ល្បែងគ្របមាន់

ល្បែងគ្របមាន់🇰🇭
ល្បែងគ្របមាន់ (អ្នកខ្លះគេហៅថា ល្បែងលាក់មាន់) ជាល្បែងកំសាន្តមួយ យ៉ាងរបស់ពួកកុមារា កុមារី ជំទង់ៗ គ្រប់ភូមិ ស្រុកទូទៅទាំងប្រទេសកម្ពុជា ដែលតែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមានស្រីមាន ប្រុស មានគ្នាតាំងពី ៨ នាក់ ឬ ១០ នាក់ ម្ខាងឡើងទៅ ។ របៀងលេងគេជ្រើសយកក្មេងប្រុស ម្នាក់ស្រីម្នាក់ ក្នុងបណ្ដាលពួកគេទាំងពីរ នោះមក គ្របសំពត់ ឬ ក្រមា ឲ្យជិតខ្លួន តាំងពី ក្បាលដល់ចុងជើង ប៉ុន្តែកុំឲ្យស្គាល់ ជានរណា ហើយគេឲ្យក្មេង ទាំងពីរនាក់ នោះក្រាបបែរមុខរកគ្នា គឺខាង ប្រុស តំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ ញី ។

 
កាលក្រាបហើយគេឲ្យពួកខាង ប្រុស ម្នាក់គោះខ្នងមាន់ខាង ស្រី ឲ្យរងាវមាន់ ខាង ស្រី រងាវ ថា ‹ កិក កិ កែ កឺ ត › ឡើង ដោយខំធ្វើសំលេងឲ្យប្លែកពីធម្មតា ។ តែបើសា្តប់សូរមិនបានគេអាចគោះឲ្យរងាវបានបី ដង ពួកខាងប្រុសចាំស្ដាប់សំលេងមាន់ខាង ស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្ស ស្រីដែលគេស្គាល់ទាយ ហើយគេ បើកគំរបឡើង បើត្រូវគេយកមាន់នោះ មក ទុកជារបស់គេ រួចហើយខាង ស្រីគោះ មាន់ខាង ប្រុសឲ្យរងាវម្ដង ។ មាន់ខាង ប្រុសរងាវ ថា ‹ កិក កិ កែកឺ ត › ដូចគ្នា ។ ពួកខាង ស្រី ចាំស្ដាប់សំលេងមាន់ខាង ប្រុសនោះហើយគេទាយតាមឈ្មោះ មនុស្ស ប្រុស ដែលគេស្គាល់បើខាងស្រី ទាយត្រូវខាង ប្រុស គេយកមាន់ខាង ស្រី ដែលគេយកទៅនោះមកសង ស្រីវិញ តែបើខាង ស្រី ទាយខុសខាង ប្រុស គេយកមាន់ខាង ស្រី នោះទៅទៀត ។ 
ការទាយសំលេងមាន់ស្រេចលើខាង ណាទាយត្រូវច្រើនគេបានមាន់ ច្រើន , ខាងណាទាយខុសច្រើន ត្រូវបង់ខាតមាន់ ច្រើនដែរ ។ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬ មាន់ ច្រើនជាងគេ ទុកជាចាញ់ ខាងណាបានមាន់ ច្រើនគេទុកជា ឈ្នះហើយគេរៀបចំជាថ្មី ឡើងវិញ ។ គេចេះតែ ធ្វើរបៀបនេះដរាបដល់ពេលណា ដែលគេសន្មត់គ្នាថាឈប់ទើបលែងលេង ។ 
ល្បែងនេះជា ល្បែងកំសាន្តមួយ យ៉ាងសំរាប់កុមារា កុមារី ជំទង់ៗលេងតាមសប្បាយដែលជា ល្បែងហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសព្វខាងស្ដាប់ ខាងកាត់ ប្រមាណតម្រូវតាមសំលេងរបស់មនុស្ស ៕


EmoticonEmoticon