សំណេរចិននាសម័យដំបូងបង្អស់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរ

សំណេរចិននាសម័យដំបូងបង្អស់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរ

ទំនាក់ទំនងរវាងចិន និងខ្មែរបានផ្តើមឡើងតាំងពី​សម័យមុន​ប្រវត្តិ​សាស្ត្រ ពោលគឺតាំងពីមុនការបង្កើតនៃរដ្ឋហ្វូ-ណនមកម្ល៉េះ ក៏ប៉ុន្តែ​ទើប​តែ​មានសន្ទុះយ៉ាងខ្លាំងក្លាបំផុត ចាប់តាំងពីមុនសម័យ​ប្រវត្តិសាស្ត្រ​បន្តិច​តែប៉ុណ្ណោះ។ ការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា សំណេរចិន​ស្តីពី​ប្រវត្តិសាស្ត្រខ្មែរ ចែកចេញជាច្រើនសម័យកាល តែឯកសារ​សំខាន់​ជាង​គេ ដែលគេអាចចាត់ទុកថា ជាមូលដ្ឋានគ្រឹះ គឺស្ថិតនៅក្នុងរាជវង្សហាន់ ខាងលិច ប្រមាណជា ១០០ឆ្នាំ មុនគ.ស និង ១០០ឆ្នាំ នៃគ.ស និងក្នុង​សម័យរាជវង្សវ៉ូ (២២០-២៨០នៃគ.ស)។



 
សម័យរាជវង្សហាន់ ខាងលិច គឺជាសម័យមុនការបង្កើត​រដ្ឋហ្វូ-ណន​បន្តិច ហើយជាសម័យចាស់ជាងគេបំផុត។ តាំងពីអតីតកាល​ដ៏យូរលង់​មកមិនថា ក្នុងបរិបទសង្គមវប្បធម៌ណា ឬរជ្ជកាល​របស់​ព្រះមហាក្សត្រ​អង្គណាទេ ជនជាតិចិនតែងតែខិតខំស្វែងយល់អំពីវិស័យនយោបាយ​វប្បធម៌ នឹងសេដ្ឋកិច្ចរបស់ជនជាតិដែលរស់នៅជិតខាងរបស់ខ្លួន។ ដោយ​សំណេរដៃជាលាយលក្ខណ៍អក្សរ ហើយចាស់ជាងគេបំផុត​របស់​ចិនស្តីពីជនជាតិបរទេស ជាពិសេសការធ្វើដំណើរទៅកាន់ប្រទេស​ឥណ្ឌា​ចារឡើងក្នុងរាជវង្សហាន់ ខាងលិច យ៉ានហានស៊ូ ប្រមាណ​១០០​ឆ្នាំ មុនគ.ស និង ១០០ឆ្នាំនៃគ.ស។
គឺដោយសារឯកសារនេះហើយ បានជាយើងអាចដឹងជាប្រយោលថា ជន​ជាតិ​ខ្មែរធ្លាប់មានទំនាក់ទំនងជាមួយចិន មុនសម័យ​ប្រវត្តិសាស្ត្រ​បន្តិច ហើយដែនដីខ្មែរពីដើម គឺជាតំបន់ឆ្លងកាត់ ឬជាផ្លូវក្រឡែងកែង​វប្បធម៌ ដែលមានវប្បធម៌ចម្រុះពហុវប្បធម៌។ សម្រង់ព័ត៌មាន​ដែលបាន​មកពីឯកសារខាងលើ បង្ហាញឲ្យយើងដឹងថា ដើម្បីធ្វើដំណើរទៅ​កាន់​ប្រទេស​ឥណ្ឌា ចាំបាច់អ្នកដំណើរតាមសមុទ្រ ដោយឆ្លងកាត់ទីប្រជុំជន​មួយចំនួន ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសថៃ និងវៀតណាមខាងត្បូង ក្រោយពីឱនភាពនៃសម័យមហានគរ និងក្រោយអង្គរមក។
ការ​ពិនិត្យ​ខ្លឹមសារនៃសំណេរដៃចិន កត់ត្រាតាំងតែ ១០០ឆ្នាំមុនគ.ស បានផ្តល់ឱកាសឲ្យយើងពិចារណាឡើងវិញអំពីចំណាស់នៃសម្ព័ន្ធភាព មិនគ្រាន់តែចិន និងឥណ្ឌាទេ ក៏ប៉ុន្តែរវាងចិន និងខ្មែរ ឬក៏ខ្មែរ និងឥណ្ឌា​ផងដែរ ដែលបានទាក់ទងរកគ្នា ដោយមូលហេតុ​ផ្សេងៗយ៉ាងពិត​ប្រាកដ​។
តាមរយៈវត្ថុបុរាណចិនមួយចំនួនដែល​បានជួបប្រទះ យើងក៏​អាច​បញ្ជាក់​នូវភាពត្រឹមត្រូវនៃសំណេរទាំងនោះពាក់ព័ន្ធទៅនឹងទំនាក់ទំនង​ចិន-ខ្មែរខាងលើនេះដែរ។ តាមពិតទៅផ្តើមចេញពីរាជវង្សហាន់​ ទំនាក់​ទំនង​នេះ មានលក្ខណៈច្បាស់លាស់ និងពិស្តារចាប់តាំងពីស.វទី១ រហូត​ដល់បច្ចុប្បន្នភាព បើសំអាងប្រភពឯកសារផ្សេងៗដែលជារួមមាន​ទិន្នន័យខាងបុរាណវិទ្យា និងលទ្ធផលនៃការជីករុករក​វត្ថុបុរាណ​នៅ​តាម​​​ស្ថានីយផ្សេងៗជាដើម។
ហេតុដែលយើងចាប់អារម្មណ៍លើ​ស្លាកស្នាមវប្បធម៌បុរាណចិន គឺដោយ​សារតែចំណុចនេះ មិនសូវត្រូវបានគេលើកយកមកនិយាយឡើយ ហើយ​ជាអ្វីមួយដែលពុំបានចែង ឬអធិប្បាយក្នុងសៀវភៅប្រវត្តិសាស្ត្រ​នៃព្រះរាជាណាចក្រកម្ពុជាឡើយ។
ម្យ៉ាងទៀត យើងចង់បង្ហាញថា ការកត់ត្រានូវព្រឹត្តិការណ៍ផ្សេងៗ​ដោយ​ចិន ដែលជាមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រខ្មែរ មានភាពត្រឹមត្រូវ​ល្អមិន​ផ្ទុយ​នឹងទិន្នន័យខាងបុរាណវិទ្យានេះ។ តាមពិតនៅទីនេះ គឺយើងចង់​បញ្ជាកឲ្យឃើញអំពីសេចក្តីសំខាន់របស់វត្ថុបុរាណទាំងនោះក្នុងការចងក្របប្រវត្តិសាស្ត្រខ្មែរតែប៉ុណ្ណោះ៕
-------------------


EmoticonEmoticon