វេស្សន្តរជាតក និង សង្គមបច្ចុប្បន្ន

វេស្សន្តរជាតក និង សង្គមបច្ចុប្បន្ន

មានអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាមួយចំនួន បានសន្និដ្ឋានថា
រឿងវេស្សន្តរជាតក ដែលជារឿងបែបពុទ្ធនិយម មួយក្នុងចំណោម
ទសជាតកទាំង ១០ ត្រូវបាននិពន្ធឡើងនៅកោះស្រីលង្កា ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់មួយ ដោយឡែករឿងបញ្ញាសជាតក ដែលមានទទួលទំនោរសាច់រឿង

ព្រះពោធិសត្វ និងការស.ជាតិ មកបំពេញអំពើល្អដូចគ្នា ត្រូវបាននិពន្ធឡើងនៅអាស៊ីអាគ្នេយ៍ដីគោក ។

ប្រសិនបើយើងប្រៀបធៀបអក្សរសិល្ប៍ពុទ្ធនិយម និងព្រហ្មនិយម
គឺមិនខុសគ្នាប៉ុន្មានទេ គឺចង់បង្ហាញអំពីអំពើល្អ តែងតែឈ្នះ
ទៅលើអំពើអាក្រក់ តែសេចក្តីលម្អិតរបស់អក្សរសិល្ប៍ទាំងពីនេះ
មានចំណុចខុសគ្នាច្រើន ។ អក្សរសិល្ប៍បែបព្រហ្មនិយម
បើទោះបីជាតួអង្គជាតួអង្គអាក្រក់ ក៏អក្សរសិល្ប៍បែបព្រហ្មនិយម
បង្ហាញអំពីរូបរាងដ៏ស្រស់សង្ហាររបស់តួអង្គទាំងនោះដែរ
ជាក់ស្តែងតួអង្គ ក្រុងរាពណ៌ នៅក្នុងរឿងរាមាយណៈ
សូម្បីតែហនុមាន ក៏សរសើររូបរាងរបស់ក្រុងរាពណ៌
នៅពេលហនុមាណទៅប្រគល់ព្រះទម្រង់ថ្វាយព្រះនាងសីតា
នៅកោះលង្កា ហនុមានបានរៀបរាប់ថា រាពណ៌ មានមាឌរឹងមាំ
មុខមាត់សង្ហា អង់អាច ជាដើម មួយទៀតនៅក្នុងរឿងមហាភារតៈ
តួអង្គទុរយោធន៍ ដែលតែងតែច្រណែនឈ្មានីសនឹងពួកបណ្ឌវៈ
នៅក្នុងសាច់រឿងក៏បង្ហាញថា ទុរយោធន៍ សាកសមជាមហាក្សត្រ
នៅពេលទុរយោធន៍តាំងតំណែងជាឧបយោរាជ ទុរយោធន៍
យកចិត្តទុកដាក់នឹងប្រជាជន បណ្តាអាណាប្រជានុរាស្ត្រ
មានសេចក្តីសុខ ហើយទុរយោធន៍ខ្លួនឯង ក៏ជាមនុស្សសង្ហា រឹងមាំ
និងពូកែខាងគុណដំបង ដែលសូម្បីតែ ភីម ក៏ត្រូវប្រើល្បិចដែរ
ទើបវាយឈ្នះទុរយោធន៍ ។

