វិភាគ ៖ ប្រជាជនខ្មែរមិនបានកាន់ពុទ្ធសាសនាមហាយានទេកាលពីសម័យអង្គរ

ប្រជាជនខ្មែរ មិនបានកាន់ពុទ្ធសាសនាមហាយាន ទេកាលពីសម័យអង្គរ ។
---------------------------------------------------------------------
រំឭកឡើងវិញ ៖
✔ ព្រហ្មញ្ញសាសនា មានគម្ពីរត្រៃវេទ ជាគោល ។
ប្រើភាសាសំស្ក្រិត ។ មានតែ វណ្ណៈព្រាហ្មណ៍ និងវណ្ណៈក្សត្រ
អាចរៀនចេះបាន... ចេះដឹងខាងសាសនា និងជាពិសេស
រៀនក្បួនធ្វើសឹក និងរបៀបកាន់អំណាច ដឹកនាំប្រទេស ។
✔ ពុទ្ធសាសនា មានគម្ពីរព្រះត្រៃបិដក ជាគោល ។
ប្រើភាសាបាលី ដែលជាភាសាអ្នកស្រុក ... ជាទស្សនវិជ្ជា
និយាយអំពី ការត្រួតពិនិត្យចិត្តខ្លួនឯង (self control) ។
គ្រប់គ្នាអាចសិក្សាបាន មិនប្រកាន់វណ្ណៈ ។
*** ដូច្នេះ បើនិយាយតាម គោលទ្រឹស្តី ជាសាសនាពីរ
ដែលអាច មានដំណើរការណ៍ជាមូួយគ្នា (coexist)
និង បំពេញគ្នាទៅវិញ ទៅមក (complement) ។
-----------------------------------------------------------------------
ឯកសារប្រវត្តិសាស្ត្រ ជាច្រើនបានបញ្ជាក់ថា នគរហ្វូណន
ទទួលបានពុទ្ធសាសនា តាំងពីសតវត្សរ៍ទី១នៃ គ្រិស្តសករាជ
។ ដូច្នេះមានន័យ ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា បាន
ហូរចូល ក្នុងពេលដំណាលគ្នា មកក្នុងស្រុកខ្មែរ ។
ចំណុចមួយដែលយើងត្រូវផ្តោតអារម្មណ៍ ចោទជាសំណួរ ៖
✔ ហេតុដូចម្តេចបានជាខ្មែរយើង បានចាប់យកសាសនា
ទាំងពីរ ក្នុងពេលតែមួយ ?
ដើម្បីយល់រឿងនេះ យើងត្រូវដឹងថា នៅពេលដែលព្រាហ្មណ៍
កោណ្ឌញ្ញ ឬ ហ៊ុនទៀន ចូលកាន់អំណាចនៅ នគរគោកធ្លក
គាត់បាននាំមក នូវព្រហ្មញ្ញសាសនាថ្មីមួយ ដែលបានទទួល
ឥទ្ធិពល អំពីពុទ្ធសាសនា ។ សូម្បីតែនៅ ប្រទេសឥណ្ឌា ក៏
មានការផ្លាស់ប្តូរ រួចទៅហើយ ៖
បន្ទាប់ពីការត្រាស់ដឹង របស់ព្រះពុទ្ធអង្គ សាសនាព្រាហ្មណ៍
មានទម្លាប់ទទួលយក ពុទ្ធសាសនា ឲ្យផ្សព្វផ្សាយក្នុងសង្គម
ឬ ប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រា របស់ពួកគេទៅ
ហើយ (ទឹកដី ស្ថិតនៅក្រោមការត្រួតត្រា របស់ស្តេច និងព្រាហ្មណ៍ ) ។
បន្ទាប់មកទៀត ក្រោយការចូលខ្លួន ជាពុទ្ធសាសនិក របស់
