ប្រវតិ្ត ប៉ីអ

ប្រវតិ្ត «ប៉ីអ»
«ប៉ីអ»​ ជា​ឧបករណ៍​ប្រើ​ខ្យល់​ផ្លុំ​ដោយ​បៀម​លាំ (អណ្តាត) នៅ​ក្នុង​មាត់ ។ ឧបករណ៍​នេះ​មាន​មុខងារ​សំខាន់​ក្នុង​វង់​ភ្លេង​អារក្ស និង​ក្នុង​វង់​ភ្លេងការ​បុរាណ ។ ក្នុង​ពេល​ប្រគំ​រួម​ម្តងៗ ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ទាំង​ពីរ​ខាង​លើ​នេះ ត្រូវ​រឹត​តាម​សំនៀង​ប៉ីអ ដោយ​យក​សំនៀង​ប៉ីអ​ជា​សំនៀង​កំណត់ ។ ឧបករណ៍​នេះ​មាន​អាយុកាល​ចំណាស់​បំផុត​នៅ​លើ​ទឹកដី​យើង​នេះ ។ ជា​ច្រើន​តំណ​មក​ហើយ រូបភាព​របស់​វា​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ ។ រូបភាព​ដើម​ដូច​ប្រើ​សព្វ​ថ្ងៃ​នេះ មាន​ឃើ​ញេ​នៅ​ប្រទេស​ជប៉ុន​ផ្លុំ​ប៉ោង​មាត់​ដូច​ខ្មែរ​ដែរ​ដោយ​តន្ត្រីករ​ ជនជាតិ​ជប៉ុន​ស្លៀក​ពាក់​បែប​ប្រទេស​ឥណ្ឌូណេស៊ី ។


