នាគក្នុងវិស័យស្ថាបត្យកម្មខ្មែរ

នាគក្នុងវិស័យស្ថាបត្យកម្មខ្មែរ
ការលើកយកសត្វនាគមកអធិប្បាយ មិនមែនជារឿងថ្មីនោះទេ ព្រោះថាគ្រប់ៗ គ្នាដឹងហើយថាសត្វនាគនេះ ដែលមានប្រភពមកពីឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គម ខ្មែរ ផ្នែកជំនឿប្រជាប្រិយក៏ដូចផ្នែកសិល្បៈស្ថាបត្យកម្ម ជាដើម ។ ឧទាហរណ៍ អ្នកស្រាវជ្រាវខ្លះបានរៀបរាប់យ៉ាងក្បោះក្បាយអំពីអត្ថន័យនៃពិធីបំបួសនាគ រីឯខ្លះទៀតក៏បានលើកអត្ថន័យរបស់សត្វនេះក្នុងវិស័យសិល្បៈ ខ្មែរ ដោយចង្អុលបង្ហាញថាសត្វនាគនេះ តំណាងឲ្យស្ពានឥន្ទនូ ផ្សារភ្ជាប់ស្ថាន មនុស្សទៅស្ថានទេវលោក ៘ អ្វីដែល យើងចង់បង្ហាញនៅខាងក្រោមនេះ គឺ ចំនួននៃប្រភេទនាគដែលមានក្នុងវប្បធម៌ ខ្មែរ ព្រមទាំងតួនាទីរបស់ ប្រភេទនាគ ខ្លះ ដែលមាន ប្រភពចេញពីខឿនវប្បធម៌ ខ្មែរសុទ្ធសាធ ។ 


 

នាគជាភាសាសំស្ក្រឹតគឺជាសត្វលូន មួយ ប្រភេទដែល ត្រូវបានប្រសូតចេញពី ទេវកថាឥណ្ឌូ - ខ្មែរ ហើយពាក់ព័ន្ធទៅនឹងការបង្កើតលោកយើងនេះ ។ សត្វនាគនេះ ជានិមិត្តរូបនៃភាពជីវិតអមតៈ ហើយកកើតឡើងដោយការផ្សំធាតុទឹក និង ដី ។ 
សូមរំឮកនៅក្នុងប្រទេស អ៊ឺរ៉ុប នាគមាន ស្លាប ហើយមានលក្ខណៈសម្បត្តិ ដូចគ្នា នឹង នាគខ្មែរ ។ គឺក្នុងវិស័យស្ថាបត្យកម្ម ប្រាង្គ ប្រាសាទខ្មែរ នាគនេះបានដើរតួនាទីយ៉ាងសំខាន់ជាពិសេសលើក្បាច់ផ្តែរ ឬ ហោរជាង និង បង្កាន់ដៃកណ្តាល នាសម័យបុរេ អង្គរ និង អង្គរ ។ អតីត ព្រះរាជាណាចក្រ កម្ពុជា នៅសម័យអង្គរចាប់តាំងពីដើមសម័យអង្គរ ជាពិសេសចាប់តាំងពីរាជរបស់ ព្រះបាទ យសោវរ្ម័នទី ១ ទើបមានស្ពាននាគរាជ ដែលស្តែងពី ការបង្កើត ថ្មី មួយដែលពុំធ្លាប់ពីមុន ។ នៅប្រាសាទបាគង ប្រាសាទព្រះវិហារ និង កោះកេរ គេឃើញមាននាគរាជ ញី ឈ្មោល មួយគូរអម ផ្លូវទាំងសងខាង ទៅកាន់ ប្រាសាទ ជាទីសក្ការៈ ។ ក្បាច់ ផ្តែរមុនអង្គរ ជាច្រើន ក្នុងរចនាបទសម្បូរ ព្រៃគុក ព្រៃក្មេង ត្រូវបានរកឃើញបញ្ជាក់នូវតួនាទីរបស់នាគអនត្តៈ ក្នុងសង្គម ខ្មែរ បុរាណនាសម័យចេនឡា ។
សូមរំឮកថា ឈ្មោះ នាគសេសៈ អនន្តៈ និង វាសុគិះ ឈ្មោះទាំងបីនេះតំណាងឲ្យនាគតែមួយតាមទេវកថា គេដឹងថាពួកគេកើតឡើងនៅស្ថានទេវលោកដោយការផ្គុំ ផ្សំដោយធាតុ ហើយមានជីវិតអមតៈ ។ ក្រៅពីនេះគេក៏ឃើញមាននាគ កាល្យៈ និង មុជ្ជលិន មានដើមកំណើតនៅសមុទ្រ នៅ ចន្លោះ ឋានទេវលោក និង មនុស្ស ។ នាគ កាល្យៈ តំណាង ឲ្យសភាវៈ អាក្រក់ ហើយ ត្រូវបានសម្លាប់ដោយ ព្រះវិស្ណុ ។ នាគមុជ្ជ លិន ដែលមានលំនៅស្ថាន នៅឯបាតស្ទឹង ហិរញ្ជៈ នាគ នេះបានជួយ ព្រះសុទ្ធោទនៈ ឲ្យបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ដោយយកដងខ្លួនធ្វើជាទម្រឲ្យផុតពី ភ្លៀងជន់ហើយបើកពពារ ប្រក់ការពារ ព្រះអង្គ ។
 
