បដិមាព្រះគម្លង់ ឬ ព្រះយម

បដិមាព្រះគម្លង់ ឬ ព្រះយម
ភិនភាគ
រូបចម្លាក់ធ្វើពីថ្មភក់ រចនាប័ទ្មបាយ័ន ចុងសតវត្សទី១២ ដើម​សតវត្ស​ទី​១៣ មានពុកមាត់ មានចង្កូម គ្មានជំរកអាស្រ័យ តែងអង្គុយ ហាល​ខ្យល់ ហាលក្តៅ ហាលភ្លៀង។
ប្រវត្តិឈ្មោះ
អ្នកស្រាវជ្រាវ អ្នកប្រវត្តិសាស្រ្ត អ្នកស្រុក តែងហៅបដិមា​មួយនេះ​ថា​ជា ព្រះយម (យមរាជ) អ្នកកាត់ក្តី ឬ ព្រះគម្លង់ (ស្តេចកើតឃ្លង់) តើ​ឈ្មោះ​ទាំងនេះមានប្រភពមកពីទីណា?
ព្រះគម្លង់ (ស្តេចគម្លង់)
ដោយសារបដិមានេះ ជាបដិមានៅហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ពុំមានរោងសំណាក ទើបធ្វើឲ្យរូបបដិមានេះ មានដុះស្លែគ្រើមៗ មើល​​ទៅដូចជាកើតឃ្លង់ ទើបអ្នកស្រុកហៅថា ព្រះគម្លង់ ឬ ស្តេច​គម្លង់។ ដែលមតិខាងលើយល់ថា ជាបដិមាព្រះបាទយសោវរ្ម័នទី១ ឬ ព្រះបាទជ័យវរ័្មនទី៧នោះ តែធាតុពិតការស្រាវជ្រាវ​ចុងក្រោយ​បាន​បង្ហាញ​ថា​រូបនោះគឺជារូបព្រះយមទៅវិញ។
ព្រះយម
លោកCoedès បានបកស្រាយដោយផ្អែកលើសិលាចារឹកនៅលើរូប​នៅ​សតវត្សរ៍ទី១៤ ឬទី១៥ ថារូបនោះជារូបយមរាជដែល​ជាអ្នកកាន់​ច្បាប់​កាត់ទោសនៅឋាននរកទេ។
ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃជំងឺឃ្លង់គឺពិតជាមានមែន នៅ​សម័យអង្គរ ហើយមានមន្ទីរពេទ្យដើម្បីព្យាបាលជំងឺនោះ ដោយ​ប្រើប្រាស់​ឱសថបុរាណដូចជាឱសថ ខ្លាញ់ទឹកដោះគោថ្លា ខ្លាញ់​ទឹក​ដោះ​គោស្រស់ ប្រេង ទឹកឃ្មុំ រងូ ស្លឹកស្រម៉ ផ្លែស្រម៉ជាដើម។
គួរបញ្ជាក់ផងដែរថា នៅសម័យប៉ុលពល អ្នកដែលមានជំងឺឃ្លង់​ត្រូវ​បញ្ចូន​ឲ្យទៅនៅជុំគ្នា ដើម្បីព្យាបាល នឹងកុំឲ្យរាលដាលដល់អ្នកដទៃ ដែលស្ថិតនៅភូមិត្រើង ខេត្តកំពង់ចាម សព្វថ្ងៃក៏នៅមាន​មន្ទីរ​ពេទ្យ​ព្យាបាលជំងឺឃ្លង់នៅទីនោះដែរ ជំងឺឃ្លង់គឺជាជំងឺ​ដែលអាចមើល​ជា​ដាច់ ប្រសិនបើបានព្យាបាលទាន់ពេលវេលា បើពុំដូចនោះទេ អាច​នឹង​ពិការ។ ដោយមូលហេតុនេះហើយ ទើបគេសន្មតមួយទៀតថា បដិមា​ព្រះបាទជ័យវរ្ម័នទី៧ពិការគឺមកពីទ្រង់មានជំងឺឃ្លង់ ដែល​ធាតុ​ពិតគឺមិនដូច្នោះទេ បដិមាពីដើមគឺមានតួខ្លួនពេញលេញទាំងអស់
