វត្តឧណ្ណាលោម ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់

វត្តឧណ្ណាលោម ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់

វត្តឧណ្ណាលោម គឺជាវត្តមួយក្នុងចំណោមវត្តទាំងប្រាំមួយ (វត្តកោះ, វត្ត លង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, និង វត្ត ឧណ្ណាលោម) ដែលកសាងឡើងក្នុងរជ្ជកាលព្រះបរមរាជាពញាយ៉ាត នា ពុទ្ធសករាជ ១៩៧៨ ត្រូវនឹងគ្រឹស្តរាជ ១៤៣៤…។ នៅ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ទីអារាមវត្តឧណ្ណាលោម ក៍ដូចជាទីអារាមទាំងអស់ក្នុង ទូទាំងប្រទេសដែរ គឺត្រូវបានទុកចោល ឬប្រែក្លាយទៅមន្ទីរ ឃុំឃាំង តែម្តង។ 



 
កាលពីមុន ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់មួយនេះ គឺធ្លាប់​ស្ថិត​ក្រោម ស្ថិត នៅក្រោមព្រះរាជកិច្ចដឹកនាំ គ្រប់គ្រងដោយ សម្តេច​ព្រះសង្ឃរាជ ជួន ណាត និងបន្ទាប់មកគឺ សម្តេចព្រះសុមេធាធិបតី ហួត តាត។ ក្រៅពីសម្តេចព្រះសង្ឃរាជ ជួន ណាត និង ហួត តាត ដែលជា​កំពូល​អ្នកប្រាជ្ញខាងអក្សរសាស្រ្តជាតិ និងមានចំណេះច្រើនភាសា កម្រ​មានព្រះភិក្ខុសង្ឃជំនាន់ក្រោយៗយើងនេះប្រៀបផ្ទឹមបាន ទីអារាម​នេះ​ក៏ជាថ្នាលបណ្តុះនូវបុព្វជិតឲ្យក្លាយជាអ្នកប្រាជ្ញអក្សរសាស្រ្តជាតិជា​ច្រើនអង្គផ្សេងទៀតដែរ ដូចជាព្រះភិក្ខុ ប៉ាង ខាត់, ព្រះគ្រូ សូរ ហាយ, ព្រះភិក្ខុ ខៀវ ជុំ ជាដើម។ បច្ចុប្បន្ន ទីអារាមប្រវត្តិសាស្រ្ត​ដ៏មាន​វ័យ​ចំណាស់​មួយនេះ គឺស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ គ្រប់គ្រង​​ដោយ​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃគណៈ​មហានិកាយ​នៃព្រះរាជាណាចក្រកម្ពុជា។
ពីដើមនៅកន្លែងវត្តឧណ្ណាលោម វាជាទួលមួយខ្ពស់ហើយមើលឃើញ រាជធានីភ្នំពេញច្បាស់ ព្រោះនៅក្នុងសម័យ​នោះវាជា​តំបន់ទឹកព័ទ្ធ​ជុំវិញ​ហើយវាលព្រៃរបោះៗ។ ពីដើម វត្តខ្ពបតាយ៉ង ហៅវត្តបទុមវតី ខ្មែរយើង​កសាងអំពីឈើប្រកក្បឿង និងស្លឹកតូចៗ ដូចគ្នានឹង​វត្តឧណ្ណា​លោម​អញ្ចឹង​​ដែរ។ ប៉ុន្តែសម័យក្រោយមកខ្មែរយើងបានកសាងវត្តអារាមធ្វើអំពី​បេតុងធំ​ហើយខ្ពស់ៗដូចសព្វថ្ងៃ។
តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា ឧណ្ណា​លោម មានន័យថា រោមប្រជុំចិញ្វើម។ ហើយបើតាម​ព្រះ​តេជ​គុណ​​មួយ​អង្គដែលគង់នៅទីវត្តឧណ្ណាលោម បានមាន​សង្ឃដី​កា​ថា នៅក្នុងវត្តនេះ​មានចេតិយមួយសល់តាំងពីសម័យបុរាណមកម្ល៉េះ ហើយចេតិយនោះ​មានឈ្មោះថា “ព្រះចេតិយឧណ្ណាលោម” ដែលជាកន្លែងទុកនូវ រោម​ចិញ្ចើម ១ សរសៃវែង.ស.ឆ្មា នៃព្រះបច្ចេកពុទ្ធ ១ អង្គ (ព្រះ​បច្ចេកពុទ្ធ គឺត្រាស់ដឹង និងចូលនិព្វាន តែមិនអាច​ប្រោសប្រៀន​ប្រដៅ​សត្វលោក​បានទេ គឺបានសម្រេចផលតែអង្គឯង) គឺមិនមែនរោមចិញ្ចើមនៃ ព្រះ​សម្មាសម្ពុទ្ធសមណគោតម នោះទេ ។ ហើយបើតាមឯកសារ​មួយ​បានបញ្ជាក់ថា ព្រះចេតិយឧណ្ណាលោម នោះ ការពិតទៅគឺជាប្រាសាទ​បុរាណមួយឈ្មោះថា “ប្រាសាទពោធិលោម” ដែលបានកសាងឡើង​តាំង​ពីសតវត្សទី១១ មកម្ល៉េះ គឺមុនពេលដែល​ព្រះបរមរាជា​ពញា​យ៉ាត កសាងវត្តឧណ្ណាលោមនេះឡើង ហើយឈ្មោះរបស់វត្តនេះដែរ គឺគេបាន​ដាក់​ឈ្មោះតាម ព្រះចេតិយឧណ្ណាលោម នោះតែម្ដង។

 
នៅលើកក្រោយយើងខ្ញុំនឹងធ្វើការបង្ហាញជូននូវពត៌មានលម្អិតបន្ថែមទៀតអំពី ប្រាសាទពោធិលោម ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោម​មួយ​នេះ ព្រមទាំងសំណង់បុរាណសំខាន់ៗមួយចំនួនទៀត ដូចជា ចេតិយ​របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងរូបសំណាក​ព្រះគម្លង់​ជាដើម​ មកចែករំលែកជូនបងប្អូនទាំងអស់គ្នាមិនខាន។


EmoticonEmoticon