សំនៀង​របស់​ប៉ីអ​លាន់​ឮ​រ៉ែ ពីរោះ​ដូច​គ្នា​នឹង​សំនៀង​ធម្មជាតិ​របស់​សត្វ​រៃ​យំ​ក្នុង​ព្រៃ​ ព្រឹក្សា ។ ឧបករណ៍​ប៉ីអ​នេះ​ប្រើ​សំនៀង​ជាប់​ដូច​រៃ​យំ​ពី​ដើម​បទ​រហូត​ដល់​ចប់​ បទ ។ អ្នក​ផ្លុំ​ប៉ីអ​ត្រូវជា​អ្នក​ពូកែ​ខាង​បច្ចេកទេស​ដក​ដង្ហើម​រក្សា​ខ្យល់​ ទុក​ផ្លុំ​មិន​ឱ្យ​ដាច់​សំនៀង ។ ក្នុង​ការ​បិទ​បើក​រន្ធ​សំនៀង តន្ត្រីករ​ខ្លះ​ប្រើ​ចុង​ម្រាមដៃ ខ្លះ​ទៀត​ប្រើ​គល់​ម្រាម​ដៃ ។ តួ​ប៉ីអ​ ធ្វើ​អំពី​ដើម​ឫស្សី​ឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ ឬ​ក៏​ប្រភេទ​ឈើ​រឹងៗ​ដូច​ជា ឈើ​គ្រញូង ឈើ​នាងនួន ឈើខ្មៅ ។ល។ ដើម​ឫស្សី​ឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ គឺ​ជា​ប្រភេទ​ឫស្សី​ដែល​មាន​ប្រហោង​រន្ធ​តូច សាច់​ក្រាស់​ត្រូវ​នឹង​សំណុំ​ប្រហោង​របស់​ប៉ីអ ។ គេ​យក​ត្រឹមតែ​ប្រវែង​១​សាច់​ឫស្សី គ្មាន​ជាប់​ថ្នាំង​មក​ធ្វើ​តួ​ប៉ីអ ។ នៅ​លើ​តួ​ប៉ីអ​មាន​ចោះ​រន្ធ​សំនៀង​ច្រើន​ដូច​ជា​រន្ធ​សម្រាប់​បិទ​ក្រដាស​ មាន​មួយ (ខ្លះ​ហៅ​ថា​រន្ធ​ហែប) សម្រាប់​ឱ្យ​ប៉ីអ​មាន​សំនៀង​រ៉ែ ។ រន្ធ​ហែប​នេះ​គេ​ចោះ​នៅ​ចំហៀង​តួ​ប៉ីអ ។ មាន​រន្ធ​៧​ទៀត​នៅ​ចំ​ពីលើ​តួ គឺ​ជា​រន្ធ​សំនៀង​ចំ​ដែល​មាន​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​កម្រិត​សំនៀង​របស់​ ខ្លួន ។ ចំពោះ​រន្ធ​សំនៀង​នីមួយៗ អាច​ប្រើ​បាន​តែ​សំនៀង​ចំ​មួយ​គត់ និង​សំនៀង​ចំហៀង​មួយ​ទៀត​ប៉ុណ្ណោះ មិន​អាច​ប្រើ​សំនៀង​បាន​ច្រើន​ដូច​រន្ធ​ខ្លុយ​ឡើយ ។
លាំ (អណ្តាត) សម្រាប់​ផ្លុំ​ឱ្យ​ចេញ​សំនៀង​ធ្វើ​អំពី​ដើម​ប្របុស មិន​ចាស់​ពេក មិន​ខ្ចី​ពេក​មាន​ប្រវែង​ក្រោម​១០​សង់ទី​ម៉ែត្រ ។ គេ​ចិត​គល់​លាំ​ឱ្យ​មាន​រាង​ជម​ល្មម និង​ស៊ក​ទៅ​ក្នុង​ប្រហោង​តួ​ប៉ីអ​ឱ្យ​បាន​ជាប់ ។ នៅ​ខាង​ផ្លុំ គេ​កោស​ឱ្យ​ស្តើង ហើយ​យក​ទៅ​កប់​ក្នុង​ផេះ​ក្តៅ​ឱ្យ​ទន់​សាច់​ប្របុស រួច​គេ​គាប​នឹង​ត្បុត ដើម្បី​ឱ្យ​សំប៉ែត​ដូច​ចំពុះទា ទុក​យូរ​ថ្ងៃ​ឱ្យ​ស្លាប់​សាច់ ទើប​គេ​ដោះ​ត្បុត​ចេញ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​កុំ​ឱ្យ​វា​បោរ​ប៉ោង​វិញ​បាន ។ គេ​យក​លាំ​ដែល​គាប​រួច​ហើយ​ទៅ​ត្រាំ​ក្នុង​ទឹក​កំបោរ និង​ម្ជូរ​យ៉ាង​យូរ ដើម្បី​កុំ​ឱ្យ​សាច់​ប្របុស​រីក​នៅ​ពេល​ដែល​គេ​រៀប​ផ្លុំ ។ លាំ​ណា​ដែល​មាន​ចុង​អណ្តាត​គាប​ជាប់​គ្នា គេ​ត្រូវ​គាប​ពី​ទោល​អណ្តាត​មក​វិញ ដោយ​ឃ្នាប​មួយ​តូច​ឱ្យ​ប្រហោង​ហើប​បន្តិច​ដើម្បី​សម្រួល​ដល់​សំនៀង ។ លាំ​ណា​ដែល​មាន​ប្រហោង​អណ្តាត​ហើប​ហើយ ក៏​គេ​ត្រូវ​ប្រើ​ឃ្នាប​តូចៗ​២​ ឬ​៣ (ហៅ​ថា​ស្នាប់) ធ្វើ​អំពី​បន្ទះ​ផ្តៅ​តូច​ស្តើង​ដែរ ដើម្បី​សម្រួល​ដល់​ប្រហោង​អណ្តាត​តម្រូវ​តាម​សំនៀង​ត្រូវការ ។
តាម​ធម្មតា ប៉ីអ​នៅ​តាម​ក្រុម​ភ្លេង​នីមួយៗ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្ពស់​សំនៀង​មិន ​ស្មើគ្នា​សុទ្ធសាធ​នោះ​ទេ គឺ​អាស្រ័យ​មក​ពី​ទំហំ​ប្រវែង​ប្រហោង​សំនៀង​មិន​ស្មើគ្នា ទៅ​តាម​សំណុំ​លក្ខណៈ​ឫស្សី​ដែល​យក​មក​ធ្វើ​ជា​តួ​ប៉ីអ​នោះ ។ តន្ត្រីករ​ដែល​ជា​អ្នក​ធ្វើ​ប៉ីអ​តាំងពី​បរម​បុរាណ​មក​នៅ​តែ​គោរព​ក្បួន​ ខ្នាត​ចោះ​រន្ធ​សំនៀង​តាម​បែប​បុរាណ​ដាច់​ខាត​មិន​លម្អៀង​ឡើយ ។ ដោយ​យក​ខ្នាត​ជា​របៀប​កាច់​បត់​ជា​ផ្នត់​មក​ចោះ​រន្ធ ។ គេ​យក​ខ្សែ​ដែល​មាន​ប្រវែង​ស្មើនឹង​ប្រវែង​តួ​ប៉ីអ​មក​បត់​ជា​១១​ផ្នត់​ ស្នើៗ​គ្នា រួច​គេ​ចាប់​លា​ផ្នត់​ទាំង​នោះ​ដាក់​លើ​តួ​ប៉ីអ ដើម្បី​វាស់​រក​ចំណុច​រន្ធ​សំនៀង​នីមួយៗ ។
ពី​ត្រឹម​កន្លែង​ស៊ក​លាំ​ទៅ​រន្ធ​សំនៀង​ទី​១ មាន​២​ផ្នត់ (២/១១) រន្ធ​ទី​២ មាន​៣​ផ្នត់ (៣/១១) រន្ធ​ទី​៣ មាន​៤​ផ្នត់ (៤/១១) រន្ធ​ទី​៤ មាន​៥​ផ្នត់ (៥/១១) រន្ធ​ទី​៥ មាន​៥​ផ្នត់ (៦/១១) រន្ធ​ទី​៦ មាន​៥​ផ្នត់ (៧/១១) រន្ធ​ទី​៧ មាន​៥​ផ្នត់ (៨/១១) និង​ពីរ​រន្ធ​ទី​៧ ទៅ​ចុង​តួ​ប៉ីអ​មាន​៣​ផ្នត់ (៣/១១) ប្រវែង​៣​ផ្នត់​នៃ​ចុង​តួ​នេះ គេ​អាច​កាត់​ចុង​ចោល​ខ្លះ​ដើម្បី​ជួយ​តម្រូវ​សំនៀង​រន្ធ​ទី​៧ ប្រសិនបើ​សំនៀង​នៃ​រន្ធ​នេះ​ទាប​ពេក​ដោយ​មូលហេតុ​ប្រហោង​ឫស្សី​ មិនល្អ ។ ចំណែក​រន្ធ​ហែប (រន្ធ​បិទ​ក្រដាស) នៅ​ទន្ទឹម​រន្ធ​ទី​១​ពី​ចំហៀង រីឯ​រន្ធ​ចំហៀង (រន្ធ​មាន​សំនៀង​ចំហៀង) នៅ​ចំពាក់​កណ្តាល​រន្ធ​ទី​១ និង​រន្ធ​ទី​២ ផ្នែក​ខាង​ក្រោម ៕
----------
ឈូកខ្មែរ


EmoticonEmoticon