សូមមើលអត្ថបទនេះ https://goo.gl/k6ikAa
សូមជូនរឿងនិទាននៃព្រះគម្លង់មួយទៀត
មានរឿងនិទាន​មួយ តំណាលថា កាលដើមឡើយ​អាកាសធាតុ​រាំង​ស្ងួត ធ្វើស្រែមិនបាន ប្រជាជនបានទៅបន់ស្រន់សុំព្រះគម្លង់ឲ្យជួយ ព្រះគម្លង់បានឡើងទៅឋានសួគ៌ ទៅសុំគោពីឋានសួគ៌​មកឲ្យ​ឋាន​មនុស្ស ដោយសន្យាថា នឹងមិនឲ្យមនុស្សបរិភោគសាច់គោឡើយ។ ក្រោយមកមនុស្សបានយកគោធ្វើជាពាហនៈសម្រាប់ភ្ជួររាស់ធ្វើស្រែចំការ។ ថ្ងៃមួយ មនុស្សបានក្បត់ពាក្យសច្ចៈ ដោយនាំ​គ្នាបរិភោគ​សាច់​គោធ្វើជាចំណី។ ឋានលើខឹងសំបារយ៉ាងខ្លាំង ហើយព្រះគម្លង់ ដូចព្រះអង្គជាអ្នកដែលស្នើសុំសត្វគោពីឋានលើមក ទើបព្រះអង្គ​សុខ​ចិត្តដាស់ទោសខ្លួនឯង អង្គុយហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដោយ​គ្មានអាស្រមដូចទេពដទៃ ចំណេរក្រោយៗមក រាល់បដិមា​ព្រះ​គម្លង់ដែលសាងហើយ គឺពុំមានអាស្រមទេ គឺទុកនៅកណ្តាលថ្ងៃ។
តួយ៉ាងដូចជារូបសំណាកព្រះគម្លង់នៅលានស្តេចគម្លង់ និង មុខ​វត្ត​ឧណ្ណា​លោមជាដើម។ ក្រោយមកទៀតគេ ក៏បានសាង​រូបសំណាក​ព្រះគម្លង់​មួយទៀត ដាក់នៅតាមផ្លូវមាត់ទន្លេ ដោយមានអាស្រម រំលង​បានប៉ុន្មានឆ្នាំ មិនដឹងមូលហេតុអ្វី គេក៏រើអាស្រម និង រូប​សំណាកនោះចេញវិញ នៅសល់តែរូបសំណាកមុខវត្តឧណ្ណា​លោម​មួយ​ដដែរ។
រូបបដិមាព្រះគម្លង់បច្ចុប្បន្នមាននៅទីកន្លែងមួយចំនួនដូចជា៖
-​ រូបបដិមាពិតប្រាកដនៃព្រះយម(ស្តេចគម្លង់)តំកល់នៅសារមន្ទីរ​ជាតិក្នុងបន្ទប់ត្រង់កន្លែងរចនាប័ទ្មបាយ័ន។
- រូបបដិមា​សិប្បនិម្មិតមួយ ដាក់នៅក្នុងសារមន្ទីរ​ជាតិដដែល​នៅ​កណ្តាល​ស្រះទាំង៤។
- រូបបដិមា​សិប្បនិម្មិតមួយនៅមុខវត្តឧណ្ណាលោម។
- រូបបដិមាសិប្បនិម្មិតមួយ នៅលានព្រះគម្លង់ទីក្រុងសៀមរាប។
- រូបបដិមាមួយទៀត នៅក្បែរព្រះអង្គចេកព្រះអង្គចម ដែលអ្នកស្រុកហៅថាយាយទេព។


EmoticonEmoticon