ត្រឡប់មកមើលអក្សរសិល្ប៍បែបពុទ្ធនិយមវិញ យក្សចិត្តសាមាន
ដែលបាញ់សុវណ្ណសាម នៅក្នុងរឿងសុវណ្ណសាមជាតក
បើតាមរឿងរាមាយណៈ យក្សនោះ គឺជាព្រះបាទទសរថ
នៅក្នុងរឿងរាមកេរ្តិ៍ ដោយអំពើបាបរបស់ខ្លួន ព្រះបាទទសរថ
ត្រូវព្រាត់ពីព្រះរាម ដែលជាបុត្រាសម្លាញ់ ត្រង់នេះយើងឃើញនូវ
ភាពទីទៃពីគ្នានៃការតែងរឿងបែបពុទ្ធនិយមរបស់ស្រីលង្កា ។
ត្រឡប់មកមើលក្នុងរឿងព្រះវេស្សន្តរជាតក ឬក៏មហាជាតិវិញ
តួអង្គតាជូជក គ្រាន់តែកើតមកភ្លាម ផ្ទះក៏ឆេះ ឪពុកម្តាយក៏ស្លាប់
ចោល ភ្លើងក៏រោលសុសទាំងខ្លួន ទៅជាមនុស្សមានរាងកាយ
សម្បទាមិនល្អដូចអ្នកដទៃ ត្រូវបានពូមីងយកទៅចិញ្ចឹម ពូមីង
ក៏ស្លាប់ទៀត គឺរឿងនេះចង់បង្ហាញថាតាជូជកនេះជាមនុស្ស
ចង្រៃមែនទែន ប្រសិនបើយើងស្តាប់លោកទេសន៍ ឬស្មូត
គឺយើងនឹងឮនូវភាពគំរិះ របស់ជូជក រហូតដល់សន្សំបានមាស
ប៉ុនដូងទុំ ទៅផ្ញើរនឹងមិត្ត មិត្តស្មានថាជូជកស្លាប់ ក៏ចាយមាសអស់
ពេលជូជកមកដល់គ្មានអ្វីនឹងសង ក៏លើកនាងអមិតធីតា
ឲ្យធ្វើជាប្រពន្ធជូជក នៅក្នុងរឿងមហាជាតិនេះ ចំណុចល្អរបស់ជូជក
គឺស្រឡាញ់ប្រពន្ធ ស្តាប់ប្រពន្ធ ក្រៅពីនេះគឺគ្មានទេ
សូម្បីតែជូជកស៊ីចំណីដែលរៀបចំដោយរាជវាំងនគរស្រីពិរាស្ត្រក៏ស៊ី
ដល់ហល់ស្លាប់ ស្លាប់ទៅហើយក៏ត្រូវឆ្កែខាំហែកបំបែក
សាកសពទៅទៀត ។ តាមសាច់រឿងចង់បង្ហាញថាជូជក
អាក្រក់ទាំងរូបរាងខាងក្រៅ ហើយក៏អាក្រក់ទាំងចិត្តទៅទៀត
ចម្លែកត្រង់ថារឿងនេះត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបណ្តា
ប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទ នេះអាចបង្ហាញពី
អត្តចរិករបស់មនុស្សនៅក្នុងសង្គមយើង តែងចាត់ទុកមនុស្ស
មានរាងកាយ មុខមាត់អាក្រក់ មិនសមប្រកប ថាជាមនុស្សចិត្តអាក្រក់
តែតាមសភាពពិត មានមនុស្សមុខមាត់ល្អច្រើនណាស់
ដែលប្រព្រឹត្តិអំពើអាក្រក់នោះ ។

នៅក្នុងរឿងព្រះវេស្សន្តរនេះផងដែរ ក៏មានចំណុចគួរសិក្សា
ជាច្រើនទៀត ដូចជារឿងប្រជាធិបតេយ្យ ដែលព្រះមហាក្សត្រ
ស្តាប់តាមការទាមទាររបស់បណ្តាប្រជានុរាស្ត្រ ឲ្យបណ្តេញ
បុត្ររបស់ព្រះអង្គ គឺព្រះវេស្សន្តរឲ្យទៅបួសក្នុងព្រៃ ដោយសារតែ
ការផ្តល់ទានជាដំរីមង្គលប្រចាំនគរ ទៅឲ្យប្រទេសផ្សេង
គឺដែនកលិង្គរាស្ត្រ ។នៅក្នុងរឿងនេះដែរក៏បង្ហាញអំពីការលង់នឹង
សម្រស់ខ្លួនឯងរបស់មនុស្សស្រី គឺព្រះនាងសុបាសុវតីឬផុស្សតី
ដែលបានសូមពរភាគច្រើនគឺដើម្បីខ្លួនឯង សូមឲ្យខ្លួនមានរូបរាង
ពណ៌សំបុរ រោមចិញ្ចើម ស្បែកសក់ ភ្នែក ស្អាត សូមរហូតដល់ពេល
តាំងគភ៌ ឬពោះធំ កុំឲ្យចេញពោះ ជាហេតុធ្វើឲ្យព្រះវេស្សន្តរ
មកកើតនៅកណ្តាលផ្សារ ព្រោះព្រះនាងផុស្សតី មិនដឹងថាគភ៌
របស់ខ្លួនប៉ុណ្ណានោះទេ ជាហេតុធ្វើឲ្យបុត្ររបស់ព្រះនាង
មានព្រះនាមថា វេស្សន្តរ ដែលមាននៃថានៅកណ្តាលឈ្មួញ ។

