ខ្មែរជាអ្នកលេខសូន្យ ០ មុនគេអង្អស់ឬ?

កាលពីឆ្នាំ ១៩៣០ មានអ្នកបុរាណវិទូជាច្រើន យល់ថាលេខសូន្យ "០" ត្រូវ​បានបង្កើត ដោយពួកអ៊ឺរ៉ុប ឬក៏ពួកអារ៉ាប់។ ក្នុងចំណោម​អ្នកបុរាណ​វិទូ​ទាំងនោះ លោក G. R. Kaye បានអះអាងថាលេខនេះ គឺរកឃើញ​នៅ​ប្រទេសឥណ្ឌា ដោយមានចម្លាក់នៅប្រាសាទ Chatur-bujha នៃទីក្រុង​បុរាណ Gwalior ក្នុងពាក់ កណ្តាលសតវត្សទី៩ ដែលដំណាលគ្នា​នឹង​សម័យកាលដ៏ថ្កុំថ្កើនរបស់ប្រទេសអារ៉ាប់។ ហើយលោកបានសន្និដ្ឋាន​ថា លេខសូន្យអាចត្រូវបង្កើតដោយពួកអ៊ឺរ៉ុប ហើយបានយកទៅ​ប្រើនៅ​ប្រទេស​ឥណ្ឌាតាមពាណិជ្ជករអារ៉ាប់។


ប៉ុន្តែនៅឆ្នាំ ១៩៣១ អ្នកបុរាណវិទូបារាំងលោក Georges Cœdès បាន​បោះពុម្ព​សៀវភៅ New Zeros and Old Khmer ដែលប្រឆាំង​នឹង​ទ្រឹស្តី​របស់​លោក G. R. Kaye។ ក្នុងសៀវភៅនោះ​លោកបានបង្ហាញថា​លេខ​សូន្យ​ត្រូវ បង្កើតឡើងនៅបូព៌ាប្រទេស (ហើយប្រហែលជាប្រទេសកម្ពុជា បើទោះជាគាត់និយាយសំដៅថាប្រទេសកម្ពុជា ជារដ្ឋរបស់​ឥណ្ឌា​ក៏​ដោយ​)។ លោក Cœdès បានធ្វើសេចក្តី​សំអាងទាំងស្រុង​តាមភស្តុតាង​ដ៏​គួរអោយភ្ញាក់ផ្អើល មួយ គឺជាសិលាចារិកមួយ​ដែលបាន​រកឃើញ​កាល​ពីដើមសតវត្សទី២០ នៅប្រាសាទបាក់បែកមួយ ដែលសាងសង់ ក្នុង សតវត្សទី៧ នៅក្នុងតំបន់សំបួរ (Sambor) ដែលលោក​បានដាក់​ឈ្មោះ​ថា K-127 ។ អក្សរដែលបានសរសេរលើ សិលាចារិកត្រូវបានលោក Cœdès យកទៅអោយអ្នកជំនាញខាងបកប្រែ(និរុត្តវិទូ) អោយជួយ​ប្រែ​អត្តន័យតាមអក្សរ បុរាណរបស់ខ្មែរ។ ហើយខ្លឹមសារ​នៃសិលាចារិក​នេះ​បានសរសេរថាៈ សម័យ Chaka ( អាចជាចេនឡា ) បានមក ដល់ឆ្នាំទី​៦០៥ ក្នុងថ្ងៃទី៥ រោចន៍....។
លេខសូន្យក្នុង​លេខ ៦០៥ គឺជាលេខសូន្យដំបូង​គេបំផុត​ដែល​ត្រូវបាន​គេ​​ប្រទះឃើញ។ ហើយសម័យ Chaka លោក បានអះអាងថា​កើតក្នុង​ឆ្នាំ​៧៨ ក្រោយគ្រិស្តសករាជ ដែលស្មើនឹងឆ្នាំ ៦៨៣ ( ៦០៥ + ៧៨)។ ហើយលោក Cœdès ក៏បានបកស្រាយពីលេខសូន្យដែលលោក G. R. Kaye ថាកើតនៅអារ៉ាប់ថា បានត្រូវយកមកប្រើនៅប្រទេសអារ៉ាប់ ដោយ​ពួកពាណិជ្ជករអារ៉ាប់ ហើយក្រោយមកត្រូវ​គេនិយម​ប្រើប្រាស់​ដោយ​ពួក​អ៊ឺរ៉ុប នៅក្នុងឆ្នាំ ១២០២។
ដើម្បីបញ្ជាក់​ថាអ្វីដែលបានអះអាងរបស់លោក Cœdès ពិតប្រាកដ ​ឬ​យ៉ាងណានោះ លោក Amir Aczel ដែលជាអ្នក ស្រាវជ្រាវ​នៅមហា​វិទ្យា​ល័យ Boston បានធ្វើដំណើរមកកម្ពុជាដើម្បីស្វែងរកការពិត។ ក្នុង​នោះ​គោលដៅចម្បង របស់លោកគឺ សិលាចារិក K-127។
ក្រោយការ​ចំណាយ​ពេលជាច្រើនគ្មានពន្លឺអ្វីសោះ ទើបលោកស្វែងរក​ការ​ជួយពីរាជរដ្ឋាភិបាល ហើយក្នុងនោះលោក បានការជួយ​គាំទ្រ​ពី​អគ្គនាយកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺឯកឧត្តម ទូច ហាប់ (Hab Touch) ទើបលោក Amir Aczel បានរក​ឃើញសិលាចរិក​នេះ​ក្នុង​ចំណោម​សិលាចារិករាប់ពាន់ នៅមន្ទីរអភិរក្សតំបន់អង្គរ ក្នុងថ្ងៃទី ២ ​ខែ មករា ឆ្នាំ ២០១៣។ លោកនឹងប្រពន្ធរបស់​លោកមានសេចក្តី​រំភើប​ជា​ខ្លាំង ហើយប្រពន្ធលោក គឺ លោកស្រី Debra បានថតរូប​ជាច្រើន​ប៉ុស្តិ៍​ពី​សិលាចារិកនេះ ហើយក្នុងរូបភាពពិតជាមានលេខសូន្យចារិក ក្នុងនោះ ពិតមែន។ លេខសូន្យក្នុងសិលាចារិកនេះ មានសណ្ឋានដូចលេខ៩ ដែលស្រដៀងនឹងលេខ៦ខ្មែរបញ្រ្ចាសក្បាល។
លោក Amir Aczel បាននិយាយថាឯកឧត្តម ទូច ហាប់ ក៏បាន​សន្យានឹង​លោកថា នឹងនាំយកសិលាចារិក K-127 ត្រឡប់មក​សារមន្ទីរជាតិ​នៅ​ភ្នំពេញវិញមកដែរ ដែលអាចអោយមនុស្សជាច្រើនបានឃើញវា។


EmoticonEmoticon