ព្រះបាទអសោក ព្រះពុទ្ធសាសនា ទទួលបានកិត្តិស័ព្ទ មួយ
កម្រិតទៀត មិនចាញ់ព្រហ្មញ្ញសាសនា ឡើយ ... រួមផ្សំ នឹង
ការមាន គម្ពីរព្រះត្រៃបិដក ពុទ្ធសាសនាក្លាយជា សាសនានៃ
បញ្ញាជនមិនដូចពីមុន ត្រូវទន្ទិញចាំមាត់ (មានអក្សរប្រើ) ។
-----------------------------------------------------------------------
✔✔✔ យើងនាំគ្នាពិចារណា ៖
Menandros ឬ មិលិន្ទរាជ នៃ Bactrian Empire បាន
ចូលខ្លួនជាពុទ្ធសាសនិក ប៉ុន្តែមិនបានចាប់អារម្មណ៍ នឹង ព្រហ្មញ្ញសាសនា ទេ ។ ចំណែកឯ ផ្លូវសូត្រ ដែលអនុញ្ញាត្តិ
ឲ្យមាន ទំនាក់ទំនង ទាំងពាណិជ្ជកម្ម ទាំងវប្បធម៌ បាននាំតែ
ពុទ្ធសាសនា មិនបាននាំព្រហ្មញ្ញសាសនាឡើយ យកទៅ
ផ្សព្វផ្សាយ រហូតដល់ស្រុកចិន ។
ឧទាហរណ៍ខាងលើនេះ ពន្យល់ហេតុផលពីរយ៉ាង ៖
១/- ប្រដូចបានទៅនឹង សាសនាយូដា ឬ ហេប្រ៊ើ យើងឃើញថា គឺ គ្រិស្តសាសនា ដែលកើតក្រោយ ដែលមាន
ប្រជាប្រិយភាព ទទួលចាប់យក ជាសាសនាសាកល
គ្រប់ទិសទី ក្នុងលោក ។
សាសនាដើម យូដា ឬ ហេប្រ៊ើ មានកាន់សម្រាប់តែ ជនជាតិ
អុីស្រាអែល ក្នុងស្រុក និងក្រៅស្រុក មិនមានជនជាតិផ្សេង
កាន់សាសនានេះឡើយ ។ ដូចគ្នានេះព្រះពុទ្ធសាសនា ត្រូវ
បានទទួលយក គ្រប់ទិសទី ក្នុងពិភពលោក ចំណែកឯ
ព្រហ្មញ្ញសាសនា មានកាន់តែក្នុងប្រទេសឥណ្ឌា
និង លោកអ្នកដែលសិក្សា ដល់ទីជម្រៅ ភាសាសំស្ក្រិត ។
២/- អរិយធម៌សំខាន់ទាំងបី ក្រិក ចិន និងឥណ្ឌា មានការ
លូតលាស់ ប្រហាក់ប្រហែលគ្នា បានផ្តល់ជាពន្លឺនៃ ពិភព
លោក នូវមហាបុរសបីរូប ក្នុងសម័យកាល ប្រហាក់ប្រហែល
គ្នា ៖ ព្រះពុទ្ធអង្គ សូក្រាត ខុងជឺ ។ យើងឃើញថា គោល
ទស្សនវិជ្ជាទាំងបី មានលក្ខណៈ ក៏ប្រហាក់ប្រហែលគ្នា ។
*** មកពីដូច្នេះទេដឹង បានជាមិលិន្ទរាជ ដែលជាជនជាតិ
ក្រិក និងប្រជាជនចិន ចាប់យកតែព្រះពុទ្ធសាសនា តែមិន
ចាប់យក ព្រហ្មញ្ញសាសនា ?
-----------------------------------------------------------------------
វិលមករក សំណួរដើមរបស់យើងវិញ ៖
✔ ហេតុដូចម្តេចបានជាខ្មែរយើង បានចាប់យកសាសនា
ទាំងពីរ ក្នុងពេលតែមួយ ? មិនដូច មិលិន្ទរាជ និង ប្រជាជន
ចិន ដែលចាប់យកតែព្រះពុទ្ធសាសនា ?
