សិលាចារឹកដ៏ធំមួយដែលមានអាយុកាលមួយពាន់ឆ្នាំជាង

សិលាចារឹកដ៏ធំមួយដែលមានអាយុកាលមួយពាន់ឆ្នាំជាង

សិលាចារឹកដ៏ធំនេះ មានចំណារអក្សរសំស្ក្រឹត និងអក្សរខ្មែរ នៅផ្ទាំងខាងមុខផ្ទាំងខាងក្រោយ និងចំហៀងខាងស្តាំ មានចែងអធិប្បាយពី កិច្ចការសាសនា ច្បាប់ នយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានបុព្វបុរសខ្មែរចារឡើងដោយការចាត់ចែងរបស់ លោកមហាសេនាបតី ស្រីលក្ស្មីបតិវរ្ម័ន បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១០១៤ ក្រោមការយាងជាព្រះអធិរាជាធិបតី នៃព្រះបាទសុរិយវរ្ម័នទី១ (១០០១-១០៥០)។ 


 
ព្រះចក្រពត្តិបានព្រះរាជានុញ្ញាត ឲ្យដាក់ដំកល់សិលាចារឹកនេះនៅ មធ្យទេស គឺជាទឹកដីដែលព្រះអង្គបានចាត់ លោកសេនាបតី ស្រីលក្ស្មីបតិវរ្ម័ន ឲ្យគ្រប់គ្រងរក្សា។
ប្រហែលជានៅមុន ឆ្នាំ១០០៩ លោកសេនាបតី ស្រីលក្ស្មីបតិវរ្ម័ន បានឡើងតំណែងគ្រប់គ្រង ព្រះរាជឃ្លាំង (ស្មើរដ្ឋមន្ត្រីហិរញ្ញវត្តុ) ហើយលោកត្រូវបានព្រះសុរិយវរ្ម័ន ពិពណ៌នាថាជា មន្ត្រីដ៏ស្មោះត្រង់បំផុត បានសាងគុណូបការដ៏ច្រើនអនេកតែមិនដែល ប្រាថ្នានូវគុណសម្បត្តិ ឬការតបស្នងអ្វីទាំងអស់។ បើត្រឹមតែព្រះមហាក្សត្រ ប្រទានដោយផ្ទាល់ព្រះហស្ថ នូវផ្លែឈើដ៏តូច១ផ្លែនោះលោកសេនាបតី នឹងពេញចិត្តណាស់ទៅហើយ ពីព្រោះលោកមិនអាចរស់នៅដោយគ្មានម្ចាស់ ដ៏មានឫទ្ធានុភាព និងគួរឲ្យគោរពសក្ការ: បានទេ។
មធ្យទេស (ធៀបបច្ចុប្បន្ន) មានទីតាំងរដ្ឋបាលនៅចន្លោះ ខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទ្រ គឺជាដែនដីដ៏ធំល្វឹងល្វើយ រាប់ចាប់ពីតំបន់ភ្នំដងរែក ទៅដល់ព្រំប្រទល់ភូមា (ទន្លសាល្វេង) និងបន្តចុះទៅទិសខាងត្បូង ទៅដល់សមុទ្ទ។
សិលាចារឹកដ៏សំខាន់នេះ ដែលត្រូវបានរកឃើញនៅក្នុងប្រាសាទវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្ថិតនៅក្នុងចំណោម សិលាចារឹកខ្មែរដ៏កម្រ ដែលមានចុះកាលបរិច្ឆេទយ៉ាងជាក់លាក់ និងមានព័ត៌មានដ៏សំខាន់បំផុត។
-------
សុរិយ វង្ស ទេវ័ន្ត


EmoticonEmoticon