ចម្លាក់បាយ័ន ៖ ពិធីយញ្ញក្របីនៅលើចម្លាក់នៃប្រាសាទបាយ័ន

ចម្លាក់បាយ័ន ៖ ពិធីយញ្ញក្របីនៅលើចម្លាក់នៃប្រាសាទបាយ័ន
ចម្លាក់រឿងនេះបង្ហាញនៅលើជញ្ជាំងថែវខាងក្រៅ នាទិសខាងកើត ជ្រុង​អាគ្នេយ៍។ ជាទិដ្ឋភាពធំបីផ្ទាំងតជាប់គ្នាពីលើមកក្រោម រៀបរាប់អំពី​ពិធី​ទាក់​ទងនឹងក្របី។ ចម្លាក់នៅថ្នាក់ខាងលើបង្អស់បាត់ពាក់កណ្តាល ដែល​យើង​មើល​យល់ថាមានបង្ហាញអំពីការនាំក្របីទៅថ្វាយព្រះរាជាទត និង​កិច្ច​ពិធី​ផ្សេងៗ។ ចម្លាក់នៅថ្នាក់កណ្តាលមានបង្ហាញអំពី​ក្របីដែលយក​មកចង​នឹង​បង្គោលឈើ នៅក្បែរនោះមានព្រាហ្មណ៍ពីរនាក់អង្គុយលើដំរីកំពុងសូត្រយញ្ញបូជា។ កងទ័ព​រេហ៍​ពល​ទាំងគ្រប់ឋានានុក្រមរំកិលដំណើរចូលកាន់ក្របី រួចចាក់ក្របី​នឹង​អាវុធ​របស់ខ្លួនជាបន្តបន្ទាប់ ទើបបន្តដំណើរ​ឆ្ពោះទៅទីវាលចម្បាំង។



អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់​ឯកសារ​អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា ចម្លាក់​នេះជាការបង្ហាញឲ្យឃើញអំពីកិច្ចពិធីលើកទឹកចិត្តទ័ពមុននឹងចេញច្បាំងនៅសម័យ​បុរាណ ដើម្បីធ្វើឲ្យកងទ័ពមានសេចក្តីក្លាហានអង់អាចក្នុងចម្បាំង តាមរយៈ​កិច្​ចពិធីពិសេស ដែលទាក់ទងនឹងការបូជាឈាមស្រស់ ដើម្បីឲ្យអំពាវ​នាវ​សុំ​ឲ្យ​កម្លាំងទេពមកសណ្ឋិតនៅហ្នឹងអ្នកចម្បាំង។
អ្នកស្រាវជ្រាវរូបនេះបញ្ជាក់ថា ចម្លាក់នេះ អ្នកខ្លះយល់ច្រឡំថា ជាចម្លាក់បង្ហាញ​អំពីសម្លាប់សត្វក្របីដើម្បីប្រារព្ឋពិធីជ័យជំនះ។ តាមពិតជាកិច្ចបូជា​ដ៏ធំ​របស់​ជន​ជាតិ​ភាគតិចនៅក្នុងអាស៊ីអាគ្នេយ៍។ ខ្មែរបានយកទំនៀម​ជនជាតិ​មកផ្សំ​នឹង​ទំនៀម​ព្រាហ្មណ៍ ដើម្បីសុំឲ្យទេពស្ថិតនៅជាកម្លាំងក្នុងរេហ៍ពលរបស់ខ្លួន។
អាជ្ញាធរជាតិអប្សរា


EmoticonEmoticon