នេះមកពីកាលណោះ ខ្មែរយើងពុំទាន់មាន សាសនា
ពិតប្រាកដ...មានជាជំនឿ អារក្សអ្នកតា ជាជំនឿដែលមិន
មាន គោលទ្រិស្តីពិតប្រាកដ ដូច្នេះទទួលចាប់យក នួវអ្វី
ដែល អ្នកផ្សព្វផ្សាយនាំមក ពន្យល់បង្រៀន អប់រំ ។
យើងអាចកាត់យល់បានថា សាសនាព្រាហ្មណ៍ មានសារៈ
សំខាន់ សម្រាប់ប្រព័ន្ធដឹកនាំ ឬរដ្ឋអំណាច ប៉ុន្តែពុទ្ធសាសនា
ជ្រួតជ្រាប ច្បាស់លាស់ជាង សម្រាប់ប្រជាពលរដ្ឋ ដោយ
ហេតុថា ប្រជាជន ពុំមានសិទ្ធរៀនអក្សរ ឬភាសាសំស្ក្រិត
ដូច្នេះ អាចកាន់ព្រហ្មញ្ញសាសនា បានត្រឹមតែធ្វើតាមគ្នា
( ធ្វើតាមស្តេច ឬព្រាហ្មណ៍ ) ។ ចំណែកឯខាងពុទ្ធសាសនា
វិញ មានការសិក្សាក្បួនគម្ពីរច្បាស់លាស់គឺការសិក្សា
ព្រះត្រៃបិដក ។
✔✔✔ តើទស្សនៈដែលថា សម័យអង្គរ ខ្មែរយើង
កាន់ព្រះពុទ្ធសាសនាមហាយាន ត្រឹមត្រូវឬទេ ?
តាមការពិត សំណួរខាងលើ ជាសំណួរចម្បង ក្នុងការបក
ស្រាយរបស់ខ្ញុំ ត្បិតអីជាទស្សនៈរបស់ប្រវត្តិវិទូជាតិ និង
អន្តរជាតិ ដោយផ្អែកទៅលើ ហេតុផលខាងក្រោម ៖
១/- មានរូបចម្លាក់រូបផ្សេងៗ ដូចជា ៖
លោកេស្វារៈ ឬ ព្រះពុទ្ធកោនាគមនោឬ ព្រះពុទ្ធ
ទ្រង់គ្រឿង ជាដើម បង្ហាញអំពី មហាយាន ។
២/- សិលាចារិក ជាភាសាសំស្ក្រិត ដែលបាននិយាយអំពី
ព្រះពុទ្ធ ដែលជាអវតាទី៩ នៃព្រះវិស្ណុ ។
៣/- មតិមហាជន ដែលមានការយល់ច្រឡំថា មហាយាន
ជាមហានិកាយ ដូច្នេះមុនពេលដែលខ្មែរទទួល ធម្មយុត្តិ
អំពីថៃ គឺខ្មែរកាន់មហាយាន ។ ការសរសេរ ប្រវត្តិសាស្ត្រ
ជួនកាលត្រូវពឹងផ្អែក លើមតិមហាជន... លុះអ្នកប្រាជ្ញ
បស្ចិមប្រទេសបានសរសេរហើយ មហាជន ក៏មានជំនឿ
ទុកចិត្តលើអ្វីដែលប្រវត្តិវិទូ បានសរសេរវិញម្តង ។
៤/- ការបាក់បែកព្រះពុទ្ធរូប ( ដែលជារចនាបទ ថេរវាទ )
បង្ហាញអំពីសង្គ្រាម ព្រហ្មញ្ញ-ពុទ្ធសាសនា ។
( បើមានហេតុផលបន្ថែម
សូមប្រិយមិត្តជួយបំពេញការខ្វះខាត )
*** នេះជាចម្លើយរបស់ខ្ញុុំ ៖
ជាការពិតដែល ក្សត្រ និងព្រាហ្មណ៍ កាន់ព្រហ្មញ្ញសាសនា
ដែលមានបញ្ចូល ព្រះពុទ្ធជាអវតារទី៩ ... ដូច្នេះជាធម្មតា ដែលមានរូបចម្លាក់ ដូចរៀបរាប់ខាងលើ ។ ប៉ុន្តែនៅក្នុង
ស្រទាប់ប្រជាជន ក្រៅពីស្តេចនឹងព្រាហ្មណ៍ ... អ្នកស្រុក