ក្រៅពីនេះ យើងក៏ឃើញមានពិរុណ នាគ ដែលមានអាយុដ៏ មហាយ៉ឺនយូរ ឥត ព្រំដែន ដូចផែនដីយើង ។ ខុសពី នាគ ផ្សេងៗ ឯទៀត ពិរុណនាគដែល គ្រប់គ្រង ពិភពនាគតូចធំទាំងឡាយ នៅ បាតាល ។ សូមបញ្ជាក់ថាក្នុងសម័យ អង្គរ នាគ ភិរុណ ឬ ពិរុណ នាគបាន ក្លាយទៅជាយានជំនិះ របស់ ព្រះអាទិទេព ពិរុណ តំណាងឲ្យ ទឹកភ្លៀង ។ 
យើងឃើញការនិយម នាគរាជ ជា បង្កាន់ដៃកាន់តែ ច្រើនឡើង នៅ សម័យអង្គរ ហើយនៅ ចុង ស . វ ទី ១៣ ទើបមានការបាត់បង់ នូវតួនាទី របស់ខ្លួននៅតាម ប្រាង្គ ប្រាសាទ ។ ក៏ប៉ុន្តែ ជនជាតិខ្មែរ ដែលទើបតែផ្លាស់ប្តូរសាសនា រដ្ឋ មិនបានបំផ្លេច ទំនៀមទម្លាប់ ពីបុរាណកាល ឡើយ ។ នៅក្នុងសម័យកណ្តាលនេះដែល ព្រះពុទ្ធសាសនា សត្វនាគ នៅរក្សាបាន នូវអំណាចមហិទ្ធិឫទ្ធិ និង តួនាទីរបស់ខ្លួន ដដែលក្នុងឋានៈជា ឆ្នាំ ពូទ្ធសាស ស្ថាន ដូចជា វត្ត អារ៉ាម ជាដើម ។ ហើយភារកិច្ចនេះ ត្រូវបានរក្សាទុករហូតដល់ បច្ចុប្បន្នភាព ។ នៅលើក្បាច់ ផ្តែរ ប្រាសាទ យាយព័ន្ធ លេខ S1 នៃ ក្រុម ប្រាសាទសម្បូរព្រៃគុក ខាងត្បូង យើង ឃើញ ព្រះឥន្ទ្រ ពាក់មកុដ ប្រថាប់លើ ដំរីមួយដែល មាត់ខ្ជាក់ នាគរាជមួយគូរ រាងជាដងធ្នូរ ។
ក្រៅពីប្រភេទ នាគ ទាំងនោះ យើង ក៏បានជួបនូវវត្តមានរបស់ ស្តេចនាគរាជ ដែលតួនាទីភារកិច្ច ត្រូវបានកំណត់ក្នុង គម្ពីរ សាសនា ហើយដែលមានឫទ្ធិអំណាច ។ នៅទីនេះយើងចង់និយាយដល់នាគ ក្រោមរូបភាពជាមនុស្ស តែមានក្បាលទាំង ៥ ជា នាគដែលភារកិច្ចរក្សា ប្រាសាទ ។ បើនិយាយម្យ៉ាងទៀត នៅសម័យចេនឡា ប្រាង្គ ប្រាសាទ ដូចករណី ប្រាសាទ ស្រី នៅខេត្តកំពង់ឆ្នាំង ជាភ័ស្តុតាង ត្រូវ ស្ថិតក្រោមការពិនិត្យ ឃ្លាំមើលថែរក្សារបស់ ស្តេចនាគរាជដែល ប្រថាប់នៅមុខទ្វារ ខាងជើង ជ្រុងខាងកើត នៃបូជនីយដ្ឋាន ខាងលើដែលស្ថិតក្នុងរចនាបទកំពង់ព្រះ ។ ម្យ៉ាងវិញទៀត ត្រូវ ជ្រាបថាក្នុងវប្បធម៌ ខ្មែរ នាគមានទម្រង់ជានាគមានក្បាល ១, ២, ៣, ៥, ៧ និង ៩ ។
ដូចនេះនាគរាជដែលមានរូបរាងជាមនុ ស្សបានដើរតួយ៉ាងសំខាន់នៅក្នុងអម្លុង ចុង ស .វ ទី ៧ និង ដើម ស . វ ទី ៨ នៃ គ .ស លើមូលដ្ឋាន នៃជំនឿសាសនា ស្របតាមគោលការណ៍ នៃ មនោគមវិទ្យា សាសនា ។ មានន័យថាសត្វ នាគ មានទំនាក់ទំនងទៅ នឹង ជំនឿ ព្រមទាំងវិស័យសិល្បៈ ស្ថាបត្យកម្ម យ៉ាង ប្រាកដ ស្របតាមនិមិត្តរូបភាព ស្តីពីដែនសមត្ថកិច្ចរបស់ខ្លួន ។
 
