ប្រាសាទបាគង

ប្រាសាទបាគង
ប្រាសាទបាគងស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួសដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះមានទ្រង់ទ្រាយខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ “ឥន្រេ្ទស្វរ” ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។
 
 ប្រាសាទនេះមានកំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែកខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមានសិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយក្បូរក្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោរជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវារ ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថាបន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍” ឥន្រ្ទតដាក” នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បីជានិមិត្តរូបនៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនាដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះមានអាយុកាលមុនប្រាសាទអង្គរវត្តទៅទៀត។
 


EmoticonEmoticon