អ្នកស្រែ កាន់ព្រះពុទ្ធសាសនាថេរវាទ ។
សក្ខីភាពមួយ ដែលបង្ហាញថា ប្រជាជនមិនកាន់ព្រហ្មញ្ញ
សាសនា គឺដូនតាយើង ស្គាល់ ឬមានចំណេះដឹង តិចតួច
ណាស់ អំពីព្រហ្មញ្ញសាសនា ស្គាល់តែព្រះព្រហ្ម តាមរយៈ
ព្រះពុទ្ធសាសនា ... ព្រះឥសូរ ព្រះនារាយន៍ ស្គាល់តែឈ្មោះ
។ ស្គាល់តិចជាង អារក្ខអ្នកតា ដែលជាសាសនាដើម តាំងពី
សម័យបុរេប្រវត្តិសាស្ត្រ ផង ។
រហូតមកដល់សព្វថ្ងៃ ការកាន់ព្រហ្មញ្ញសាសនា នៅ
ឥណ្ឌា មានលក្ខណៈពិសេសត្រង់ថា តាមភូមិ តាមស្រុក
អាចចាប់យកតែអាទិទេពមួយណា ដែលគេគោរព ស្រឡាញ់
ឬ ដែលមានប្រយោជន៍សំរាប់គេ ហើយគេគោរពបូជា
អាទិទេពនោះជាងគេ ។ ឧទាហរណ៍ អ្នកខ្លះគោរពព្រះព្រហ្ម
ខ្លាំងជាង អាទិទេពដ៏ទៃទៀត អ្នកខ្លះគោរពព្រះឥសូរ ... ឬ
ព្រះឥន្ទ ឬ ព្រះគនេស ... អ្នកខ្លះនៅ មាត់សមុទ្រ ក៏គោរពអាទិទេពនៃ មហាសាគរ .... ។
ទម្លាប់នេះ ក៏មានដល់ ស្តេចសម័យអង្គរដែរ ដូច្នេព្រះអង្គ
អាច ស្រឡាញ់ចូលចិត្ត អាទិទេព អង្គណាមួយ នៃព្រហ្មញ្ញ
សាសនា ហើយព្រះអង្គក៏បញ្ជា ឲ្យស្ថាបនា ចម្លាក់នៃទេវរូប
នោះទៅ ។
រឿងមួយទៀត គឺអ្នកស្រុកមិនមាន សមត្ថភាព ឬ លទ្ធភាព
និងសាងសង់ ព្រះពុទ្ធរូបអំពីថ្មឡើយ ... កាលសម័យបុរាណ
ការសាងសង់ ប្រាសាទបូជនីយដ្ឋាន ឬ ទេវរូប ឬ ពុទ្ធរូប ជា
សមទ្ធិផល របស់ស្តេចគ្រងរាជ្យ ឬយ៉ាងហោចណាស់ ជាការ
ចាត់ចែងរបស់ រដ្ឋបាលខេត្តសំខាន់ៗ ដូចជាមាននៅ ខេត្ត
បាត់ដំបង ឬ កំពង់ចាមជាដើម ។ ប្រជាជន (និងព្រះសង្ឃ)
ដែលរវល់ដោះស្រាយ ជីវភាពប្រចាំថ្ងៃ បន្ថែមការកសាងកុដិ
វិហារ សាលា មិនមានពេល (+ ទាំងសម្ភារៈ + បច្ចេកទេស)
ដាប់ឆ្លាក់ ព្រះពុទ្ធរូបអំពីថ្ម ។
យើងអាចប៉ាន់ស្មានបានថា នៅសម័យអង្គរ មិនមានវត្តច្រើន
ទេ ។ ខែត្រដែលជាទឹកដី ខ្មែរលើ មាន ស្ទឹងត្រែង រតនគីរី
មណ្ឌលគីរី ប្រហែលជាគ្មានវត្តផង ។ ខែត្រសំខាន់ អាចមាន
មួយស្រុកមួយ ខែត្រតូចតាច មានតែវត្តប្រចាំខែត្រ ។ មិន
សម្បូរណ៍ មានវត្តតាមឃុំសង្កាត់ ដូចសម័យបច្ចុប្បន្នទេ ។
រីឯការបាក់បែក នៃព្រះពុទ្ធរូប ប្រាកដជាបង្ហាញ អំពី
សេចក្តីមិនសប្បាយចិត្ត នៃអង្គស្តេចអង្គរជំនាន់ក្រោយ ដែល