ក្រៅពីចំណុចនេះ រឿងវេស្សន្តរក៏នូវបង្ហាញអំពីស្ត្រីនៅក្នុងឧត្តមគតិ
គឺនាងមេទ្រី ដែលសុខចិត្តលះបង់សេចក្តីសុខនៅក្នុងព្រះបរមរាជវាំង
ចេញមកតាមប្តី បួសនៅក្នុងព្រៃ រកផលានុផលមកចិញ្ចឹមប្តី
និងបុត្រាបុត្រីរបស់ព្រះនាង ហើយនៅពេលព្រះវេស្សន្តរប្រគល់
ព្រះនាងឲ្យទៅជាទានដល់ព្រាហ្មម្នាក់ ដែលត្រូវជាព្រះឥន្ទ្រប្រែកាឡា
ព្រះនាងក៏ព្រមធ្វើ ដើម្បីបំពេញតានបារមីរបស់ប្តី យើងឃើញថា
សូម្បីតែស្តេចទេវតានៅក្នុងរឿងព្រះវេស្សន្តរក៏ចូលរួមក្នុងរឿង
មិនសមគួរសម្រាប់រូបភាពក្នុងសង្គមបច្ចុប្បន្នដែរ ។

ចំណុចគួរសិក្សាចុងក្រោយ គឺរឿងជួញដូរកុមារ នៅសម័យនិពន្ធ
រឿងព្រះវេស្សន្តរ ប្រហែលជាមិនទាន់មានអ្នកណាគេគិតគូរ
រឿងជួញដូរកុមារនេះនៅឡើយទេ បានជាព្រះវេស្សន្តរប្រគល់
ក្រឹស្នាបាជាលី ទៅឲ្យជូជក ហើយបានទាំងកាត់ថ្លៃរំលោះរាជកុមារ
ទាំងពីរទៀតផង ហើយពេលជូជកច្រឡំផ្លូវ ពេលទទួលទាន
បានហើយ បានដើរចូលទៅនគរស្រីពិរាស្ត្រ ទើបព្រះអយ្យការ
របស់ក្រឹស្នាបាជាលី បានសូមរំលួសព្រះនត្តាទាំងពីរ
ដែលនេះគឺជារូបភាពនៃការជួញដូរកុមារសុទ្ធសាធ ហាហា ។

តាមរយៈការសិក្សាខាងលើ យើងឃើញថារឿងមហាវេស្សន្តរ
ក៏ដូចជារឿងពុទ្ធនិយមមួយចំនួនទៀត មិនបានផ្តល់លក្ខណៈ
វិជ្ជមានដល់តួអង្គម្ខាងទៀត ឲ្យបានសាកសមដូចរឿងបែប
ព្រហ្មនិយមនោះទេ តែទោះជាយ៉ាងណាក៏ដោយក៏អក្សរសិល្ប៍
ពុទ្ធនិយមទាំងនេះ ត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំង
រហូតដល់មានប្រពៃណីយ៍ទេសនាមហាជាតិ គ្រែពីរ គ្រែបីទៅទៀត ។
ទោះជាអក្សរសិល្ប៍មានលក្ខណៈបែបនេះក៏ដោយ
ក៏ទ្រឹស្តីព្រះពុទ្ធសាសនាត្រូវបានគេផ្តល់គុណតម្លៃឲ្យថាមានលក្ខណៈ
ជាទស្សនៈវិទ្យាខ្លាំងជាង ដោយអប់រំយើងឲ្យវាយតម្លៃមនុស្ស
ដោយយោងទៅលើប្រការបី គឺ កាយ វាចា និងចិត្ត ។






2 comments

ខ្ញុំសូមអរគុណចំពោះអត្ថបទដ៏មានសារៈប្រយោជន៍នេះ ។ តើលោកអាចប្រាប់ខ្ញំុ អំពីប្រភពនៃ រូបគំនូរ ដែលលោកដាក់លំអរនៅក្នុងអត្ថបទខាងលើបានដែរ ឬ ទេ ? ខ្ញុំសូមអរគុណទុកជា មុន ចំពោះការឆ្លើយតបរបស់លោក ។

ខ្ញុំសូមអរគុណចំពោះអត្ថបទដ៏មានសារៈប្រយោជន៍នេះ ។ តើលោកអាចប្រាប់ខ្ញំុ អំពីប្រភពនៃ រូបគំនូរ ដែលលោកដាក់លំអរនៅក្នុងអត្ថបទខាងលើបានដែរ ឬ ទេ ? ខ្ញុំសូមអរគុណទុកជា មុន ចំពោះការឆ្លើយតបរបស់លោក ។


EmoticonEmoticon