រឿង Equinox និង Vernal Equinox ដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ

រឿង Equinox និង Vernal Equinox ដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ

ពាក្យថា Equinox នេះ មិនដឹងអ្នកណានាំពាក្យ «សមរាត្រី» ឬ «សមភាពរាត្រី» ហ្នឹ៎ងយកមកប្រើ ពុំឃើញមាននៅក្នុងវចនានុក្រមទេ គាត់បង្កើតពាក្យខ្លួនឯងឬយ៉ាងម៉េចក៏មិនដឹង នៅក្នុងសៀវភៅរបស់ក្រសួងអប់រំក៏ធ្លាប់ឃើញមានប្រើពាក្យអស់ហ្នឹ៎ងដែរ តែនៅក្នុងវចនានុក្រមខ្មែររបស់ ជួន ណាត ប្រើពាក្យថា «អយន» ឬ «អយនកាល» ដោយឲ្យនិយមន័យថា
«សុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា» អញ្ចឹងបានន័យថាវាត្រូវគ្នានឹងពាក្យ Equinox ។

ពាក្យថា «អយន» ហ្នឹ៎ង នៅក្នុងភាសាសំស្ក្រឹត វាត្រូវនឹងពាក្យថា Solstice មិនមែនពាក្យថា Equinox ហ្នឹ៎ងទេ ពាក្យថា Equinox គឺត្រូវនឹងពាក្យសំស្ក្រឹតថា «វិសុវ» ឬក៏ «វៃសុវ័ត» ។ ដល់អញ្ចឹងទៅ មិនដឹងថាសំស្ក្រឹតខុស អីក៏ខ្មែរអ្នកខុស ប្រសិនបើខ្មែរខុស គឺខុសទាំងពីរពាក្យហ្នឹ៎ង ទាំង «សមរាត្រី» ទាំង «អយន» គួរតែមានអ្នកភាសាសាស្ត្រចេញមកបកស្រាយបន្តិច បើខុសមែន គួរតែប្រើពាក្យថា «វិសុវ» វិញ ទើបត្រឹមត្រូវ មិនគួរបង្កើតពាក្យថ្មី លើពាក្យដែលមានស្រាប់នោះទេ ។

ពាក្យខាងក្រោមនេះ ខ្មែរមិនទាន់មានប្រើទេ ពេលខ្ញុំបកប្រែឯកសារវិទ្យាសាស្ត្រទាក់ទងនឹងតារាសាស្ត្រ ប្រហែលជាត្រូវការប្រើពាក្យទាំងអស់នេះ៖
Autumn/Fall Equinox: សារទវិសុវ (ច្រើនប៉ះចំថ្ងៃទី ២២ ឬ ២៣ នៃខែកញ្ញា)
Winter Solstice: ទក្សិណាយាន (ព្រះអាទិត្យនៅចុងខាងត្បូងបំផុតរបស់ផែនដី ច្រើនប៉ះចំថ្ងៃទី ២១ ឬ ២២ នៃខែធ្នូ)
Spring/Vernal Equinox: វស្សន្តវិសុវ (ច្រើនប៉ះចំថ្ងៃទី ២០ ឬ ២១ នៃខែមីនា)
Summer Solstice: ឧត្តរាយាន (ព្រះអាទិត្យនៅចុងខាងជើងបំផុតរបស់ផែនដី ច្រើនប៉ះចំថ្ងៃទី ២០ ឬ ២១ នៃខែធ្នូ)

រយៈពេលពី សារទវិសុវ ទៅទក្សិណាយាន មានរយៈពេលពី ៨៨ ទៅ ៨៩ ថ្ងៃ ។
រយៈពេលពី ទក្សិណាយាន ទៅវស្សន្តវិសុវ មានរយៈពេលពី ៨៨ ទៅ ៨៩ ថ្ងៃ ។
រយៈពេលពី វស្សន្តវិសុវ ទៅឧត្តរាយាន មានរយៈពេលពី ៩១ ទៅ ៩២ ថ្ងៃ ។
រយៈពេលពី ឧត្តរាយាន ទៅសារទវិសុវ មានរយៈពេលពី ៩១ ទៅ ៩២ ថ្ងៃ ។

ចំនួនថ្ងៃរវាង អយន និងវិសុវ នេះ ប្រហាក់ប្រហែលគ្នានឹងចំនួនអសុរា (៩១ ឬ ៩២) និងចំនួនទេវតា (៨៨) នៅក្នុងចម្លាក់ឈុតកូរសមុទ្ទទឹកដោះ នៅក្នុងថែវខាងកើតឈៀងខាងត្បូងនៃថែវជាន់ទី ៣ របស់ប្រាសាទអង្គវត្ត ចំណុចនេះត្រូវបានរកឃើញដោយអ្នកប្រាជ្ញសិក្សាអំពីអង្គរវត្តម្នាក់ ។

