គន្ធព្វ ប្តីរបស់នាងទេពអប្សរ

គន្ធព្វ ប្តីរបស់នាងទេពអប្សរ
ខ្មែរយើងស្គាល់ទេពអប្សរច្បាស់ណាស់ ព្រោះយើងមានទាំងរបាំ
ទាំងចម្លាក់ជាច្រើននៅតាមបណ្តាប្រាសាទខ្មែរបុរាណ តែយើង
ភាគច្រើនមិនស្គាល់គន្ធពនោះទេ ។ មានឯកសារមួយចំនួនដាក់ថា
គន្ធព្វ គឺជាប្តី ឬដៃគូរបស់ពួកទេពអប្សរ ហើយគន្ធព្វ មានលក្ខណៈជា
ពាក់កណ្តាលទេពតែប៉ុណ្ណោះ ពួកគន្ធព្វមានតួនាទីជាអ្នកប្រគុំភ្លេង
នៅស្ថានទេវលោក ពេលខ្លះតួនាទីរបស់គន្ធព្វក៏ដូចជាអារុក្សអារក្ស
អ្នកតាការពារព្រៃ ឬក៏ម្រេញគង្វាលនៅក្នុងជំនឿបុរាណរបស់ខ្មែរ
ផងដែរ ។

នៅក្នុងទេវកថាបុរាណរបស់ក្រិចក៏មានតួអង្គទេពមួយឈ្មោះ អែម៉េស (ដែលក្លាយជាយីហោសម្ភារៈប្រើប្រាស់ និងសម្ភារៈធ្វើពីស្បែករបស់
បារាំង) ហើយអែម៉េស មានកូនជាពួក ផាន ដែលមានលក្ខណៈជា
ពាក់កណ្តាលមនុស្ស ពាក់កណ្តាលជាសត្វពពែ ប្រសិនបើយើង
ប្រៀបធៀបតួអង្គអែម៉េស និងផាន ចូលគ្នា គឺ មានលក្ខណៈ
ស្រដៀងគ្នានឹងការបូកបញ្ចូលពួក គន្ធព្វ និងពួកកន្និរ ចូលគ្នាផងដែរ
ដោយសារពួកគេច្រើនលេចចេញនៅក្នុងព្រៃ មាននាងទេពអប្សរជាគូ
ជាអ្នកមើលថែសត្វព្រៃ និងជាគ្រូនៃតន្ត្រីផងដែរ ។
នៅក្នុងជំនឿខាងព្រះពុទ្ធសាសនា ចតុលោកបាលរបស់
ព្រះពុទ្ធសាសនា ប្រចាំទិសខាងកើតគឺជាស្តេចនៃពួកគន្ធព្វ
ដោយមានព្រះនាមថា ព្រះបាទធតរដ្ឋ ឬធ្ឬសរាស្ត្រ ដែលនៅក្នុង
ទម្រង់ព្រះពុទ្ធសាសនាបែបហីនយាន គេធ្វើរូបរបស់ព្រះអង្គ
មានកាន់ពិណ ឬចាប៉ី ចំណែកការនិយមរបស់ខ្មែរក្នុងការគូររូប
ព្រះបាទធតរដ្ឋ នៅតាមព្រះវិហារ គឺមិនបានបង្ហាញថាព្រះអង្គលេង
តន្ត្រីអ្វីនោះទេ តែមានរូបគំនូរមួយចំនួនដាក់ថាព្រះអង្គជាស្តេច
នៃពួកគន្ធព្វ ដូចជាគំនូរនៅព្រះវិហារវត្តភ្នំ នៅក្រុងភ្នំពេញជាដើម ។
នៅក្នុងរឿងមហាភារតៈយុទ្ធ ស្តេចរបស់ពួកគន្ធព្វគឺ ចិត្រសេនា
ដែលជាអ្នកបង្រៀនសិល្បៈតន្ត្រី និងរបាំដល់អរជុន
ហើយក៏ជាអ្នកនាំទ័ពរបស់ពួកគន្ធព្វចេញមកបង្ក្រាបទ័ពរបស់ទុរយោធ
នៅពេលដែលទូរយោធបម្រុងនឹងទៅរំខានពួកបណ្ឌវៈនៅក្នុងព្រៃ ។
នៅក្នុងរឿងកាកី តួអង្គគន្ធាន់ នោះ ការពិតគឺជាតួអង្គគន្ធព្វនេះឯង
តែប្រហែលជាព្រះអង្គដួង ពុំបានយល់ច្បាស់អំពីតួអង្គគន្ធព្វនេះ
ថាជាអមនុស្សនៅក្នុងជំនឿបែបព្រហ្មញ្ញសាសនា ទើបព្រះអង្គហៅ
គន្ធាន់ ទៅតាមសម្លេងភាសាថា ដែលសរសេរថា คนธรรพ์ ដែលអានថា
ឃុនថាន់ ឬគន្ធាន់ នេះឯង តែប្រសិនបើសរសេរឲ្យត្រឹមត្រូវទៅតាម
អក្ខរក្រម គឺត្រូវសរសេរថា គន្ធព្វ ។ សម្រាប់ចម្លាក់ខ្មែរបុរាណ
យើងពុំសូវឃើញមានរូបគន្ធព្វប៉ុន្មាននោះទេ មិនដឹងថាមកពីការមិន
និយម ឬក៏ខ្មែរយើងមិនស្គាល់គន្ធព្វនេះតែម្តង ។













EmoticonEmoticon