិញរង្វង់មូល ដោយទុករង្វង់មូល
នៅខាងឆ្វេងដៃដែរ ជាហេតុធ្វើឲ្យខ្មែរយើងភាគច្រើន
ទោះជាដឹងរឿងអង្គរវត្ត ឬមិនដឹងគឺគាត់ដើរបញ្ច្រាស់ទិសប្រទក្សិណ
ដែលជាការត្រឹមត្រូវ តែគាត់ទៅខុសពេលពិធីមង្គលការ
ដើរជុំវិញលោកមេបា ឬតុកាត់នំ បញ្ច្រាស់ទិសប្រទក្សិណ
ដែលពុំសូវមានអ្នកយល់ដឹង និងនិយាយណែនាំ ដែលនេះអាចចាត់ទុក
ជាប្រផ្នូលអាក្រក់ ។

ចូលមករឿងចម្លាក់ទាំងបួនផ្នែកនោះវិញ បើតាមការសន្និដ្ឋានរបស់ខ្ញុំ
ដោយសារតែយើងត្រូវដើរមើលថែវប្រាសាទដោយទុកប្រាសាទប្រធាន
នៅខាងឆ្វេងដៃ ដូច្នេះ គួរតែផ្នែករឿងមហាភារតៈយុទ្ធ
ត្រូវបានគេឆ្លាក់ឡើងមុន ហើយខ្ញុំជឿជាក់ថាដូច្នេះមែន
ព្រោះថាផ្នែកនេះ យើងឃើញទឹកដៃថាមិនស្អាតដល់ផ្នែកផ្សេងៗទេ
ហើយអ្វីដែលគួរកាត់សម្គាល់ដែរនោះ គឺនៅផ្នែកនេះពុំមានអ្វីឆ្លាក់
ឲ្យលេចធ្លោឲ្យយើងសង្កេតផ្តោតអារម្មណ៍ ក្រៅតែពីរូបភីស្មៈ
ដេកលើគ្រែស.(ព្រួញ)នោះទេ ក្រៅពីនេះ គឺយើងពិបាកកត់សម្គាល់
តួអង្គផ្សេងៗទៀត នៅក្នុងចម្លាក់នេះណាស់ ឬមួយក៏មកពីរឿងនេះ
តួអង្គសំខាន់ច្រើនពេក ពិបាកក្នុងការឆ្លាក់បង្ហាញភាពទីទៃនៃតួអង្គ ?
តែខ្ញុំគិតថាមិនដូច្នេះនោះទេ គឺអ្នកឆ្លាក់រឿងមហាភារតៈនៅអង្គរវត្ត
មិនបានយល់ស៊ីជម្រៅពីរឿងនេះ ដូចអ្នកឆ្លាក់នៅប្រាសាទបាពួន
នោះទេ នៅប្រាសាទបាពួន ទោះបីជាចម្លាក់មិនសូវប្រណីត
ដូចនៅអង្គរវត្ត តែយើងអាចសម្គាល់តួអង្គរឿងមហាភារតយុទ្ធនេះ
តាមរយៈទង់មេទ័ព ឬក៏លក្ខណៈពិសេសៗ ផ្សេងទៀតរបស់មេទ័ព
ដូចជាអាវុធ ដំបង ធ្នូ ជាដើម តែយើងមិនឃើញមានលក្ខណៈបែបនេះ
ក្នុងចម្លាក់នៅអង្គរវត្ត នៃសាច់រឿងមហាភារតៈនេះទេ ។
តាមសាច់រឿងមហាភារតៈ បន្ទាប់ពីភីស្មៈដួលលើគ្រែស.
មិនអាចចូលរួមប្រយុទ្ធតទៅទៀតបាននៅថ្ងៃទី ១០ នៃសង្គ្រាម
នៅថ្ងៃទី ១១ ទ្រោណាចារ្យ បានក្លាយជាមេទ័ពធំ ខាងកុរវៈ ឬកៅរវៈ
យើងឃើញរូបមេទ័ពម្នាក់ មិនពាក់មកុដនោះទេ ហើយសក់
មានបួងឡើងលើដូចពួកព្រាហ្ម ដែលរូបនោះឆ្លាក់នៅខាងលើ
រាងផុតភ្នែកយើងបន្តិច ហើយដូចគ្នានៅខាងពួកបណ្ឌវៈ មេទ័ពធំគឺ
អរជុន មាននាយសារថីជាព្រះក្រឹស្ណៈ (អវតារទី ៨ របស់ព្រះវិស្ណុ)
យើងអាចមើលដឹងថាជាមេទ័ពអរជុន ក៏ដោយសារតែមាននាយសារថី
ដៃបួន ដែលសម្គាល់ជាព្រះក្រឹស្ណៈ អវតារព្រះវិស្ណុ
ហើយរូបនេះក៏ពិបាករកដែរ គឺឆ្លាក់រាងផុតភ្នែកបន្តិច ។

ប្រសិនបើយើងទៅមើលផ្នែកចម្លាក់ផ្សេង ដូចជាចម្លាក់រូប
ព្រះបាទសូរិយវរ្ម័នទី ២ ប្រថាប់លើភ្នំសិវបាទ និងប្រថាប់លើដំរី
រូបព្រះយមរាជ រូបព្រះវិស្ណុ ឈរលើភ្នំមន្ទរ ពេលកូរសមុទ្ទទឹកដោះ
រូបព្រះរាមប្រថាប់លើសុគ្រីព ប្រយុទ្ធនឹងក្រុងរាពណ៌ យើងឃើញថារូប
អស់ទាំងនោះ មានទ្រង់ទ្រាយធំ ងាយស្រួលដឹងថាតួអង្គណា
ជានរណា ហើយក៏ត្រូវបានឆ្លាក់ឡើងត្រឹមភ្នែក គឺមិនផុតភ្នែកដូច
ចម្លាក់រូបទ្រោណាចារ្យ រូបអរជុន និងរូបភីស្មៈនៅថែវខាងលិច
ស្លាបខាងត្បូងនោះទេ ។

ជាសរុបខ្ញុំសន្និដ្ឋានថាផ្នែករឿងមហាភារតៈយុទ្ធនៅអង្គរវត្ត
គឺត្រូវបានឆ្លាក់ឡើងមុនគេ ដោយសារតែនេះជាស្នាដៃចម្លាក់ជា
ផ្ទាំងរឿងវែងដំបូងក្នុងសិល្បៈខ្មែរ ជាហេតុធ្វើឲ្យជាងចម្លាក់ខ្មែរ
សម័យនោះមិនទាន់មានបទពិសោធន៍ក្នុងការបង្ហាញតួអង្គសំខាន់ឲ្យ
លេចធ្លោ តែវាជាការឈ្លាសវៃរបស់ពួកគាត់ ដែលបានយកការសិក្សា
ពីចម្លាក់ផ្ទាំងដំបូង ទៅអភិវឌ្ឍន៍ សម្រាប់ស្នាដៃផ្សេងៗបន្តទៅទៀត
ជាហេតុធ្វើឲ្យរូបចម្លាក់នៅផ្ទាំងផ្សេងមានភាពលេចធ្លោគួរឲ្យកោតសរសើរ ។
















EmoticonEmoticon