មិនសប្បាយចិត្ត នឹងការកាន់យកព្រះពុទ្ធសាសនា របៀប
ថេរវាទ នៃព្រះបាទជ័យវរ្ម័នទី៧ ... កាលព្រះអង្គនៅគ្រងរាជ្យ
មិនមាននរណា ហ៊ានជំទាស់ លុះព្រះអង្គសោយទីវង្គត ក៏
មានការបំផ្លាញ ព្រះពុទ្ធរូប ទាំងនោះទៅ ។ ខ្ញុំយល់ថា ជា
ការបញ្ជា អំពីស្តេច អ្នកកាន់អំណាច មិនមែនជាបដិវត្តិ របស់
ប្រជាជន នោះឡើយ ។
--------------------------------------------------------
*** ការបកស្រាយខាងលើរបស់ខ្ញុំ ចង់បញ្ជាក់បង្ហាញបន្ថែម
ទៀតថា ស្តេច ឬ រដ្ឋអំណាចខាងលើ អាចផ្លាស់ប្តូរ អាទិទេព
ឬជំនឿទៅលើ ព្រហ្មញសាសនាបុរាណ ឬ ព្រហ្មញ្ញសាសនា
ដែលមាន ព្រះពុទ្ធ ជាអវតាទី៩ ប៉ុន្តែប្រជាជនមិនមែនផ្លាស់
ប្តូរជំនឿតាមស្តេច នោះទេ ។ ឧទាហរណ៍ជាក់ស្តែង ៖
នៅប្រទេសខ្មែរយើង ឬ នៅប្រទេសថៃ សូម្បីតែស្តេចកាន់
ព្រះពុទ្ធសាសនាធម្មយុត្តិ ទៅហើយ ប្រជាជននៅតែកាន់
មហានិកាយ មិនបានផ្លាស់ប្តូរ កាន់តាមស្តេចទេ ។
*** ដូច្នេះទស្សនៈ ដែលថា សម័យស្តេចអង្គនេះ ខ្មែរយើង
កាន់ព្រហ្មញ្ញសាសនា ហើយសម័យស្តេចអង្គនោះ ខ្មែរយើង
កាន់ព្រះពុទ្ធសាសនា ជាទស្សនៈខ្វះខាត ព្រោះថា ប្រជាជន
មិនអាចងាករេ ភ្លាមៗ ម្តងកាន់នេះ ម្តងកាន់នោះ តាមស្តេច
បានឡើយ ។ រីឯស្តេចវិញទៀតសោត ក៏មិនមែនផ្លាស់ប្តូរ
ម្តងព្រហ្មញ្ញសាសនា ម្តងពុទ្ធសាសនាដែរ ... សូម្បីតែ
ព្រះបាទជ័យវរ្ម័នទី៧ ដែលមានជំនឿមុតមាំ លើពុទ្ធសាសនា
ក៏មិនអាចចោល ព្រហ្មញ្ញសាសនា ឬគម្ពីរត្រៃវេទ បានដែរ ។
------------------------------------------------------------------------
មុននឹងបន្តទៅទៀត ខ្ញុំសូមលើកយកទស្សនៈមួយចំនួន
ដែលខុសប៉ុន្តែស្តាប់មួយភ្លែត មិនបានពិចារណា ច្រឡំថាជា
ទស្សនៈត្រូវ ៖
✔ ចាប់ពីសម័យព្រះបាទត្រសក់ផ្អែម ខ្មែរយើងបាន
បោះបង់ ភាសាសំស្ក្រិត ហើយឈោងចាប់ភាសាបាលី ។
*** ប្រជាជនខ្មែរយើង មិនមានសិទ្ធ រៀនភាសាសំស្ក្រិត
តាំងតែពីដើមមក ... ជាការពិត ដែលព្រាហ្មណ៍ និងស្តេច
ដែលចេះភាសាសំស្ក្រិត ក៏ជាខ្មែរដែរ ត្បិតអីជាកូនកាត់ ជា
ច្រើនតំណមកហើយ ឈាមជ័រពិតប្រាកដ ជាឥណ្ឌា ឬជាជ្វា
នៅសល់តិចតួចណាស់ ប៉ុន្តែត្រូវមានតំណវង្សត្រកូល ជា