ចំណុចចុងក្រោយនាគលូនទាំងពីរ ដែលមានកន្ទុយ ត្របាញ់ជាប់គ្នា នៅខាងលិច ប្រាសាទនាគព័ន្ធ ហើយ ត្រូវជាបងប្អូននោះ ត្រូវបានគេទទួលស្គាល់ថាគឺជា នន្ទៈ និង ឧបនន្ទៈ ឆ្នាំ នៃ ស្រះ អណោតត្ថា ។ ដូចនៅលើ ប្រាសាទអង្គរវត្ត និង បាយ័ននៅទីនេះនាគទាំងពីរនេះ ទាក់ទិនទៅ នឹង ទេវកថាកូរសមុទ្រ ទឹកដោះដើម្បីស្វែងរកទឹកអម្រិត ដែលអាចជួយឲ្យ គ្រប់គ្រងលើភពទាំងឡាយ នៃ ចក្រវាឡ ព្រមទាំងមានជីវិតអមតៈផង ។
ជាការពិតណាស់ ខ្មែរ ដែលធ្លាប់បានស្ថិតក្រោមឥទ្ធិពលឥណ្ឌាបានទទួល ទស្សនៈ ស្តីពីនាគពី ព្រហ្មញ្ញណ៍សាសនា ដែលបាន ជះឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុត ទៅលើវិស័យសិល្បៈ ស្ថាបត្យកម្ម ខ្មែរ នាសម័យបុរាណប៉ុន្តែទន្ទឹមនឹងនេះ ខ្មែរ ក៏មានជំនឿ ស្រដឿ ង នឹង ឥណ្ឌា ផងដែរដូចករណី ទេវកថា “ កោះគោកធ្លោក ” ដែលមានចារនៅដើម ច្បាប់ ព្រះរាជពង្សាវតារ នៃ ព្រះរាជាណាចក្រ កម្ពុជា ជាសក្ខីកម្ម ស្រាប់ ។
សូមរំឮកថាជំនឿលើ ស្តេច ភុជង្គនាគ នៃ កោះគោកធ្លក ដែលបានផឹកទឹកសមុទ្រ ហើយ ព្រួសចេញជាដី ដើម្បីជា អំណោយជូនចំពោះនាងនាគ ដែលជាកូន របស់ខ្លួន និង ព្រះថោង ជាកូនប្រសារ គឺជាបាតនៃផ្នត់គំនិត ខ្មែរ នៅតែ ជ្រួតជ្រាបទំនៀមទម្លាប់ ប្រពៃណីខេមរជាតិ ។ ជាតួយ៉ាងជាក់ស្តែងនៅពេលរៀបការ គេ មានទម្លាប់ ប្រគុំបទភ្លេង ព្រះថោង នាងនាគ ក្នុងខណៈដែល បុរសជាស្វាមី កំពុងកាន់ជាយក្បិន ឬ កន្ទុយនាគរបស់ ភរិយា ខ្លួនជានិច្ច ។ តើនៅទីនេះនាងនាគ ដែល តំណាងដោយ ស្ត្រី ខ្មែរ មិនតំណាង ឲ្យ ព្រលឹងដូនតាដែលជាអ្នកបង្កបង្កើតទឹក ដី ខ្មែរ ឬ នគរកោះគោកធ្លក និង ជនជាតិខ្មែរ ទេឬ ?
គឺទស្សនៈពីមុននេះហើយដែលមិន គ្រាន់តែបង្ហាញឲ្យឃើញនូវតួនាទី និង សារសំខាន់បំផុត នៃទស្សនៈ ស្តីពីលោករបស់ជនជាតិខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងសឲ្យឃើញថា ខ្មែរបានទទួលទស្សនៈស្តីពី នាគ ឥណ្ឌា យ៉ាងងាយស្រួលបំផុតដោយហេតុថាលក្ខណៈ នៃជំនឿឥណ្ឌាលើសត្វនាគបានឆ្លើយតបទៅ នឹង គំនិត ខ្មែរសុទ្ធសាធយ៉ាង ប្រាកដ ។ ម្យ៉ាងវិញទៀតកុំភ្លេចថាដូចនៅ ប្រទេស ឥណ្ឌា អំណាចពិសិដ្ឋរបស់ ព្រះមហាក្សត្រ ខ្មែរ ត្រូវបានគូសបញ្ជាក់តាមរយៈ ការរួម សង្វាស រវាងមនុស្ស និង នាគពោលគឺ ព្រះមហាក្សត្រ និង នាងនាគ ដូចបាន រៀបរាប់ដោយ លោក ជីវតាកួន នាចុង ស . វ ទី ១៣៕ 
ត្រា ណេ


EmoticonEmoticon