ពាក្យថា ទក្សិណាយាន ហើយនិងឧត្តរាយាននេះ ក៏ត្រូវបានប្រើសម្រាប់សម្គាល់ពេលដែលព្រះអាទិត្យនៅចុងខាងត្បូង រហូតទៅដល់ចុងខាងជើង (ឧត្តរាយាន) និងពេលដែលព្រះអាទិត្យនៅចុងខាងជើង រហូតដល់ចុងខាងត្បូងវិញ (ទក្សិណាយាន) មួយឧត្តរាយាន និងមួយទក្សិណាយាន មានរយៈពេលប្រហែល ១៨០ថ្ងៃ គឺប្រហែលនឹងកន្លះឆ្នាំនោះឯង ។ នៅក្នុងសាសនាព្រាហ្មណ៍ក៏មានជំនឿថា មួយឧត្តរាយាន គឺស្មើនឹងរយៈពេលមួយថ្ងៃនៅស្ថានទេវលោក ចំណែកមួយទក្សិណាយាន គឺស្មើនឹងរយៈពេលមួយយប់នៅស្ថានទេវលោក ដូច្នេះមួយឆ្នាំនៅលើផែនដី គឺស្មើនឹង ១ ថ្ងៃ ១ យប់ នៅស្ថានទេវលោក ។

ទាក់ទងនឹង «វស្សន្តវិសុវ» (Spring/Vernal Equinox) តាមយោបល់ខ្ញុំ ខ្ញុំធ្លាប់អានឯកសារមួយចំនួនជាភាសាបរទេស គឺវាទាក់ទងនឹង «មហាសង្ក្រាន្ត» ឬក៏ «ចូលឆ្នាំខ្មែរ» ដែរ ហើយខ្ញុំធ្លាប់ឮ ឬបានអានឯកសារខ្មែរយើងមួយចំនួននិយាយថា ពីដើមយើងចូលឆ្នាំនៅខែផល្គុនទេ តែក្រោយមកដោយសារយើងមិនទាន់រួចរាល់ការងារច្រូតកាត់ទើបប្តូរទៅចូលឆ្នាំនៅខែចែត្រវិញ តាមខ្ញុំគិត គឺមិនមែនដោយសារហេតុផលនេះទេ ព្រោះថាទោះជាធ្វើស្រូវធ្ងន់ ឬស្រាលយ៉ាងណាក៏ដោយ មកដល់ខែផល្គុន គឺប្រហែលចុងខែ កុម្ភៈ រហូតដល់ចុងខែ មីនា ការងារច្រូតកាត់បោកបែន គួរតែរួចរាល់អស់ហើយ ។

ហេតុផលនៃការផ្លាស់ប្តូរនេះ តាមខ្ញុំគិត គឺដោយសារតែប្រតិទិនសុរិយគតិបុរាណដែលខ្មែរប្រើសម្រាប់កំណត់ពេលចូលឆ្នាំ ពេលសង្ក្រាន្តនោះ គឺខ្វះថ្ងៃ អាចថាមិនគ្រប់ថ្ងៃដូចប្រតិទិនអឺរ៉ុបបុរាណដែរ គឺប្រតិទិនសុរិយគតិដែលយើងប្រើសព្វថ្ងៃនេះ ទើបតែរៀបចំឲ្យត្រឹមត្រូវដោយមានបន្ថែមមួយថ្ងៃ នៅឆ្នាំបង្គ្រប់ នៅចុងសតវត្សទី ១៦ ដោយឡែកប្រតិទិនសុរិយគតិខ្មែរចាស់មិនបានផ្លាស់ប្តូរ ដោយមានខ្វះថ្ងៃ ទើបបណ្តាលឲ្យយឺត មិនបានចូលឆ្នាំ នៅថ្ងៃ «វស្សន្តវិសុវ» គឺថ្ងៃទី ២១ ឬ ២២ ខែមីនា ឬខែផល្គុន តែហួសមកដល់ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ឬខែចេត្រ ហើយនៅពេលខ្មែរយើងឈប់ប្រើប្រតិទិនសុរិយគតិចាស់ ដោយយកប្រតិទិនសុរិយគតិរបស់អឺរ៉ុបយកមកប្រើវិញ ខ្មែរយើង ក៏ដូចជាជាតិជិតខាង បានយកថ្ងៃទី ១៣ ឬ ១៤ មេសានៃប្រតិទិនអឺរ៉ុបជំនួសវិញ យកមកធ្វើជាគោលសម្រាប់រៀបចំពិធីមហាសង្ក្រាន្ត ពីធីចូលឆ្នាំ ឬពិធីផ្តាច់ឆ្នាំនេះ រហូតដល់បច្ចុប្បន្ន ។ នេះគ្រាន់តែជាទស្សនៈមួយរបស់ខ្ញុំតែប៉ុណ្ណោះ ព្រោះខ្ញុំសង្កេតឃើញមានបុណ្យមួយទៀតនៅឥណ្ឌា ដែលពីបុរាណពីធីបុណ្យនោះត្រូវធ្វើនៅថ្ងៃ ទក្សិណាយាន គឺប្រមាណថ្ងៃទី ២១ ឬ ២២ នៃខែធ្នូ តែសព្វថ្ងៃបុណ្យនេះត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមករា ហើយប្រសិនបើគេនៅតែបន្តប្តូរតាមប្រតិទិនសុរិយគតិចាស់ នោះថ្ងៃបុណ្យនោះនឹងបន្តពន្យាពេលកាន់តែឆ្ងាយទៅៗដែរ ។

ពិតជាត្រូវការសិក្សាបន្ថែមរឿងតារាសាស្ត្រនេះព្រោះអីវាមានទំនាក់ទំនងនឹងរឿងរ៉ាវសាសនា និងហោរាសាស្ត្រ សោកស្តាយដែលខ្មែរយើងមិនសូវសំបូរឯកសារអស់នេះ ដោយសារយើងបានផ្លាស់ប្តូរច្រើនពេក ។


EmoticonEmoticon