ស្តេច ឬជាព្រាហ្មណ៍ ផងដែរមុននឹងទទួលសិទ្ធ រៀនភាសា
សំស្ក្រិត និងសិក្សាគម្ពីត្រៃវេទ យល់ច្បាស់អំពី ព្រហ្មញ្ញ
សាសនា ។ ដោយការពិត វណ្ណៈព្រាហ្មណ៍ និងក្សត្រ នៅ
ស្រុកខ្មែរ ខុសគ្នាបន្តិច អំពីវណ្ណៈ នៅឥណ្ឌាត្រង់ថា ពួកគេ
ស៊ុំគ្រលំ អាចរៀបការឆ្លងវណ្ណៈគ្នាបាន ... គឺជា វណ្ណៈសក្តិភូមិ
ដែលគ្រប់គ្រងប្រព័ន្ធរដ្ឋបាល ដឹកនាំប្រទេស ។ ដូច្នេះហើយ
បានជា នៅពេលដែល រដ្ឋអំណាចអង្គរ ដួលរលំ ការចេះដឹង
ភាសាសំស្ក្រិត និងគម្ពីរត្រៃវេទ ត្រូវបាត់បង់ទាំងអស់តែម្តង
របៀបដូច ការបាត់បង់បញ្ញវន្តខ្មែរ សម័យខ្មែរក្រហម ។
......... ប៉ុន្តែ នៅក្នយងស្រទាប់ប្រជាពលរដ្ឋ នៅតែបន្តកាន់
ព្រះពុទ្ធសាសនាថេរវាទ ។
ទស្សនៈមួយទៀត ៖
✔ នៅសម័យអាណានិគម អក្សរសាស្ត្រខ្មែរ បានរត់ទៅ
ជ្រកកោន នៅតាមវត្តអារាម ។
*** ស្តាប់មួយភ្លែតដូចជាត្រូវ ប៉ុន្តែតាមការពិត ម្ចាស់ទស្សនៈ
មានចំណេះដឹងខ្វះខាតច្រើន ។ អក្សរសាស្ត្រខ្មែរ នៅជ្រក
កោន ឬដុះដាល ដោយសារវត្តអារាម តាំងតែពីដើមរៀងមក
ផ្ទុយទៅវិញ គឺសាលាបារាំង ដែលបានយកអក្សរសាស្ត្រខ្មែរ
មកបញ្ចូលក្នុងកម្មវិធីសិក្សា ជាមួយមុខវិជ្ជាផ្សេងទៀត ដែល
សិក្សាជាភាសាបារាំង ។
-----------------------------------------------------------------------
✔ ✔✔ មានរឿងមួយទៀត ដែលនិយាយអំពី
មហាវិទ្យាល័យ នៅសម័យអង្គរដែលមាននិស្សិត ដល់ទៅ
២០.០០០នាក់ ... ប្រាកដជាប្រវត្តិវិទូ បានរកឃើញនៅលើ
សិលាចារិកណាមួយមិនខាន មុននឹងហ៊ានអះអាងរបៀបនេះ
ប៉ុន្តែ ខ្ញុំគ្រាន់តែចង់លើកឡើងថា ម៉្យាងមហាវិទ្យាល័យនេះ
ជា មហាវិទ្យាល័យសាសនា សិក្សាគម្ពីរត្រៃវេទ ជាគោល
មុខវិជ្ជាផ្សេងទៀត គ្រាន់តែជាមែកធាង នៃការសិក្សា របៀប
ដូចមហាវិទ្យាល័យមូស្លីម Muslim University ដែលមាន
នៅប្រទេសអារ៉ាប់សព្វថ្ងៃ...និងម៉្យាងទៀត ចំណែកឯនិស្សិតវិញ ក៏សុទ្ធសឹងតែកូនចៅ ត្រកូលព្រាហ្មណ៍ និងស្តេច ដែល
បានកាន់ក្តាប់ នគរចំណុះ ឬ អាណាខេត្តផ្សេងៗ ។
-----------------------------------------------------------------------
✔ ✔✔ តើព្រះពុទ្ធសាសនា មានសារៈសំខាន់ដូចម្តេច
សម្រាប់សង្គមខ្មែរ ?
