វត្ថុសិល្បៈ​ខ្មែរមានប្រភព​មកពី​ប្រទេស​កម្ពុជា​នៅ​សារមន្ទីរប្រវត្តិសាស្ត្រ​ក្រុងហូជីមីញ

វត្ថុសិល្បៈ​ខ្មែរមានប្រភព​មកពី​ប្រទេស​កម្ពុជា​នៅ​សារមន្ទីរប្រវត្តិសាស្ត្រ​ក្រុងហូជីមីញ
ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​ធ្លាប់​បានឮ​អំពី​វត្ថុសិល្បៈ​ខ្មែរ​តាំងនៅ​សារមន្ទីរ ហ្គីមេ ទីក្រុងប៉ារីស ដែលមួយ​ភាគធំនៃ​វត្ថុ​សិល្បៈនោះ គឺត្រូវ​បាន​លួចចេញ​ពីស្រុកខ្មែរ ហើយ​បុគ្គល​ដែល​លួចនោះ ក្រោយ​មក​បានក្លាយ​ទៅ​ជា​រដ្ឋមន្ត្រី​វប្បធម៌​នៃប្រទេសបារាំង វាពិតជារឿងគួរ​ឲ្យ​ឆ្ងល់មែន ។





ដោយឡែកសម្រាប់វត្ថុ​សិល្បៈ​ខ្មែរ​នៅ​ប្រទេសវៀតណាមនេះ ខ្ញុំ​ពុំសូវ​បាន​ដឹង​អំពីព័ត៌មាននោះទេ គឺរហូត​ដល់​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​មើល​សារមន្ទីរនេះ ទើបខ្ញុំ​ភ្ញាក់ផ្អើល​ទៅនឹង​ការ​ពិព័ណ៌​នូវ​បណ្តា​វត្ថុសិល្បៈ​ខ្មែរ​ទាំងនោះ ។ វត្ថុ​សិល្បៈ​ខ្មែរ​ទាំងនោះ មិនមែន​សុទ្ធតែជា​វត្ថុ​សិល្បៈ​ដែល​មាន​ប្រភព​មក​ពី​ទឹកដីកម្ពុជាក្រោមនោះទេ តែ​មួយ​ចំនួន​ធំ​ក៏​មាន​ប្រភព​ចេញ​មក​ពី​តំបន់​អង្គរ​ផងដែរ ។
ដោយសារវត្ត​មាន​នៃវត្ថុសិល្បៈ​ខ្មែរ​មកពីតំបន់​អង្គរ​នៅ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាមនេះ ធ្វើឲ្យ​ខ្ញុំ​មានចម្ងល់​ថា​តើ​វត្ថុ​សិល្បៈ​ទាំងនេះ ត្រូវ​បាន​យកមក​ដាក់តាំងនៅ​ទីនេះ​តាំងពីសម័យណា ? ខ្ញុំ​ព្យាយាម​រកប្រភព​ឯកសារដែរ តែ​នៅ​តែ​មិនទាន់​ជួបប្រទះនៅឡើយ ៕ ខ្ញុំ​សាក​ល្បង​សន្និដ្ឋាន​ថា​វត្ថុសិល្បៈ​ខ្មែរ​ទាំងនោះ អាច​ចូល​មក​ក្នុង​សារមន្ទីរ​នេះ​នៅក្នុង ៣ ករណី ទីមួយ គឺត្រូវ​បាន​នាំ​យក​មក​ដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​នេះ តាំងតែ​ពីសម័យ​អណានិគម​និយម​បារាំង គឺតាំងពីក្រោយ​សារមន្ទីរ​នេះ​សម្ពោធ​នៅ​ឆ្នាំ ១៩២៩ ហើយ​ទី ២ គឺ​អាចត្រូវ​នាំ​យក​មក​តម្កល់​នៅ​ទីនេះ​នៅ​ក្រោយ​ឆ្នាំ ១៩៧៩ គឺនៅ​ក្រោយ​ការវាយលុក​ចូល​រំដោះ​ប្រទេស​កម្ពុជា ចេញ​ពីរបបខ្មែរក្រហម ហើយ​ប្រហែល​ជាពេល​នេះ ក៏មាន​ការប្រមូល​វត្ថុសិល្បៈ​ខ្មែរ​បុរាណ​មួយ​ចំនួន សម្រាប់​ជា​ចយភណ្ឌ​យក​ទៅ​ប្រទេសវៀតណាម ឬ​មួយ​ក៏​ជា​ការប្រគល់​វត្ថុ​សិល្បៈ​ដល់​សមមិត្តវៀតណាម ដើម្បី​ជាការ​ថ្លែង​អំណរគុណចំពោះការចូល​មករំដោះ និងទី ៣ គឺវត្ថុសិល្បៈ​ខ្មែរ មាន​ប្រភព​មកពី​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ អាច​ជា​ការតាំងពិពណ៌​បណ្តោះអាសន្ន​នៃការផ្លាស់ប្តូរការតាំងពិព័ណ៌វត្ថុសិល្បៈ​គ្នា​តែប៉ុណ្ណោះ ។
ប្រសិន​បើ​វត្ថុសិល្បៈ​ខ្មែរ​ទាំងនោះ មាន​វត្តមាន​នៅទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នៅ​ក្នុងករណី​ទី ១ និងទី ២ មែននោះ នោះ​ក្រសួងវប្បធម៌​នៃប្រទេស​កម្ពុជា គួរមាន​យុទ្ធសាស្ត្រ​ចរចារ​ដើម្បី​ទាមទារ​យក​វត្ថុ​សិល្បៈ​ទាំងនោះ​ត្រឡប់​មកប្រទេសកម្ពុជាវិញ ព្រោះ​ថា​វត្ថុ​សិល្បៈ​ទាំងនោះ​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃបាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក៏ដូចជាសិល្បៈខ្មែរ ។


EmoticonEmoticon