ហង្ស សត្វអច្ឆរិយៈនាសម័យនគរភ្នំ

ហង្ស សត្វអច្ឆរិយៈនាសម័យនគរភ្នំ
កន្លងមកនេះគេបានគេរកឃើញនូវកាក់សំណមួយចំនួនដែលសព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិពន្ធុវិទ្យាមួយ កាក់ទាំងនោះ ត្រូវបានគេឃើញនៅក្បែរកំពង់ចម្លង ឬ ផែមួយមិនឆ្ងាយប៉ុន្មានពីវត្តកំពង់ហ្លួង។ ក្នុងចំណោមកាក់ទាំងនោះ មានកាក់សំណមួយទំហំ ២ ស.ម ដែលមានរូបចម្លាក់ ថ្វីត្បិតតែរេចរិលបន្តិចក្តីតែអាចមើលដឹងម្ខាងរូបហង្ស និងម្ខាងទៀត ប្រហែលជារូបផ្កាឈូករីកក្រពុំ ដែលមានត្របកឈូក ៨ តំណាងដោយរង្វង់មូលចំនួនទាំង ៨ ពោលគឺ ១ នៅចំកណ្តាលហើយ ៧ ទៀត ហ៊ុំព័ន្ធចំណុចកណ្តាលនេះ។ 

 
បើយើងមិនច្រឡំទេនេះ ជាសញ្ញាដែលពាក់ព័ន្ធទៅនឹងលទ្ធិព្រះពុទ្ធសាសនាផង, ព្រហ្មញ្ញសាសនាផង ។
យើងនៅតែមិនទាន់ដឹងនៅឡើយនូវអត្ថន័យស៊ីជម្រៅយ៉ាងប្រាកដនៃសត្វហង្សនេះនៅឡើយទោះបីជាទូទៅក្នុងលទ្ធិព្រហ្មញ្ញសាសនា សត្វសិប្បនិម្មិតនេះ តំណាងឲ្យព្រលឹង ឬវិញ្ញណរបស់ពួកយោគី ដែលបំពេញតប:ក៏ដោយ។ 
ដោយឃើញសញ្ញាសត្វហង្សបែបនេះ គេអាចសន្និដ្ឋានថាជាសញ្ញានិមិត្តនៃលទ្ធិ ព្រហ្មញ្ញសាសនានាសម័យនគរ ភ្នំដែលត្រូវបានបន្តរហូតដល់ចុងសតវត្សទី៦ ដើមសតវត្សទី៧ នៅសម្បូរព្រៃគុក ។
ម្យ៉ាងវិញទៀត បើតាមប្រសាសន៍របស់លោកប៉ីហ្សូត៌ ជានិច្ចកាលគម្ពីរខ្មែរ រមែងអធិប្បាយដល់ដើមពោធិ៍ដែលមានមែកទាំង៥ ដែលមានក្នុងលទ្ធិព្រះពុទ្ធសាសនា។
ក្នុងចំណោមគ្រឿងតុបតែងលម្អប្រាសាទនៅអង្គរបុរី ដែលសព្វថ្ងៃតម្កល់ នៅសារមន្ទីរជាតិភ្នំពេញ យើងបានប្រទះឃើញទម្រទេវរូបដ៏ធំមួយដែលផ្នែកខាងក្រោមមានឆ្លាក់ក្បាច់សត្វហង្សជាជួរ។ តាមការប៉ាន់ស្មានរបស់យើងចម្លាក់ហង្សទាំងនោះឋិតក្នុងសម័យអន្តរកាលវប្បធម៌រវាងនគរភ្នំ និងចេនឡា ពោលគឺចុងស.វទី៦ ដើមស.វទី៧។
យ៉ាងណាមិញនៅលើកាក់ដែលគេបានរកឃើញនៅទីក្រុងអ៊ូថង ខេត្តសុផាន់បុរី ក៏មានចម្លាក់សត្វហង្សដែរ។ 
ការប្រៀបធៀបខាងលើនេះនាំឲ្យយល់ថាបុព្វបុរសខ្មែរ តាំងពីដើមសតវត្សទី១ នៃគ .ស បានគោរពបូជាសត្វហង្ស ។
បើយើងយកនិមិត្តរូបនៃសត្វហង្សក្នុងសម័យអង្គរមកពិចារណានោះយើងនឹង ឃើញថាសត្វហង្សតំណាងឲ្យទឹកភ្លៀងទៅវិញ ព្រោះវាជាយានជំនិះរបស់ព្រះភិរុណ។ 
 
------------
ត្រា ណេ


EmoticonEmoticon