មានឧទាហរណ៍ជាក់ស្តែងពីរ ដែលយើងអាចលើកបាន ៖
ភូមិភាគពាយ័ព្យនៃកម្ពុជា ដែលកាលណោះ មាន
ខេត្តបាត់ដំបង សិរីសោភ័ណ សៀមរាប ស្មើនឹងទឹកដី
បច្ចុប្បន្ន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប
និង ព្រះវិហារ ស្ថិតនៅក្រោមការត្រួតត្រា របស់ថៃ ជិតពីរ
សតវត្សរ៍ ... ថៃបានបង្កើតសាលាថៃ ឲ្យកូនខ្មែររៀន (ចាស់ៗ
ដែលរស់នៅលើ ក្រោមអាណានិគមថៃ សព្វថ្ងៃអាយុលើស
៨០ឆ្នាំ សុទ្ធតែបានរៀនថៃទាំងអស់ ...ប៉ុន្តែ នៅតាមវត្តអារាម
ខ្មែរនៅតែបញ្ជូន កូនចៅទៅបួសរៀន សិក្សាបាលី ខ្មែរ ដែល
ធ្វើឲ្យ កូនខ្មែរបានរៀនអក្សរខ្មែរ ... លុះមកដល់ ឆ្នាំ១៩៥៣
ដែលខ្មែរយើងបានឯករាជ្យ ខ្មែរនៅបាត់ដំបង សៀមរាប នៅ
តែចាំចេះខ្មែរ មិនមានភ្លេចឡើយ ។ ប្រព័ន្ធសិក្សាទំនើបជាតិ
ក៏មានជំនួយអំពី ព្រះសង្ឃ ឬអស់លោកអាចារ្យ ដើម្បីកែលំអ
និងទ្រទ្រង់អក្សរសាស្ត្រជាតិ មានសម្តេចសង្ឃរាជ ជាដើម ។
រឿងទីពីរ គឺនៅលើទឹកដី កម្ពុជាក្រោមសព្វថ្ងៃ វត្តអារាម មាន
នាទីយ៉ាងសំខាន់ ក្នុងការអភិរក្ស វប្បធម៌ និង អក្សរសាស្ត្រ
ខ្មែរ ។
✔✔✔ ងាកត្រឡប់ថយ មករកក្រោយសម័យអង្គរយើង
វិញម្តងទៀត ... បន្ទាប់ពីបាន រងការវាយប្រហារ ផ្តាច់ឫស
ផ្តាច់គល់ អំពីទ័ពសៀម នៅពេលដែល ស្រទាប់វណ្ណៈ ក្សត្រ
និង ព្រាហ្មណ៍ ដែលជាបញ្ញវ័ន្ត ត្រូវបានសម្លាប់ផុតពូជ ឬ
ស្ទើរផុតពូជ ... ខ្មែរយើង មាននៅសល់អ្នកចេះដឹង មាន
ព្រះសង្ឃជាដើម តាមវត្តអារាមពុទ្ធសាសនា នៅរក្សាបាន
រចនាសម្ព័ន្ធសង្គមខ្មែរ អាចជួយទ្រទ្រង់អក្សរសាស្ត្រជាតិ និង
វប្បធម៌ជាតិ រហូតដល់សព្វថ្ងៃ ។
✔✔✔ វត្តអារាម ធ្លាប់ជាកន្លែងបណ្តុះបណ្តាលសាសនា
វប្បធម៌ អក្សរសាស្ត្រជាតិ នៅក្នុងយុគសម័យមួយ ដែល
ព្រហ្មញ្ញសាសនា និង ភាសាសំស្ក្រិត ជាកម្មសិទ្ធផ្តាច់មុខ
នៃ ស្រទាប់វណ្ណៈដឹកនាំ ។ ព្រះពុទ្ធសាសនា និង វត្តអារាម
បានជួយរក្សា សង្គមខ្មែរឲ្យបានគង់វង្ស បន្ទាប់ពីការផុតរលត់
នៃស្រទាប់បញ្ញវ័ន្តខ្មែរ ដែលមានការចេះដឹងផ្នែក ភាសា
សំស្ក្រិត ។ នៅក្នុងសម័យបុរាណ វត្តអារាម ជាមន្ទីពេទ្យ
ព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជាសាលាសិប្បកម្ម ដែលកូន
ខ្មែររៀនជាងឈើ និងជំនាញផ្សេងៗទៀត ។ វត្តអារាម ជាទី
កន្លែង សម្រាប់ឲ្យប្រជាជន ជួបជុំគ្នា ទោះជាពេលបុណ្យទាន
សប្បាយ ឬ ពេលកើតទុក្ខ (ដូចជាបុណ្យសព) .....
. ..................... ៘ និង ៘
-----------------------------------------------------------------------
**** សម័យកាលបានផ្លាស់ប្តូរ ដូច្នេះជាការពិត ដែល
ព្រះពុទ្ធសាសនា និង សង្គមខ្មែរ បច្ចុប្បន្ន បានផ្លាស់ប្តូរ
រូបភាពដែរ ។


EmoticonEmoticon